ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះការលើកឡើងដែលថាលោកជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីអាមេរិកដោយថាលោកគ្រាន់តែវិភាគលើស្ថានភាពនយោបាយអន្តរជាតិបើសិនជាបេក្ខជនណាមួយជាប់ឆ្នោតប៉ុណ្ណោះ។

កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅបណ្ឌិតសភានគរបាលកម្ពុជាថា៖ «សម្រាប់ខ្ញុំនិយាយដោយត្រង់ខ្ញុំចង់ឲ្យ ត្រាំ ឈ្នះខ្លាំងណាស់បើ ត្រាំ ឈ្នះពិភពលោកអាចនឹងមានការប្រែប្រួលហើយអាចមានសភាពការណ៍ល្អផងដោយសារ ត្រាំ អ្នករកស៊ីបើ ត្រាំ អ្នករកស៊ី ត្រាំ មិនចង់ធ្វើសង្គ្រាមទេ»។

ទោះយ៉ាងណាកាលពីម្សិលមិញក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លោក ហ៊ុន សែន បានថ្លែងថាអ្វីដែលលោកបានលើកឡើងនោះគឺជាការវិភាគនយោបាយអន្តរជាតិក្នុងនាមលោកជាថ្នាក់ដឹកនាំ និងជាអ្នកនយោបាយមួយរូប។ លោកបន្ថែមថា៖ «សូម្បីតែឯងធ្វើអត្ថាធិប្បាយពន្យល់ផ្ទៃក្នុងឲ្យយល់ថាបើអ្នកនេះឈ្នះទិសវាទៅអ៊ីចេះប្រសិនបើអ្នកនោះឈ្នះទិសវាទៅអ៊ីចេះអាហ្នឹងក្រែងយើងជាអ្នកវិភាគនយោបាយមួយក្នុងឋានៈជាមេដឹកនាំប្រទេសមួយ! ផ្តាំទៅអស់លោកផង អស់លោកមានសិទ្ធិនិយាយខ្ញុំក៏មានសិទ្ធិដែរហើយមានសិទ្ធិនិយាយទាំងក្នុងនិយាយទាំងក្រៅផង»។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថាការឈ្នះឬចាញ់រវាងលោក ដូណាល់ ត្រាំ ឬលោកស្រី ហ៊ីឡារី គ្លីនតុន គឺជារឿងផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។ លោកបន្តថាថ្វីត្បិតនេះជារឿងរបស់សហរដ្ឋអាមេរិកតែដោយសារប្រទេសនេះជាប្រទេសមហាអំណាចមានឥទ្ធិពលនយោបាយខ្លាំងដល់បណ្តាប្រទេសដទៃទៀតដូច្នេះលោកមានសិទ្ធិក្នុងការវិភាគ។

លោកបន្ថែមថា៖ «ខ្ញុំលើកអំពីការវិភាគទាក់ទិននឹងការវិភាគប៉ូលនយោបាយ…ខ្ញុំបានធ្វើការវិភាគថាខ្ញុំចង់ឲ្យ ត្រាំ ឈ្នះមូលហេតុវានៅត្រង់នេះបើបក្សប្រជាធិបតេយ្យឈ្នះគឺលោកជំទាវ ហ៊ីឡារី គ្លីនតុន ឈ្នះទំនាក់ទំនងរវាងចិន និងអាមេរិកអាចគ្រប់គ្រងបានដោយគូភាគីមានការសម្របសម្រួលមួយលើការគ្រប់គ្រងទំនាស់…ភាគីទាំងពីរត្រូវគ្នាជាដៃគូពាណិជ្ជកម្ម ប៉ុន្តែភាគបន្តរវាងរុស្ស៊ី អាមេរិកមិនល្អទេដោយសារទណ្ឌកម្មអាមេរិកលើរុស្ស៊ីមិនទាន់បញ្ចប់ទេ បើប្រជាធិបតេយ្យបន្ត (ឈ្នះ) គឺមុខជាទណ្ឌកម្មលើរុស្ស៊ីនៅតែបន្ត…ជាសិទ្ធិវិភាគរបស់ខ្ញុំតើ…ហើយខ្ញុំមានបង្អាប់ ហ៊ីឡារី ពីអង្កាល់»។

លោកសង្កត់ធ្ងន់ដែរថាមានអ្នកវិភាគមួយចំនួនបានលើកឡើងថាដោយសារតែលោក ត្រាំ ជាមនុស្សផ្តាច់ការបានជាលោក និងមេដឹកនាំមួយចំនួនទៀតគាំទ្រ។ លោកបន្តទៀតថា៖ «ទំនាក់ទំនងរវាងមហាអំណាច និងមហាអំណាចវាទៅជាយ៉ាងម៉េចអាហ្នឹងក្រែងជាសិទ្ធិក្នុងការវិភាគម៉េចក៏បែរជាអ្នកវិភាគខ្លះចេញមកថា ត្រាំ គឺជាជនផ្តាច់ការបាន ហ៊ុន សែន ម៉ូហ្គាបេ និង ពូទីន ចេញមកគាំទ្រ ហ្អា វាទៅជាអ៊ីចឹងវិញបើខ្លួនឯងមិនច្បាស់រឿងនយោបាយទេកុំធ្វើនយោបាយ»។

អ្នកដែលបានលើកសរសើរលោក ដូណាល់ ត្រាំ មានដូចជាប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដោយលោកត្រូវបានសារព័ត៌មាន The Guardian ដកស្រង់សម្តីយកមកចុះផ្សាយកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥ ថា «គាត់ជាមនុស្សមានទេពកោសល្យម្នាក់…គាត់ (ត្រាំ) និយាយថាគាត់ចង់ធ្វើឲ្យទំនាក់ទំនងឈានដល់មួយកម្រិតទៀតជាមួយរុស្ស៊ីហេតុអ្វីយើងមិនស្វាគមន៍ជាការពិតគឺយើងស្វាគមន៍»។

ចំណែកប្រធានាធិបតីហ្សីមបាវ៉េលោក ម៉ូហ្គាបេ វិញ ត្រូវបានស្រង់សម្តីដោយសារព័ត៌មាន Politico ចុះផ្សាយកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៦ ថា៖ «ពេលដែលត្រាំជាប់ឆ្នោតជាប្រធានាធិបតីរបស់អ្នកនោះអ្នកនឹងគិតថាអ្នកគួរតែល្អនឹងខ្ញុំជាងនេះ»។ ចំណែកមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានដកស្រង់សម្តីចុះផ្សាយក្នុងសារព័ត៌មាន Quartz កាលពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០១៦ ដែរថា «គាត់(ត្រាំ) ជាមនុស្សដែលមានឧត្តមគតិ និងជាបេក្ខជនប្រធានាធិបតីដ៏វៃឆ្លាតម្នាក់»។

អ្នកវិភាគឯករាជ្យ និងជាពលរដ្ឋខ្មែរអាមេរិកកាំងផងនោះគឺលោក អ៊ូ វីរៈ បានថ្លែងថាលោកយល់ថាបើសិនជាលោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះឆ្នោតនោះលោកស្រីនឹងបន្តគោលនយោបាយប្រធានាធិបតីចាស់របស់ខ្លួនជាពិសេសនៅតំបន់អាស៊ី និងជាមួយចិន រុស្ស៊ី។ ប៉ុន្តែលោកថាបើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតទំនាក់ទំនងល្អជាមួយរុស្ស៊ីមិនបានយូរអង្វែងនោះទេដោយថាខុសពីគោលនយោបាយរបស់សភា និងព្រឹទ្ធសភាអាមេរិក និងថាលោក ត្រាំ មិនមានគោលនយោបាយការបរទេសច្បាស់លាស់។

លោក វីរៈ បន្ថែម៖ «សម្រាប់ខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍គ្រោះថ្នាក់មែនទែនបើលោក ត្រាំ ឡើងជាប្រធានាធិបតីព្រោះអីគាត់គិតឆៅបើគាត់អាចក្រឡុកនៅតំបន់អាស៊ីអាគ្នេយ៍ធ្វើឲ្យមានការឈ្លោះគ្នាដើម្បីផលប្រយោជន៍ពួកក្រុមលក់អាវុធនៅអាមេរិកហ្នឹងក៏គាត់អាចធ្វើដែរ…អ្នកដែលអាចធ្វើឲ្យមានសង្គ្រាមគឺលោក ត្រាំ មិនមែនលោកស្រី ហ៊ីឡារី គ្លីនតុនទេ…គោលនយោបាយអន្តរជាតិរបស់គាត់និយាយមិនច្បាស់ទេដោយសារគាត់មិនដែលមានបទពិសោធរឿងពិភពលោកដោយសារបែបនេះហើយបានជាសម្តីរបស់គាត់និយាយពាសមេឃពាសដី»។

នៅថ្ងៃទី ៨ ខែវិច្ឆិកានៅសហរដ្ឋអាមេរិកជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកដែលតែងរៀបចំឡើងក្នុងរយៈពេល ៤ ឆ្នាំម្តង។ តាមការស្ទង់មតិកាលពីថ្ងៃទី ៦ ខែវិច្ឆិកាបេក្ខភាពលោកស្រី ហ៊ីឡារី មានសំឡេងគាំទ្រ ៤៨ ភាគរយខណៈលោក ត្រាំ មានសំឡេងគាំទ្រ ៤៣ ភាគរយ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍