ភ្នំពេញ៖ នគរបាលជាតិនឹងបង្ហាញមុខចោរ តាមប្រព័ន្ធសង្គមហ្វេសប៊ុក ក្នុងគោលបំណងប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងរាយការណ៍ព័ត៌មានឲ្យសមត្ថកិច្ច ក្នុងឱកាសពិធីបុណ្យអុំទូក ខាងមុខ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមគេហទំព័រនគរបាល អគ្គស្នងការរងនគរបាលជាតិលោក ទូច ណារ៉ុថ បានឲ្យដឹងថា នគរបាលនឹងប្រើប្រាស់ហេ្វសប៊ុក ក្នុងគោលបំណងឲ្យពលរដ្ឋសហការផ្តល់ព័ត៌មាន បទល្មើសឲ្យសមត្ថកិច្ច។ លោកប្រាប់អ្នកសារព័ត៌មានបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូក នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

តាមឧត្តមសេនីយ៍ឯករូបនេះ កម្លាំងចម្រុះសរុបជាង ១ម៉ឺននាក់ ត្រៀមពង្រាយការពារសន្តិសុខបុណ្យអុំទូក។ កម្លាំងទាំងនោះ មាន នគរបាលជាតិចំនួន ៥.០២៨នាក់ អង្គរក្សចំនួន ២.១២៧នាក់ កងរាជអាវុធហត្ថចំនួន១.១៨០នាក់ កងទ័ពជើងទឹក៣៥០នាក់ នាយកដ្ឋានពិសេសនៃ គ.ជ.ប.ភ ចំនួន១២៨នាក់ ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃចំនួន ៣៦នាក់ យោធាចំនួន ១០០នាក់ និងក្រសួងសុខាភិបាលចំនួន ៣៨៣នាក់។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ៕ ដកស្រង់ពី៖ ថ្មីៗ