យោងតាមការស្ទាបស្ទង់មតិដំបូង ធ្វើឲ្យក្រុមអ្នកវិភាគនយោបាយជាតិ និងអន្តរជាតិ(អ្នកវិភាគនៅសហរដ្ឋអាមេរិក និងអ្នកវិភាគនៅតាមបណ្តាប្រទេសជាច្រើន) បានព្យាករណ៍ទុកថា លោកស្រី Hillary Clinton អាយុ៦៩ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងត្រូវជាភរិយារបស់លោក Bill Clinton អតីតប្រធានាធិបតីទី៤២របស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យនោះ នឹងអាចឈ្នះឆ្នោតធ្វើជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ទៅលើដៃគូប្រកួតប្រជែងរបស់លោកស្រី គឺលោក Donald Trump ជាមហាសេដ្ឋី មកពីគណបក្សសាធារណរដ្ឋ ។ ប៉ុន្តែលទ្ធផលជាក់ស្តែងមិនដូចការព្យាករណ៍ទុកមុននោះទេ គឺមហាសេដ្ឋី Donald Trump បានឈ្នះឆ្នោតលើលោកស្រី Hillary Clinton ក្នុងតំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ទៅវិញ ។

ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយបានលើកឡើងអំពីមូលហេតុដែលធ្វើឲ្យលោកស្រី Hillary Clinton ចាញ់ឆ្នោតលោក Donald Trump សម្រាប់តំណែងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ដូចខាងក្រោម ៖

១-រឿងអាស្រូវ E-mail របស់លោកស្រី Hillary Clinton ចំនួន៦៥០ ០០០ឯកសារ ត្រូវបានបែកធ្លាយ រហូតដៃគូប្រកួតប្រជែងរបស់លោកស្រី គឺលោក Donald Trump ចោទប្រកាន់ថា លោកស្រី Hillary Clinton មានទំនាក់ទំនងជួយគាំទ្រដល់កងកម្លាំងឧទ្ទាម ISIS និងប្រជាពលរដ្ឋអាមេរិកជាច្រើនអាចដាក់ការសង្ស័យថា លោកស្រី Hillary Clinton មានបាតដៃប្រឡាក់ប្រឡួសនឹងអំពើពុករលួយ កាលពេលលោកស្រីកាន់តំណែងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជាមួយនឹងការប្រើប្រាស់ Account E-mail ឯកជនរបស់លោកស្រីដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ។

២-ភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរឿងអាស្រូវ E-mail របស់លោកស្រី Hillary Clinton នៅមុនពេលកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិកបានមកដល់ ។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ លោក Harry Reid សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ទៅលើលោកមេធាវី James Comey ដែលជាប្រធាន FBI ថា មានចេតនាលាក់បាំងព័ត៌មានអំពីទំនាក់ទំនងមិនប្រក្រតីរវាងលោក Donald Trump ជាមួយរដ្ឋាភិបាលក្រុងមូស្គូ(Moscow) ហើយបែរជាមកទម្លាយរឿងអាស្រូវ E-mail របស់លោកស្រី Hillary Clinton ទៅវិញ ។

សារព័ត៌មាន Sputnik ផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ ដែលបានដកស្រង់ការបញ្ជាក់របស់លោក Raphael Sonenshein សាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យ California ឲ្យដឹងថា ការស៊ើបអងេ្កតរបស់ FBI អាមេរិក ទៅលើរឿងអាស្រូវ E-mail របស់លោកស្រី Hillary Clinton រយៈពេល១០ថ្ងៃមុនកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិកឈានមកដល់ គឺជាមូលហេតុមួយដែលធ្វើឲ្យលោកស្រី Hillary Clinton ចាញ់ឆ្នោតដៃគូប្រកួតប្រជែង ។

៣-ទាំងចំណាត់ការរបស់ FBI ទាំងការទម្លាយរឿងអាស្រូវ E-mail របស់លោកស្រី Hillary Clinton គឺបានធ្វើឲ្យប្រជាពលរដ្ឋអាមេរិកប្រមាណ ១១០លាននាក់មិនទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋមានអាយុដល់បោះឆ្នោត សរុបចំនួន ២៣១លាននាក់ ពោលប្រជាពលរដ្ឋមកបោះឆ្នោតបានត្រឹមប្រមាណ ៥៦%ប៉ុណ្ណោះ ពីព្រោះក្រុមប្រជាពលរដ្ឋទាំងនោះមានការស្រងាកចិត្តជាមួយនឹងរឿងអាស្រូវ E-mail របស់លោកស្រី Hillary Clinton ដែលទម្លាយចេញដោយ FBI ក៏ជាមូលហេតុដែលនាំឲ្យលោកស្រី Hillary Clinton ចាញ់ឆ្នោតលោក Donald Trump ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនេះផងដែរ ៕

ប្រភព៖ dtn7