ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១០ ខែវិច្ឆិកា បាននិយាយទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ដោយលោកបានអញ្ជើញនាយករដ្ឋមន្ត្រីអង់គ្លេស ទស្សនកិច្ចនៅអាមេរិកដែរ។ លោក ដូណាល់ ត្រាំ ប្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសដែរថា អង់គ្លេសជាកន្លែងពិសេសសម្រាប់លោក ហើយទំនាកទំនងរវាងអាមេរិក និងចក្រភពអង់គ្លេស ក៏ពិសេសដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានក្លាយជាមេដឹកនាំទី៩ ដែលនិយាយទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ នៅមុននេះ លោក ត្រាំ និយាយទូរសព្ទជាមួយមេដឹកនាំជាច្រើនជុំវិញពិភពលោក លើកលែងតែនាយករដ្ឋមន្ត្រីអង់គ្លេស។ ប៉ុន្តែចុងក្រោយលោកស្រីក៏ទទួលទូរសព្ទពីលោក ត្រាំ និងបានសាទរលោក ត្រាំ ចំពោះជ័យជម្នះរបស់លោក។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសថា ប្រធានាធិបតីជាប់ឆ្នោតថ្មី បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធរវាងលោកផ្ទាល់ និងទឹកដីអង់គ្លេស។ លោក ដូណាល់ ត្រាំ ដែលមានយាយជាជនជាតិស្តុតលែនប្រាប់លោកស្រី Theresa May ថា ចក្រភពអង់គ្លេសពិតជាកន្លែងពិសេសបំផុតសម្រាប់លោក និងអាមេរិកផងដែរ។ សារព័ត៌មាន BBC ផ្សាយថា លោក ត្រាំ ក៏បានអញ្ជើញលោកស្រីនាយករដ្ឋមន្ត្រី ទស្សនកិច្ចនៅអាមេរិកផងដែរ។

ប្រភពពីការិយាល័យលោកស្រី Theresa May បញ្ជាក់ទៀតថា មេដឹកនាំទាំងពីរឯកភាពគ្នាថា «ទំនាក់ទំនងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស» ពិតជាសំខាន់ និងពិសេសខ្លាំងបំផុត។ ហើយការកសាងទំនាក់ទំនងទៅមុខទៀត គឺជារឿងអាទិភាពសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ គូសបញ្ជាក់ដែរថា ទំនាក់ទំនងពិសេសនេះ នឹងកាន់តែរឹងមាំទៅៗ។

យ៉ាងណាក្ដី មកទល់ពេលនេះ គេមិនទាន់ឃើញមានការទាក់ទងរវាងមេដឹកនាំថ្មីអាមេរិក និងមេដឹកនាំសហភាពអឺរ៉ុបផ្សេងឡើយ។ ក្រៅពីនាយករដ្ឋមន្ត្រី Theresa May ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក៏បាននិយាយទូរសព្ទជាមួយមេដឹកនាំមួយចំនួនទៀតដែរដូចជា អេហ្ស៊ីប ម៉ិកស៊ិក កូរ៉េខាងត្បូង ជប៉ុន អៀរឡង់ ឥណ្ឌា តួកគី និងអ៊ីស្រាអែល។

ចំណែកមេដឹកនាំផ្សេងទៀត ក៏បានផ្ញើសារអបអរសាទរលោក ព្រមទាំងប្រកាសត្រៀមខ្លួនសហការជាមួយប្រធានាធិបតីថ្មីអាមេរិកផងដែរ។ ឯបណ្ដាមេដឹកនាំប្រទេសអឺរ៉ុបវិញ ហាក់នៅស្ងាត់ស្ងៀមនៅឡើយចំពោះរឿងនេះ។

ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ធ្វើឲ្យរញ្ជូយនយោបាយពិភពលោកខ្លាំង ព្រោះគ្មាននរណាជឿថា លោកអាចផ្ដួលលោកស្រី ហ៊ីឡារី គ្លីនតុន បានឡើយ។ យ៉ាងណាក្ដី លោកធ្វើបានយ៉ាងល្អក្នុងការបោះឆ្នោតនេះ នឹងត្រៀមខ្លួនសម្រាប់ស្នងតំណែងប្រធានាធិបតីចប់អាណត្តិ បារ៉ាក់ អូបាម៉ា ក្នុងអាណត្តិបួនឆ្នាំទៅមុខ៕

ប្រភព៖ ថ្មីៗ