តាមពិតទៅក្លឹបក្នុងលីកកំពូលថៃ បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា ទៅលេងនៅ Thai_Premier League ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ហើយមានព័ត៌មានដោះដូរកីឡាករជាច្រើនបានចុះផ្សាយពីផ្ទេរទៅលេងនៅប្រទេសថៃនេះ។

ប៉ុន្តែបើតាមប្រភពគេហទំព័រ fourfourtwo ដែលជាគេហទំព័រធំមួយ និងគួរឲ្យទុកចិត្តបានក្នុងតំបន់អាស៊ី និងពិភពលោកបាននិយាយថា ដោយសារតម្រូវការប្រាក់ឈ្នួលរបស់កីឡាកររូបនេះខ្ពស់ពេក ហើយក្លឹបជាច្រើនសម្រេចចិត្តបិទការចុះហត្ថលេខារហូតមកដល់ឥឡូវ។

ម៉្យាងវិញទៀត កាលនោះលីកកំពូលថៃមិនបានចេញច្បាប់ឲ្យមានកូតាកីឡាករអាស៊ានលេងក្នុង Thai_Premier League ក្លឹបទាំងនោះសម្រេចចិត្តនាំយកកីឡាករពីបរទេសមកលេងជំនួសតែម្ដង។ ប៉ុន្តែកូតាកីឡាករអាស៊ាន នឹងត្រូវបានបើកនៅរដូវកាល២០១៧នេះ ហើយវឌ្ឍនាកា សម្រេចចិត្តបញ្ចុះតម្លៃខ្លួនតែបន្តិចនោះ រូបគេនឹងអាចទទួលបានបទពិសោធន៍ និងចូលលេងក្នុងក្លឹបល្បីៗរបស់ថៃមិនខាន។

នៅពេលនេះខ្សែប្រយុទ្ធជំនាញជើងឆ្វេង កំពុងធ្វើការហ្វឹកហាត់ជាមួយក្លឹប  FUJIEDA MYFC លីកលំដាប់ទីបីរបស់ជប៉ុនមួយសប្ដាហ៍ ហើយល្បីថាគ្រូបង្វឹកក្លឹបជប៉ុនមួយនេះ ស្រក់ទឹកមាត់ចង់បានខ្លាំងផងដែរ ខណៈសាមីខ្លួនមិនបានបង្ហើបថាចង់នៅលេង ឬក៏អត់នៅឡើយ។

ដូច្នេះមានតែរងចាំមើលថាតើកីឡាករវ័យ២២ឆ្នាំរូបនេះ នឹងបានទៅលេងនៅលីកថៃ ក្លឹបជប៉ុន FUJIEDA MYFC ឬក៏បន្តលេងក្នុងប្រទេសកម្ពុជា?

toyota

ប្រភព៖ kqube