ដោយបានតាមដានការហ្វឹកហាត់របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនដាក់ភ្នែក គ្រូបង្គោលក្លិប Fujieda MYFC លោក Atsuto Oishi ឃើញកីឡាករក្លិបបឹងកេតអង្គរនិងជម្រើសជាតិកម្ពុជារូបនេះមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យលោកកាន់តែពេញចិត្តឡើងៗនិងចង់បាន វឌ្ឍនាកា លេងនៅក្នុងក្រុមរបស់លោកនារដូវកាលក្រោយ ដែលចាប់ផ្ដើមពីខែកុម្ភៈដល់ខែធ្នូឆ្នាំ២០១៧។

អ្នកចាត់ការបឹងកេតអង្គរ លោក បែ មករា ដែលស្ថិតក្នុងដំណើរទស្សនកិច្ចជាមួយ វឌ្ឍនាកា ទៅកាន់ក្លិប Fujieda ឱ្យដឹងនៅថ្ងៃសៅរ៍ទី៥វិច្ឆិកានេះថា៖ “ព្រឹកនេះខ្ញុំភ្ញាក់ផ្អើលនៅពេលគ្រូបង្វឹកដើរមកកាន់ខ្ញុំដែលកំពុងឈរក្បែរទីលានហ្វឹកហាត់ ហើយគាត់ហៅអ្នកបកប្រែខ្មែរមកជិត រួចប្រាប់ខ្ញុំថាគាត់ពេញចិត្ត វឌ្ឍនាកា ដ្បិតគាត់ឃើញ វឌ្ឍនាកា ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់សូមឱ្យខ្ញុំនិយាយជាមួយ វឌ្ឍនាកា ឱ្យលេងឱ្យក្រុមគាត់នៅរដូវកាលក្រោយ”។

លោក មករា បញ្ជាក់ថាលេងនៅជប៉ុនឬមិនលេង ស្ថិតលើការសម្រេចចិត្តរបស់ ចាន់ វឌ្ឍនាកា ផ្ទាល់។ យ៉ាងណាក្ដី អ្វីៗមិនទាន់ប្រាកដនៅឡើយ ដ្បិតការទៅជប៉ុនលើកនេះគឺជាដំណើរទស្សនកិច្ចកសាងចំណងមិត្តភាពរវាងក្លិបនិងក្លិបប៉ុណ្ណោះ មិនមែនជាការនាំម្ចាស់ស្បែកជើងមាសកម្ពុជាទៅធ្វើតេស្តនោះទេ។

ក្រោយហ្វឹកហាត់មួយសប្ដាហ៍ជាមួយកីឡាករក្លិប Fujieda វឌ្ឍនាកា នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី៨ខែវិច្ឆិកាដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមខ្លួនសម្រាប់យុទ្ធនាការ AFF Suzuki Cup 2016៕

fujieda_vs_be_makara vathanaka_trains_in_japan

ប្រភព៖ keiladaily