គេមិនទាន់ភ្លេចនោះទេថា លោកប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បាននិយាយក្នុងយុទ្ធនាការបោះឆ្នោត និងពេលជជែកដេញដោល ថា លោក មិនគាំទ្រឲ្យមានទ័ពអាមេរិកដើម្បីឈរជើងការពារនៅឧបទ្វីបកូរ៉េ ដែលរួមទាំងជប៉ុនផងដែរនោះ។ លោក និយាយបែបនេះ ដោយ លោក យល់ឃើញថា ការណ៍ដែលធ្វើបែបនេះ គឺជារឿងខ្ជះខ្ជាយ ពោលគឺប្រទេសទាំងនេះ គួរតែមានសមត្ថភាពការពារខ្លួនឯង ឬ បើចង់ឲ្យទ័ពអាមេរិកនៅទីនោះ ពួកគេ ត្រូវតែបង់ថ្លៃការពារសម្រាប់ការបញ្ឈរជើងទាហានអាមេរិក។ តើលោក ដូណាល់ ត្រាំ ហ៊ានអនុវត្តតាមពាក្យសម្តីរបស់លោកដែរឬយ៉ាងណា?

លោកមហាសេដ្ឋីអចលនទ្រព្យ ដូណាល់ ត្រាំ បានជាប់ឆ្នោតក្នុងសំឡេងគាំទ្រលើសលប់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកលើកទី៤៥ ហើយលោក នឹងត្រូវចូលស្បថកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខដ៏ខ្លីនេះ។ ការជាប់ឆ្នោតនេះ ទទួលបានការសាទរតាំងពីសំណាក់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ អូបាម៉ា ដៃគូប្រជែងយ៉ាងស្វិតស្វាញលោកស្រី ហ៊ីឡារី និងសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីផងដែរ។

ក្នុងចំណោមមេដឹកនាំទាំងនោះ ក៏មានលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកនៅក្នុងតំបន់អាស៊ីផងដែរ។ លោកស្រី បានសាទរលោក ដូណាល់ ត្រាំ ដោយលោកស្រី អះអាងថា សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងតែលូតលាស់ និងអាស្រ័យគ្នាដោយឈរលើបញ្ហាប្រឈមរួមគ្នារយៈពេល៦ទស្សវត្សរ៍ហើយនោះ។ លោក ស្រី ក៏សង្ឃឹមដែរថា ចំណងទ្វេភាគី នឹងបន្តអភិវឌ្ឍទៀតផងដែរ។

ដោយមិនមានការលាក់លៀមនោះ លោកស្រីប្រធានាធិបតី ក៏បានសុំឲ្យលោកប្រធានាធិបតីទើបជាប់ឆ្នោតចូលរួមយុទ្ធនាការដើម្បីផ្លាស់ប្តូរភាពដឹកនាំកូរ៉េខាងជើង និងប្រើប្រាស់យុទ្ធសាស្ត្រតទល់ប្រឆាំងនឹងក្រុងព្យុងយ៉ាង។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ចេញពីសេចក្តីថ្លែងការណ៍វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House ។

អ្វីគួរកត់សម្គាល់នោះ លោក ដូណាល់ ត្រាំ ក៏បានយល់ព្រមជាមួយនឹងលោកស្រី ប៉ាក ក្នុងកិច្ចសន្ទនាតាមទូរសព្ទប្រហែល១០នាទី ដោយលោក បញ្ជាក់ថា «យើង នឹងនៅតែមានការប្តេជ្ញាចិត្ត និងរឹងមាំ ក្នុងការធ្វើការរួមគ្នាជាមួយនឹងអ្នកដើម្បីប្រឆាំងនឹងអស្ថិរភាពកូរ៉េខាងជើង»។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។

បើលោក ដូណាល់ ត្រាំ ពិតជាបាននិយាយបែបនេះ មែននោះ មានន័យថាលោក កំពុងតែក្បត់នឹងពាក្យសម្តីរបស់ខ្លួនឯងហើយ។ ក្បត់នោះគឺ ដូចបានបញ្ជាក់ លោក បានសន្យាថា នឹងដកកងកម្លាំងអាមេរិក ដែលកំពុងតែឈរជើងនៅកូរ៉េខាងត្បូងប្រមាណជាង២ម៉ឺននាក់ដែលបានពង្រាយដើម្បីធានាសុវត្ថិភាពឧបទ្វីបកូរ៉េតាំងពីក្រោយកូរ៉េ បានបែងចែកជាពីរមកម្ល៉េះ។

មួយវិញទៀត លោកប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ ក៏ធា្លប់និយាយសរសើរពីមេដឹកនាំកំពូលវ័យក្មេងកូរ៉េខាងជើង ដែលសហគមន៍អន្តរជាតិចោទថា ជាមេបង្កបញ្ហានៅឧបទ្វីបកូរ៉េថា ជា«មេដឹកនាំដ៏អស្ចារ្យ»ទៀតផង។ ពាក្យសម្តីបែបចម្លែកៗរបស់លោកទាំងអស់នេះហើយ បានក្លាយជាចំណោទសំណួរថាតើ លោក នឹងអនុវត្តបែបណា? ហើយអនាគតសន្តិសុខ និងសុវត្ថិភាពសម្ព័ន្ធដូចជា កូរ៉េខាងត្បូង នឹងទៅជាបែបណា ដ្បិត ប្រទេសទាំងពីរ ក៏ទើបតែព្រមព្រៀងគ្នាដំឡើងប្រព័ន្ធការពារមីស៊ីល ដើម្បីប្រឆាំងនឹងកូរ៉េខាងជើងទៀតផងនោះ?

ប្រភព៖ ថ្មីៗ