ភ្នំពេញ: តួឯកស្រីក្នុងរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» កញ្ញា ម៉ាក់ សែនសូនីតា បានសារភាពថា ខ្លួនពិតជាបានហៅ លោកអេតវីនថា ហាន់នីពេញៗមាត់ និងមានទំនាក់ទំនង ពិសេសពិតមែន។ កញ្ញាបានសារភាពបែបនេះ នៅពេលដែលកញ្ញា បានចូលរួមក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន។

ក្នុងពេលដែលតារា សម្ដែងសំខាន់ៗ ក្នុងរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» បានមានវត្តមាន ជាតារាកិត្តិយស ក្នុងកម្មវិធីស៊ីអារម្មណ៍ ដែលជាកម្មវិធី កំពុងមានប្រជាប្រិយមួយ របស់ទូរទស្សន៍ PNN តារាសម្ដែងរាងតូចច្រឡឹង កញ្ញា ម៉ាក់ សែនសូនីតា (តូតា) បានធ្លោយមាត់ហៅលោក យិត មាសឧស្សាហ៍ (អេដវីន) តួឯកប្រុស ក្នុងរឿងភាគជាមួយគ្នាថា ហាន់នីៗ ទៀតផង។

រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ដែលកំពុងចាក់ផ្សាយ នៅរៀងរាល់ថ្ងៃច័ន្ទ ដល់ ពុធ វេលាម៉ោង៨យប់ គឺកំពុងតែទទួលបាន ការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ អ្នកទស្សនា ។ កម្មវិធី «ស៊ីអារម្មណ៍» បានអញ្ជើញតួអង្គ លេចធ្លោរ ៤រូប តំណាងឱ្យខ្សែភាពយន្តនេះ ដើម្បីមកជជែកកម្សាន្ត និងចែករំលែកបទពិសោធន៍ ក្នុងការសម្ដែង ប៉ុន្តែអ្វីដែលនឹងធ្វើឱ្យប្រិយមិត្ត កាន់តែចាប់អារម្មណ៍ទ្វេដងនោះ គឺពាក្យហាន់នីៗ ដែលតួអង្គឯកទាំងពីរ បានហៅគ្នា នៅក្នុងបទសម្ភាសន៍ ជាមួយនឹងពិធីករ ក្នុងកម្មវិធីទៅវិញទេ។

ជាពិសេសទៅទៀតនោះ តួឯកប្រុស លោក អេដវីន ក៏ហាក់ដូចជាមិនបានបដិសេធដែរ នៅពេលដែលពិធីករ ជជីកសួរពីទំនាក់ទំនងក្រៅ ឆាករបស់អ្នកទាំងពីរ។ ក្រៅពីតារាប្រុសស្រីទាំងពីរ អ្នកនាង គ្រត និង កញ្ញា ទឹម រដ្ឋា ក៏មានវត្តមាន នៅក្នុងកម្មវិធីនោះផងដែរ។ ម្យ៉ាងទៀត ប្រិយមិត្ត នឹងបានសើចសប្បាយ ជាមួយនឹងរឿងរ៉ាវក្រៅឆាក ដែលតារាទាំង៤រូប បានយកមកចែករំលែក ក្នុងកម្មវិធី។

បើតាមការឱ្យដឹង ពីអ្នកដឹកនាំកម្មវិធី អ្នកនាង លួង ភីរ៉ូនីកា បាននិយាយថា ៖ “ ប្រិយមិត្តដែលជា អ្នកគាំទ្រកម្មវិធី «ស៊ីអារម្មណ៍» នឹងបានទទួលនូវ រសជាតិថ្មីមួយទៀត ព្រោះសប្ដាហ៍នេះ នឹងមានរឿងរ៉ាវស៊ីអារម្មណ៍ រឿងរ៉ាវផ្អែមល្ហែម នៅក្រោយឆាករវាង លោក អេដវីន និងកញ្ញា តូតាមកបង្ហាញ ជូនប្រិយមិត្តថែមទៀតផង ហើយធានាថា រឿងរ៉ាវរវាងអ្នកទាំងពីរ មិនធ្លាប់ត្រូវបានបង្ហើប នៅក្នុងកម្មវិធីណា ពីមុនមកនោះទេ”។

កម្មវិធី «ស៊ីអារម្មណ៍» តែងតែបង្ហាញ ជូនអ្វីដែលប្លែក រូមផ្សំនិងឈុតឆាកពិសេសៗ ពីសំណាក់ភ្ញៀវកិត្តិយស ដែលបានចូលរួម មិនតែប៉ុណ្ណោះ រៀងរាល់សប្ដាហ៍ នឹងមានរឿងរ៉ាវគួរឱ្យចង់តាមដាន មកចែកជូនប្រិយមិត្តអ្នកគាំទ្រ។ កម្មវិធីនេះ នឹងមានផ្សាយជូនទស្សនា រៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ៨:៣០-៩:០០យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន៕

ប្រភព៖ CEN