(វ៉ាស៊ីនតោន)៖ តារាសម្តែងដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកអ្នកនាង អេនជីលីណា ចូលី (Angelina Jolie) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការមើលថែទាំងកូនៗទាំង០៦នាក់ នៅក្នុងកិច្ចព្រមព្រៀងរួមគ្នាមួយរវាងអ្នកនាង និងអតីតស្វាមីគឺលោក Brad Pitt បន្ទាប់ពីអ្នកនាងបានដាក់ពាក្យបណ្តឹងលែងលះគ្នាកាលពីខែកញ្ញាកន្លងទៅ។ នេះបើតាមសម្តីរបស់អ្នកតំណាងអ្នកនាង អេនជីលីណា ចូលី ដែលដកស្រង់ដោយសារព័ត៌មាន AP នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើបានអនុញ្ញាតឲ្យកូនៗរបស់អតីតប្តីប្រពន្ធមួយគូនេះ អាចជួបសួរទុក្ខជាមួយលោក Pitt បានជាធម្មតាប៉ុន្តែពួកគេទាំង០៦នាក់ ត្រូវស្ថិតនៅក្រោមការ មើលថែទាំរបស់អ្នកនាង Angelina Jolie ទាំងស្រុង ហើយការសម្រេចចិត្តដោយឯកភាពគ្នាខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីអ្នកជំនាញខាងថែទាំកុមារតាំងតែពីសប្តាហ៍មុនមកម៉្លេះ។

គួរបញ្ជាក់ដែរថាតារាសម្តែងដ៏ល្បីល្បាញលើពិភពលោកទាំងពីររូបនេះ បានចំណាយពេលរស់នៅជាមួយគ្នារហូតមកអស់រយៈពេល១២ឆ្នាំហើយ និងបានសម្រេចចិត្តរៀបការកាលពីឆ្នាំ២០១៤ ប៉ុន្តែមកដល់ខែកញ្ញាកន្លងទៅនេះ អ្នកនាង អេនជីលីណា ចូលី ក៏បានដាក់ពាក្យបណ្តឹងសុំផ្តាច់ចំណង អាពាហ៍ពិពាហ៍ជាមួយនឹងលោក Brad Pitt ដោយបានអះអាងថាការរស់នៅរបស់អ្នកទាំងពីរពុំមានភាពចុះសម្រុងនឹងគ្នាឡើយ ហើយក៏ស្របនឹងពាក្យចរចាមអារ៉ាមកាលណោះ ដែលថាលោក Pitt បានប្រើហិង្សាលើ Maddox ដែលកូនចិញ្ចឹមជនជាតិខ្មែរនោះផងដែរ៕

ប្រភព៖ freshnewsasia