ក្រុងតូក្យូ: របាយការណ៍ចេញផ្សាយដោយមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ដ្រក្រុងតូក្យូ ក្នុងសង្កាត់ស៊ីជូគុ

បានបង្ហាញថា អ្នកជំងឺម្នាក់ឆេះរលាកស្ទើរសព្វកាយក្រោយពីបញ្ចេញឧស្ម័នធម្មជាតិអំឡុងពេលវះកាត់ឡាស៊ែរ។

ឧប្បត្ដិហេតុនេះបានកើតឡើងកាលពីខែឧសភាកន្លងទៅ តែទើបបានចុះផ្សាយនៅសារព័ត៌មាននានាក្រោយពីក្រុមអ្នកជំនាញបានតាមដានលើការស៊ើបអង្កេតហ្មត់ចត់មួយ និងបានសន្និដ្ឋានថា វាទំនងជាបានកើតឡើងដោយខ្យល់ផោមរបស់អ្នកជំងឺ ដែលមានប្រតិកម្មនឹងឡាស៊ែរវះកាត់។

អ្នកជំងឺអនាមិក ជាស្ដ្រីវ័យខ្ទង់ ៣០ ឆ្នាំ កំពុងតែទទួលការវះកាត់កស្បូនរបស់នាង នៅពេលឧស្ម័នធម្មជាតិភាយឡើង ក៏បង្កជាភ្លើងឆាបឆេះជាមួយពន្លឺឡាស៊ែរ។ របាយការណ៍របស់ក្រុមអ្នកជំនាញ បានបង្ហាញថា៖ «នៅពេលខ្យល់ផោមរបស់អ្នកជំងឺភាយឡើងក្នុងបន្ទប់វះកាត់ វាប្រតិកម្មជាមួយពន្លឺឡាស៊ែរបង្កជាអគ្គីភ័យឆាបឆេះ»។

ប្រភពដដែលបានបន្ដទៀតថា៖ «ជាអកុសល ស្ដ្រីរងគ្រោះបានស្រែករោទ៍ដូចគោ ក្រោយពីនាងរលាកស្ទើរពេញរាងកាយ រួមទាំង ចង្កេះ និងជើងផងដែរ»។

របាយការណ៍ដែលចុះផ្សាយដោយមន្ទីរពេទ្យក្រុងតូក្យូ កាលពីថ្ងៃទី ២៨ ខែតុលា ក៏បានបញ្ជាក់ថា គ្មានសម្ភារណាបង្កឲ្យឆាបឆេះនៅក្នុងបន្ទប់វះកាត់ឡើយនាពេលវះកាត់នោះ ហើយសម្ភារវះកាត់ទាំងអស់មានដំណើរការដូចប្រក្រតី។

ដូច្នេះ លើកក្រោយ លោកអ្នកនឹងដឹងថា គួរតែកុំទទួលទានសណ្ដែកប៊ឺរីតូ មុនពេលទទួលការវះកាត់ឡាស៊ែរដើម្បីសុវត្ថិភាព។ ការពារប្រសើរជាងព្យាបាល៕ ដកស្រង់ពី៖ postkhmer