រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ជំរុញឲ្យកុមារសិក្សាមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រ ដើម្បីជួយបំពេញកង្វះខាតធនធានមនុស្ស។ លោកបញ្ជាក់ថា កម្ពុជា កំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ខណៈសិស្សកម្ពុជា ជិត ៥០ភាគរយ ជ្រើសរើសមុខវិជ្ជាផ្នែកពាណិជ្ជកម្ម បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ។

លោក ហង់ ជួន ណារ៉ុន ថ្លែងថា សិស្សនិស្សិតកម្ពុជា គួរផ្ដើមចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រ «ស្ទេម» (STEM)។

STEM គឺ Science Technology Engineering Maths ឬវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មុខវិជ្ជាទាំងនេះទាក់ទងនឹងលេខនព្វន្ត ប្រព័ន្ធទិន្នន័យ និងការអនុវត្តពិសោធជាក់ស្តែង។

ដោយឡែកគម្រោងថ្មីចំនួនពីរដែលផ្ដួចផ្ដើមដោយស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ត្រូវបានសម្ពោធនៅថ្ងៃទី៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ដើម្បីជំរុញការចាប់អារម្មណ៍លើវិស័យ STEM នៅកម្ពុជា។ គម្រោងទីមួយ គឺ STEM Hub និងទីពីរ គឺទស្សនាវដ្ដីអ្នកវិទ្យាសាស្ត្រតូច (Little Scientists)។ STEM Hub គឺជាការរៀបចំវេទិកាតគ្នា ចែករំលែកគំនិតពីវិស័យ STEM ដើម្បីទាក់ទាញឲ្យមានការជជែកពីវិស័យ STEM កាន់តែទូលាយ។

ចំណែកអ្នកវិទ្យាសាស្ត្រតូច គឺទស្សនាវដ្ដីសម្រាប់កុមារដែលមានល្បងប្រាជ្ញា បទសម្ភាសន៍ អត្ថបទ និងរឿងនិទានស្ដីពីវិស័យ STEM។

លោក ហង់ ជួន ណារ៉ុន យល់ថា គម្រោងទាំងនេះជាកិច្ចសហការល្អជាមួយក្រសួងអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងពី STEM៖ «គម្រោងទាំងពីរនេះនឹងជំរុញឲ្យយុវជនយើងរៀនមុខវិជ្ជាវិទ្យាសាស្ត្រ»។

លោក ឡដ ពុតណាម (Lord Puttnam) ប្រេសិតនៃចក្រភពអង់គ្លេស ផ្នែកពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា លើកឡើងថា នៅចក្រភពអង់គ្លេស ក្មេងៗតែងត្រូវជំរុញលើកទឹកចិត្តឲ្យចាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ។ លោកថា ការបង្រៀនតគ្នាពី STEM ជួយជំរុញឲ្យកុមារកាន់តែចង់ស្វែងយល់ពី STEM។

ការសម្ពោធគម្រោងនេះ មានសិស្សបឋមសិក្សាបង្ហាញពីការពិសោធគុណភាពទឹក បង្ហាញពីការសរសេរកូដកម្មវិធី (coding) និងការបង្កើតហ្គេម។

តាំង វួចនា អាយុ ១១ឆ្នាំ កំពុងរៀនថ្នាក់ទី៦។ នាងចេះសរសេរកូដដើម្បីប្ដូររូបភាពលើទំព័រស្រាវជ្រាវ Google លើកុំព្យូទ័ររបស់នាង។ នាងនិយាយថា នាងចាប់អារម្មណ៍ STEM ប្រមាណ ៣ខែមុន បន្ទាប់ពីគ្រូណែនាំនាងឲ្យស្គាល់លោក ម៉ាក សាកឃឺបឺហ្គ (Mark Zuckerberg) អ្នកបង្កើតគេហទំព័រហ្វេសប៊ុក (Facebook) ដ៏ល្បីល្បាញ៖ «រៀនមុខវិជ្ជានេះ ពេលខ្លះពិបាក ពេលខ្លះសប្បាយ។ រៀន (សរសេរកូដ) នេះ ត្រូវចំណាយពេលច្រើន ប្រហែលមួយអាទិត្យ ដើម្បីចេះវា។ តែរៀននេះវាសប្បាយជាងភាពពិបាករបស់យើង»។

ក្រៅពីជំរុញឲ្យកុមារងាកមកចាប់អារម្មណ៍លើវិស័យ STEM រដ្ឋមន្ត្រីក្រសួងអប់រំ ចង់ឃើញវិស័យឯកជន សហការជាមួយក្រសួងអប់រំ ដើម្បីពង្រឹង STEM ឲ្យកាន់តែរឹងមាំ៕

ប្រភព៖ rfa