លោក សេង ប៊ុនសុង ដែលត្រូវបានទទួលស្គាល់ថាជាអ្នកគុននិយមមានបទពិសោធច្រើនតាមរយៈការប្រកួតកីឡាប្រយុទ្ធតាំងពីកុមារភាពពិសេសផ្នែកប្រដាល់សេរីដ៏ឆ្នើមមួយរូបក្នុងទសវត្សរ៍ ១៩៨០ នៅព្រំដែនកម្ពុជា-ថៃ ហើយដែលបច្ចុប្បន្នជាសាស្ត្រាចារ្យក្បាច់គុនចម្រុះ និងកីឡាហាប់គីដូ ៩ ដាន់នៅរដ្ឋញូវយ៉កសហរដ្ឋអាមេរិកនោះបានលើកឡើងពីកត្តាមួយចំនួនទាក់ទងទៅនឹងការអភិវឌ្ឍផ្នែកកីឡាឲ្យមានការរីកចម្រើនឡើងពិសេសក្បាច់គុនកម្រិតកំពូល។

អ្នកនិយមក្បាច់គុនដែលបានសិក្សាជ្រៅជ្រះពិតប្រាកដរហូតក្លាយខ្លួនទៅជាអ្នកមានចិត្តស្ងប់មិនកាចសាហាវរូបនេះបានអះអាងថា៖ «ក្បាច់គុនរបស់មនុស្សជាតិលើពិភពលោកគឺមានប្រភពចេញពីកាយវិការរបស់សត្វ ឬត្រាប់តាមសត្វហើយបើយើងសិក្សាឲ្យលម្អិតពីព្រះធម៌ និងច្បាប់ធម្មជាតិគឺមានកើតចាស់ឈឺស្លាប់ ឬមានន័យថាជីវិតគឺជាការផ្គុំឡើង និងបែកធ្លាយទៅវិញនៅក្នុងរង្វង់ធាតុ ៤ គឺ ដី ទឹក ភ្លើង ខ្យល់»។

ជាមួយនឹងការវិវឌ្ឍខ្លួនឲ្យរីកចម្រើនតាមរយៈការសិក្សាអំពីក្បាច់គុន និងព្រះធម៌បែបពុទ្ធនិយមលោក សេង ប៊ុនសុង មិនគ្រាន់តែមិនធ្លាប់បានយកវិជ្ជាគុនទៅប្រើប្រាស់ខុសពីក្រមសីលធម៌ ឬ ផ្លូវទុច្ចរិតប៉ុណ្ណោះទេប៉ុន្តែផ្ទុយទៅវិញលោកតែងប្រកាន់យកធម៌សង្គ្រោះជាធំដោយអនុវត្តតាមមាគ៌ាស្លូតបូតមានសុជីវធម៌ និងគោរពមនុស្សទូទៅ។

ទាក់ទឹននឹងជោគជ័យ និងបទពិសោធក្នុងផ្នែកលើកស្ទួយសុខភាពនេះលោកបានចូលរួមចែករំលែកបទពិសោធខ្លះៗដល់អ្នកជំនាន់ក្រោយតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ដោយបានលើកឡើងថា៖ «បើនិយាយពីផ្លូវលោកិយវិញដើម្បីអភិវឌ្ឍមនុស្សជាតិឲ្យមានភាពរីកចម្រើនល្អគប្បីមានកត្តា ៣ សំខាន់គឺមាន ផ្លូវ មានភ្លើង និងមានទឹកគឺស្រដៀងគ្នាទៅនឹងការហាត់ក្បាច់គុនដើម្បីសុខភាពដើម្បីអាជីពដើម្បីការពារខ្លួន ឬប្រកួតប្រជែងយករង្វាន់ផងដែរគឺវាស្ថិតនៅតែក្នុងរង្វង់ដូចទ្រឹស្តីសកលរបស់ព្រះពុទ្ធដែលត្រូវមានធាតុ ៤ ជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់គឺ ដី ទឹក ភ្លើង ខ្យល់ នេះឯង។

លោកសាស្ត្រាចារ្យក្បាច់គុនរូបនេះបានពន្យល់ថា៖ «ទី ១ ធាតុដីមានន័យក្នុងក្បាច់គុនគឺជាជំហរតាំងខ្លួនឲ្យហ្នឹងរឹងមាំដោយប្រើជំហរនៅលើដីហៅថាធាតុដី ទី ២ ចលនាកាយវិការបត់បែនដៃជើងខ្លួនប្រាណក្បាលរាងកាយហៅថាធាតុទឹកទី ៣ ល្បឿននៃចលនាកាយវិការព្រមទាំងការផ្លាស់ទីតាំងហៅថាធាតុខ្យល់ និងទី ៤ កម្លាំងប៉ះទង្គិចគឺជាថាមពលដែលហៅថាធាតុភ្លើង»។

លោកបានបន្តថាការស្វែងយល់ដឹងពីរូបកាយដែលផ្គុំជាធាតុដូចខាងលើបែបនេះទើបគេហៅថាយល់ដឹងពីរាងកាយសុខភាព និងក្បាច់គុនគឺដូចគ្នាទៅនឹងទ្រឹស្តីរបស់ព្រះពុទ្ធដែលជាទស្សនៈទូលំទូលាយសម្រាប់មនុស្សជាតិផ្នែកគុណធម៌ក្នុងនោះក៏រាប់បញ្ចូលទាំងការធ្វើសមាធិដែលជាមូលដ្ឋានគ្រឹះមួយក្នុងវិស័យកីឡាផងដែរ។

ក្រៅពីជាសាស្ត្រាចារ្យក្បាច់គុន លោក សេង ប៊ុនសុង ដែលបច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំក៏ជាអ្នកជំនាញក្បាច់គុនប្រភេទប្រយុទ្ធហាប់គីដូខ្សែក្រវាត់ខ្មៅចំនួន ៩ ដាន់នៅសហរដ្ឋអាមេរិកផងដែរហើយពេលនេះលោកកំពុងស្រាវជ្រាវចងក្រងទ្រឹស្តី និងក្បាច់គុនប្រភេទនេះខណៈលោក សាន គឹមស៊ាន ជាសិស្សច្បង និងជាអ្នកស្រាវជ្រាវក្បាច់គុនម្នាក់ទៀតនៅកម្ពុជាដែលមានខ្សែក្រវាត់ខ្មៅហាប់គីដូ ១០ ដាន់ក៏សុទ្ធតែមានស្នាដៃក្នុងការស្រាវជ្រាវផ្នែកកីឡាដូចគ្នាផងដែរ។

6-who

លោក សេង ប៊ុនសុង មានស្រុកកំណើតនៅភូមិឫស្សីជ្រោយ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាលជាអ្នកនិយមហ្វឹកហាត់កីឡាក្បាច់គុនតាំងពីកុមារភាពមកម្ល៉េះ។ លោកបានមានប្រសាសន៍ថាក្រោយឆ្នាំ ១៩៧៩ លោកបានភៀសខ្លួនទៅនៅជំរំជិតប្រទេសថៃ និងបានប្រកបមុខរបរហាត់គុនកីឡាច្រើនប្រភេទរួមមាន កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ និងប្រដាល់សេរីដោយឡើងប្រកួតយកប្រាក់ចិញ្ចឹមជីវិតនៅប្រទេសថៃ។ នៅក្នុងអំឡុងឆ្នាំ ១៩៨០ ដល់ ១៩៨៤ លោកហាត់ប្រដាល់សេរីឡើងប្រកួតជាមួយកីឡាករលំដាប់ខ្លាំងរបស់ថៃតែការប្រកួតលើកដំបូងរបស់លោកគឺជាមួយកីឡាករខ្មែរដូចគ្នាក្នុងអាជីពដោយឈ្នះគូប្រកួតគឺ លោក ទឹម ម៉ៃទី គ្រូគុនក្លិបស៊ីម៉ាក់។ លោក សេង ប៊ុនសុង បញ្ជាក់ថា៖ ក្នុងព្រឹត្តិការណ៍ប្រកួតធំៗនៅប្រទេសថៃជាយព្រំដែនជាមួយកីឡាករថៃលោកប្រកួតបាន ១៨ លើក ចាញ់តែម្តងគត់ហើយភាគច្រើនផ្តួលដៃគូឲ្យសន្លប់មិនឲ្យឆ្លងចូលដល់ទឹកទី ៥ ទាន់ឡើយ។ លោកបានបញ្ជាក់ដែរថា៖ «ឈ្មោះដែលគេស្គាល់ល្បីក្នុងជំនាន់នោះគឺ ហាវអៀវពៅ»។ ដោយលោកមានទេពកោសល្យល្អ ក្រុមកីឡាប្រយុទ្ធអន្តរជាតិ MMA បានជ្រើសរើសលោកទៅប្រកួតនៅ ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសមិនមែនកុម្មុយនីស្ដ និងប្រទេសជាច្រើនទៀតមុននឹងទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក។

ក្រោយពីទទួលសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកលោក សេង ប៊ុនសុង ក៏បានភរិយាជាជនជាតិខ្មែរដូចគ្នានៅទីនោះ និងមានកូន ៣ នាក់ជាចំណងដៃក្នុងនោះមានប្រុសម្នាក់។ សព្វថ្ងៃកូនៗមានរបររៀងៗខ្លួនអស់ហើយប៉ុន្តែកូនប្រុសមាននិស្ស័យជាអ្នកកីឡាដូចលោកដែរតែគេក៏មានមុខងារក៏ជាប៉ូលិសនៅសហរដ្ឋអាមេរិកផងដែរ។

ដោយសារជំនាញក្បាច់គុននេះស្ថានភាពជីវភាពរស់នៅសហរដ្ឋអាមេរិកលោកត្រូវបានសាលាគុនជាច្រើនផ្នែកហាប់គីដូអញ្ជើញទៅបង្ហាត់ក្បាច់គុន និងចូលរួមក្នុងអង្គសិក្ខាសាលាកីឡាហាប់គីដូក្នុងឋានៈជាគ្រូធំ (គ្រីនម៉ាស្ទរ័) និងជាបន្តបន្ទាប់បានក្លាយជាសាស្ត្រាចារ្យក្បាច់គុនដ៏ឆ្នើមមួយរូបដោយមានការទទួលស្គាល់ទូលំទូលាយ និងមានកូនសិស្សជាច្រើននាក់។

នៅឆ្នាំ ២០០១ ដោយសារតែចង់លើកស្ទួយវិស័យកីឡាលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនមកបើកសិក្ខាសាលានៅប្រទេសកម្ពុជានៅក្លិបបក្សីចាំក្រុងដែលមានលោក ណាំង រ៉ាវុធ ជាប្រធាន។ បន្ទាប់មកទៀតកាលពីខែតុលាឆ្នាំ ២០១៦ ថ្មីៗនេះលោកបានមកបើកសិក្ខាសាលាម្តងទៀតនៅខេត្តបាត់ដំបង និងពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញដោយមានលោក វ៉ាត់ ចំរើន និងសហការីជួយលើកទឹកចិត្តផងដែរ។

លោកបានបង្ហាញនូវទស្សនវិស័យផ្នែកកីឡានាពេលខាងមុខថាមនុស្សសំខាន់ៗក្នុងកីឡាមួយចំនួនទាំងចាស់ទាំងក្មេងជំនាន់ក្រោយគួរគប្បីរួបរួមគ្នាដើម្បីជួយកីឡាជាតិឲ្យរីកចម្រើន។ លោកបានរំឭកដែរថាកាលពីឆ្នាំ ២០០១ សិស្សគុនដែលល្អរបស់គាត់គឺលោក វ៉ាត់ ចំរើន ប៉ុន្តែពេលនេះបានក្លាយជាអ្នកដឹកនាំឆ្នើមក្នុងកីឡា។ ជាមួយនឹងការចែករំលែកបទពិសោធត្រួសៗនេះលោក សេង ប៊ុនសុង ក៏បានកោតសរសើរដល់អ្នកឆ្នើមជាច្រើនផងដែរដូចជាលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលព្យាយាមតស៊ូលះបង់ពេលវេលាចងក្រងក្បាច់គុនល្បុក្កតោឲ្យមានសកម្មភាពរស់ឡើងវិញដែលជាតំណាងក្បាច់គុនខ្មែរនៅលើពិភពលោក។ ក្រៅពីនោះមានលោកព្រឹទ្ធាចារ្យ ហុក ឈាងគីម,លោក ផែន ផាត,លោក អ៊ាត គឹមហេង,លោក កែវ ថុន,លោកស្រី មាសខេង ដែលជាអ្នកមានស្នាដៃល្អក្នុងកីឡាគួរតែមានកម្មវិធីផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។

ភាពអស្ចារ្យរបស់លោក សេង ប៊ុនសុង គឺជំនាញក្បាច់គុននេះបាននាំឲ្យលោកកសាងជីវិតស្រស់បំព្រងលើទឹកដីអាមេរិកហើយគិតមកទល់ពេលនេះលោកនៅតែស្រាវជ្រាវអំពីក្បាច់គុនចងក្រងឯកសារដើម្បីចូលរួមចំណែកជូនជាតិនៅពេលលោកចូលនិវត្តន៍។ លោកបានផ្តល់ជាគំនិតល្អៗថា៖ បច្ចុប្បន្នវិទ្យាសាស្ត្រទំនើបចំណែកឯក្បាច់គុនក៏ត្រូវតែប្រែប្រួលទៅតាមសង្គមមនុស្សដែរ។ លោកបានបញ្ជាក់ថាសូម្បីតែកីឡាអូឡាំពិកអន្តរជាតិទំនើបក៏គេផ្តោតទៅលើការអប់រំ និងបណ្តុះបណ្តាលជំនាញដែរគឺមិនមែនយកចាញ់ឈ្នះនាំឲ្យមានគ្រោះថ្នាក់ទេហេតុនេះកីឡាក្នុងអូឡាំពិកបានកាត់បន្ថយអស់នូវការប្រកួតដែលបណ្តាលនាំឲ្យមានគ្រោះថ្នាក់ និងឧបសគ្គ។

លោក វ៉ាត់ ចំរើន អ្នកជំនាញច្បាប់កីឡាដែលបច្ចុប្បន្នជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគាំទ្រ និងចង់បានធនធានមនុស្សដូចលោក សេង ប៊ុនសុង ដើម្បីជួយវិស័យកីឡាជាតិហើយតាមទស្សនៈរបស់លោកនឹងអំពាវនាវរកព្រឹទ្ធាចារ្យកីឡាជើងចាស់មួយចំនួនមកផ្តល់យោបល់សម្រាប់ការរីកចម្រើនផ្នែកកីឡា៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍