ក្រោយពីបាត់មុខពីសិល្បៈមួយរយៈ តារាសម្ដែងដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងពីមហាជន លោក ហេង ប៊ុនលាភ បាននឹងកំពុងទាញយកប្រជាប្រិយភាពជាថ្មីតាមរយៈការវិលមកប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ហើយថ្មីៗនេះ ហេង ប៊ុនលាភ ទើបតែក្រុងពាលីដើម្បីថតរឿងថ្មីឱ្យស្ថានីយ៍ទូរទស្សន៍បាយន្តទៀតផង។

ជាមួយនឹងការបង្ហាញវត្តមានឡើងវិញក្នុងវិស័យសិល្បៈនេះ គេសង្កេតឃើញថាតារាសម្ដែងដ៏ប៉ិនប្រសប់ ហេង ប៊ុនលាភ មិនព្រមលក់ឡានចាស់ Camry 91 ដែលលោកបានទិញវាតាំងពីឆ្នាំ ២០០១ របស់លោកទាល់តែសោះបើទោះបីជាសព្វថ្ងៃលោកមានរថយន្ត Lexus 470 ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក៏ដោយ។

ជាការពិតណាស់ ស្របពេលដែលមានសំណួរជាច្រើនបានចោទសួរទៅកាន់តារាសម្ដែងរូបសង្ហា ហេង ប៊ុនលាភ លោកក៏បានប្រាប់ថា មូលហេតុដែលលោកមិនដាច់ចិត្តលក់ឡាន Camry 91 នេះ ព្រោះវាធ្លាប់ធ្វើឱ្យលោកល្បីល្បាញ ហើយពេលចុះទៅតាមខេត្តម្ដងៗ វាតែងតែទៅជាមួយលោកជានិច្ច និងមិនដែលខូចតាមផ្លូវឡើយ។

បន្ថែមពីលើមូលហេតុទាំងអស់ខាងលើនេះ ហេង ប៊ុនលាភ ក៏បានបញ្ជាក់ទៀតថា លោកនឹងមិនព្រមលក់វាចោលជាដាច់ខាត ព្រោះវាជាអនុស្សាវរីយ៍របស់លោក ហើយលោកក៏ចាត់ទុកវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មួយដែរ ហេតុដូច្ចេះហើយបានជាតារាសម្ដែងរូបនេះ មិនដាច់ចិត្តលក់វាចោល៕ BeBe

ប្រភព៖ pmhotnews