ភាពរង្គោះរង្គើរនៃសម្ព័ន្ធភាពរាប់សិបឆ្នាំរវាងអាមេរិក និងហ្វីលីពីននារយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយផ្តើមចេញពីរដ្ឋបាលថ្មីហ្វីលីពីននោះ មិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បោះបង់កិច្ចសហប្រតិបត្តិការជិតសិ្នទ្ធជាមួយនឹងរដ្ឋាភិបាលក្រុងម៉ានីលឡើយ។ ក្រុងវ៉ាស៊ីនតោន នៅតែបន្តការប្តេជ្ញាចិត្ត និងជួយជ្រោមជ្រែងរដ្ឋាភិបាលក្រុងម៉ានីល ដែលជារាប់បញ្ចូលទាំងស្ថានភាពអាសន្នណាមួយដែលហ្វីលីពីន អាចប្រឈម បើទោះបីជា ក្រុងម៉ានីល ចង់ចែកផ្លូវជាមួយខ្លួនក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Kerry បានថ្លែងថា អាមេរិក នៅតែបន្តការផ្តល់តម្លៃខ្ពស់លើទំនាក់ទំនងជិតស្និទ្ធ ដែលអាមេរិក និងហ្វីលីពីនបានសាងកន្លងមក ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងហ្វីលីពីនក្នុងការកសាងសន្តិភាព និងស្ថិរភាព និងលើកកម្ពស់ភាពរុងរឿងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតអាមេរិករូបនោះ បានធ្វើឡើងនាឱកាសនៃការស្បថចូលកាន់តំណែងអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំហ្វីលីពីននៅក្រសួងការបរទេសអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញនេះ។

Loading...

នៅចំពោះបេសជនជាន់ខ្ពស់ការបរទេសជាច្រើនរូបនោះលោក Jonh Kerry ក៏បានបញ្ជាក់ជាថ្មីពីគោលនយោបាយការបរទេសមិនប្រែប្រួលរបស់អាមេរិកទៅកាន់ហ្វីលីពីនយ៉ាងដូច្នេះថា «យើងនៅបន្តទទួលស្គាល់ពីការប្តេជ្ញាចិត្តដែលមិនអាចបំបែកបំបាក់បានរបស់យើងចំពោះអធិតេយ្យ ឯករាជ្យ និងសន្តិសុខរបស់ហ្វីលីពីន»។

ជាងនេះទៅទៀតនោះ លោកប្រមុខការទូតរូបនោះ បានបញ្ជាក់ផងដែរថា អាមេរិក នៅបន្តជួយប្រជាជនហ្វីលីពីននៅក្នុងហេតុការណ៍គ្រោះធម្មជាតិបន្ទាន់ផ្សេងៗដែលកើតមាននាពេលខាងមុខនោះ។ លោក និយាយបែបនេះ ក៏ព្រោះតែ ហ្វីលីពីន តែងតែរងការប្រវាយដោយគ្រោះធម្មជាតិ ជាពិសេសនោះ ព្យុះទីហ្វុងរៀងរាល់ឆ្នាំ ដោយបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជិវិតប្រជាជនហ្វីលីពីនជាច្រើនផងដែរ។

នាឱកាសដដែលនោះ លោក Kerry ក៏បានរម្លឹកពីកិច្ចប្រឹងប្រែង និងការប្រកៀកស្មាគ្នារវាងអាមេរិក និងហ្វីលីពីនឆ្លងកាត់ឧបសគ្គតាំងពីមុនពេលដែលហ្វីលីពីនទទួលបានឯករាជ្យ ដែលទាហានប្រទេសទាំងពីរ បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងទ័ពព្រៃ និងសង្គ្រាមបង្ហូរឈាមផងដែរ។

សូមជម្រាបផងដែរ ក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែរនីណូ អាហ្គីណូ ដែលជាអ្នកកាត់ចង្កូតនាវាហ្វីលីពីនពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦កន្លងទៅថ្មីៗនោះ ទំនាក់ទំនងហ្វីលីពីន-អាមេរិក បានមានស្អិតល្មួតនឹងគ្នាយ៉ាងខ្លាំង ដែលគេតែងហៅថា «សម្ព័ន្ធមិត្តចាក់ទឹកមិនលិច»នោះឯង។

តែគួរឲ្យភ្ញាក់ផ្អើលនោះ ទំនាក់ទំនងស្អិតល្មួតដែលសន្សំទុកអស់រយៈពេលជាង៧ទសវត្សរ៍រវាងប្រទេសទាំងពីរ ស្រាប់តែធ្លាក់ចុះស្ទើរតែដល់កម្រិតសូន្យ ដោយសារតែការរិះគន់របស់ក្រុងវ៉ាស៊ីនតោនលើបញ្ហាសិទ្ធិមនុស្ស ជាពិសេសនោះ យុទ្ធនាការណ៍បង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌើទើតេ។ លោកប្រធានាធិបតី ឌើទើតេ បានកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនទី១៦ជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា។

ក្រោមរដ្ឋបាលរបស់លោក ឌើទើតេ មានអ្នកញៀនថ្នាំ និងអ្នកពាក់ព័ន្ធគ្រឿងញៀន ប្រមាណជាងបីពាន់នាក់ ត្រូវបានសម្លាប់ទាំងក្នុងប្រតិបត្តិការប៉ូលិស និងការសហការក្រៅប្រព័ន្ធតុលាការ ដែលចំណាត់នេះ បានរងការរិះគន់ងមិនត្រឹមតែពីអាមេរិកនោះទេ តែពីអង្គការសហប្រជាជាតិ និងស្ថាប័នធំៗផ្សេងទៀតផងដែរ។ តែតបនឹងការរិះគន់នេះ លោកប្រធានាធិបតី ឌើទើតេ បានព្រមានបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយនឹងអាមេរិក និងថែមទាំងជេរប្រមាថលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាទៀតផង។

ចុងក្រោយនេះ ក្នុងពេលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងក្រុងប៉េកាំងនៅចុងខែតុលាកន្លងទៅ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានប្រកាសចាកចេញពីទំនាក់ទំនងវិស័យការពារជាតិ និងសេដ្ឋកិច្ចពីអាមេរិកជាផ្លូវការ ។ លោកប្រធានាធិបតីរូបនោះ ថែមទាំងប្រកាសជំហរទៅរកចិន និងរុស្ស៊ី ដែលលោក អះអាងថា «បីប្រទេសរុស្ស៊ី ចិន និងហ្វីលីពីន ប្រឆាំងពិភពលោក»ទៀតផង។ ការប្រកាសបែបនេះ ដោយលោកប្រធានាធិបតី អះអាងថា មិនចង់ធ្វើអ្វីដែលតាមតែការចង្អុលបង្ហាញរបស់អាមេរិកដូចរដ្ឋាភិបាលមុនៗ ពោលគឺ ហ្វីលីពីន ចង់មានគោលនយោបាយការបរទេសមួយដោយឯករាជ្យរបស់ខ្លួន៕

ប្រភព៖ ថ្មីៗ