ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានទូរសព្ទទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីជជែកពិភាក្សាពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាចម្រូងចម្រាសពាក់ព័ន្ធការប្រឆាំងភេរវកម្មនិងដោះស្រាយបញ្ហាជម្លោះស៊ីរីផងដែរ។ ប៉ុន្មានម៉ោងក្រោយកិច្ចសន្ទនា យន្តហោះចម្បាំងរុស្ស៊ីចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំវាយប្រហារទីក្រុង Aleppo ដែលជាសមរភូមិចុងក្រោយឡើងវិញផងដែរ ក្រោមលេសប្រឆាំងភេរវកម្ម។

ក្រោយជាប់ឆ្នោតបានប៉ុន្មានថ្ងៃ លោក ដូណាល់ ត្រាំ បានទូរសព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីជជែកពីបញ្ហានានារួមទាំងទំនាក់ទំនងទ្វេភាគីនិងបញ្ហាពិភពលោកផ្សេងទៀតដូចជាវិបត្តិស៊ីរីជាដើម។ សកម្មភាពនេះបញ្ជាក់ច្បាស់ពីការឈានឆ្ពោះទៅស្តារទំនាក់ទំនងទ្វេភាគី និង សហការគ្នាដោះស្រាយបញ្ហាពិភពលោករួមគ្នាផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ដូណាល់ ត្រាំ បានលើកឡើងពីឆន្ទៈក្នុងការលើកស្ទួយចំណងការទូតរវាងប្រទេសទាំងពីរដែលធ្លាក់ចុះខ្លាំងនោះ។ សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យលោក ដូណាល់ ត្រាំ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី ១៤ វិច្ឆិកា បានបញ្ជាក់ថា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីបញ្ជាក់ប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ថា លោកទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីនិងប្រជាជនរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំផងដែរ។

ហើយលោក ដូណាល់ ត្រាំ ក៏សន្យារៀបចំកិច្ចពិភាក្សាទល់មុខគ្នានៅពេលខាងមុខ និងបន្តរាល់កិច្ចសន្ទនានិងរាល់ទំនាក់ទំនងតាមទូរសព្ទនេះក្នុងករណីចាំបាច់ដែរ។

យ៉ាងណាមិញ ខាងរុស្ស៊ីឯណេះវិញក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរពាក់ព័ន្ធការការសន្ទនាគ្នារវាងលោក ដូណាល់ ត្រាំ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា លោក ពូទីន បានចូលរួមសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនេះផងដែរ។ ហើយអ្វីដែលសំខាន់លោក បានប្រាប់អនាគតប្រធានាធិបតីអាមេរិកថា លោក ត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីបង្កើតភាពជាដៃគូសន្ទនារួមគ្នាក៏ដូចជាការពិភាក្សាផ្សេងទៀតដើម្បីលើកស្ទូយទំនាក់ទំនងក្រោមគោលការណ៍ស្មើភាពគ្នា គោរពប្រយោជន៍គ្នាទៅវិញទៅមក និង មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកនោះ។

ក្រៅពីពិភាក្សាពីបញ្ហាទ្វេភាគី លោក ពូទីន និងលោក ដូណាល់ ត្រាំ ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាផងដែរពាក់ព័ន្ធការដោះស្រាយបញ្ហាស៊ីរី និងប្រឆាំងភេរវកម្មអន្តរជាតិ។

១. ពូទីន និងដូណាល់ត្រាំឯកភាពប្រឆាំងភេរវកម្មរួមគ្នា
ក្នុងកិច្ចពិក្សាតាមទូរសព្ទនេះ លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានផ្តោតសំខាន់លើការកម្ចាត់ក្រុមភេរវជនរដ្ឋអន្តរជាតិ ក៏ដូចជាការឈានទៅដោះស្រាយជម្លោះស៊ីរីផងដែរ។

យ៉ាងណាមិញ មិនមានការបញ្ជាក់ច្បាស់ពាក់ព័ន្ធកិច្ចពិភាក្សាលើបញ្ហានេះលម្អិតឡើយ ប៉ុន្តែគេត្រឹមដឹងថា ភាគីទាំងពីរបានឯកភាពគ្នាលើការប្រឆាំងភេរវកម្មរួមគ្នា។ តាំងពីដើមមក រាល់ការឃោសនាបោះឆ្នោត គោលជំហរចម្បងរបស់លោក ដូណាល់ ត្រាំ គឺធ្វើយ៉ាងណាកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម។លោកមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហាស៊ីរីឬចង់ទម្លាក់មេដឹកនាំស៊ីរី ដូចរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីឡារី គ្លីនតុនឡើយ។ លោក ដូណាល់ ត្រាំ ក៏ធ្លាប់លើកឡើងថែមទៀតថា ការគាំទ្ររបបដឹកនាំស៊ីរីជាមធ្យោបាយក្នុងការឈានទៅយកជ័យជម្នះលើក្រុមភេរវជនរដ្ឋឥស្លាមថែមទៀតផង។

ដូចឃើញស្រាប់ ក្នុងបទសម្ភាសន៍ជាមួយ Wall Street Journal ចុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា ការគាំទ្ររបបលោក បាសា អាល់អាសាដ ដើម្បីប្រឆាំងភេរវជនរដ្ឋឥស្លាម ជាអ្វីដែលលោក នឹងអនុវត្ត។

លោកបន្តថា លោកមិនចូលចិត្តប្រធានាធិបតី អាសាដ ឡើយ ប៉ុន្តែការជួយគាំទ្ររបបលោក អាសាដ ជាវិធីតែមួយគត់និងល្អបំផុតក្នុងការកម្ចាត់ក្រុមភេរវជននិងចលនាជ្រុលនិយមដែលគំរាមកំហែងពិភពលោកនិងសហរដ្ឋអាមេរិកផងនោះ។

២.រុស្ស៊ីចាប់ផ្តើមវាយប្រហារផ្លូវអាកាសនៅស៊ីរីឡើវិញ ក្រោយលោក ពូទីនជជែកជាមួយត្រាំ
ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយមេដឹកនាំទាំងពីរជជែកគ្នា គេឃើញយន្តហោះចម្បាំងរុស្ស៊ីចាប់ផ្តើមការវាយប្រហារតំបន់ជាច្រើននៅស៊ីរីរួមទាំងក្រុង Aleppo ឡើងវិញដែរ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានចេញមុខអះអាងផងដែរពាក់ព័ន្ធការចាប់ផ្តើមយុទ្ធនាការវាយប្រហារផ្លូវអាកាសឡើងវិញនេះ។ លោកបានពន្យល់ថា ការវាយប្រហារនេះធ្វើឡើងដើម្បីប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមនិងក្រុម Jabhat al-Nusra នៅទីក្រុង Idlib និង Homs។ ប៉ុន្តែលោក មិនបានបញ្ជាក់ឡើយថា ទ័ពរុស្ស៊ីបានវាយប្រហារលើទីក្រុង Aleppo នោះ។

ការវាយប្រហារតាមផ្លូវអាកាសនេះកើតឡើងជាលើកដំបូងរាប់ចាប់ពីថ្ងៃ ១៨ ខែតុលា នៅពេលដែលរុស្ស៊ីឯកភាពផ្អាកការទម្លាក់គ្រាប់បែកសិនដើម្បអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ។ ហើយការវាយប្រហារជាថ្មីនេះកើតឡើងក្រោយពេលដែលរុស្ស៊ីចល័តនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov ពីរុស្ស៊ីទៅកាន់សមុទ្រម៉េឌីទែរ៉ាណេរួចរាល់នោះ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្ហាញក្តីបារម្ភ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី បានព្រមានជាមុនចំពោះការទម្លាក់គ្រាប់បែកនៅក្រុង Aleppo ព្រោះគេមិនទាន់មានកិច្ចព្រមព្រៀងឬបទឈប់បាញ់ត្រឹមត្រូវឡើយគិតមកដល់ពេលនេះ៕

ប្រភព៖ ថ្មីៗ