ភ្នំពេញ: អ្នកគាំទ្រយ៉ាងច្រើនលើសលប់ មានទាំងជាតិសាសន៍បរទេសផង ជាមួយក្ដីទន្ទឹងទទូច ចង់ឃើញវត្តមានតារាចម្រៀងប្រជាប្រិយ បាត់បង់អាជីពរស់ក្នុងជីវិតពិការភាពមួយកំណាត់ចង្កេះចុះក្រោមដោយសារគ្រាប់រំសេវគីមី ក្រោមស្នាដៃឃាតករកំបាំងមុខ បាញ់ប្រហារកណ្តាលទីក្រុងភ្នំពេញទាំងថ្ងៃភ្លឺចែស កាលពី ១០ ឆ្នាំមុនកញ្ញា ពៅ បញ្ញាពេជ្រ ឡើងបង្ហើរសំនៀងនៅក្នុងកម្មវិធីទូរទស្សន៍ ទាំងកាយវិការអង្គុយនោះ បានសម្រេចបំណងពួកគេហើយ។

តារាចម្រៀងសំនៀងស្រទន់កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហាញក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ពេលនេះកម្មវិធីប្រគំតន្ត្រីទូរទស្សន៍បានផ្តល់ឱកាសនេះឲ្យខ្ញុំហើយ»។

នៅមុនឱកាសបុណ្យអុំទូក កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហាញខ្លួនជាសាធារណៈ ក្នុងទីអារាមវត្តប្រាសាទ នៅលើទឹកដីទេសចរណ៍ភ្នំប្រសិទិ៍្ធ ក្រោយសោកនាដកម្មឃាតករបាញ់ប្រហារជាង ១០ ឆ្នាំ។ តបនឹងកាយវិការស្វាគមន៍ សួរសុខទុក្ខ ពីលោកយាយ លោកតា និងព្រះសង្ឃ បង្ហាញឲ្យឃើញក្នុងវីដេអូឃ្លីប ពៅ បញ្ញាពេជ្រ ដែលបានជូនទ័យវត្ថុ ដល់ចាស់ៗ និងក្មេងៗនៅវត្តផងនោះ នាងក៏បានពោលឡើងថា៖ «គ្មានអ្វីជាក្តីរំពឹងថា នឹងប្រសើរឡើងវិញទេសម្រាប់ខ្ញុំ។ ខ្ញុំធ្វើទានជូនពុកម៉ែលោកយាយ លោកតា ពេលនេះក៏សង្ឃឹមថា ទានដ៏ស្តួចស្តើងនេះ នឹងជួយជាកុសលចម្លងកម្មខ្ញុំជាតិនេះ ឲ្យជាតិក្រោយជួបភាពគាប់ប្រសើរពេញមួយជីវិតផង កុំឲ្យពើបកម្មអភ័ព្វដូចជាតិនេះ»។

មហាជននៅតែចងចាំរឿងឃាតកម្មបាញ់ប្រហារទាំងថ្ងៃចែសកណ្តាលទីក្រុងភ្នំពេញ លើតារាចម្រៀងពៅ បញ្ញាពេជ្រ កាលពីខែកុម្ភៈ ឆ្នាំ ២០០៧ ទោះជាវេលានោះរំលង ១០ ជាងឆ្នាំ ទាំងឃាតករដ៏ឃោរឃៅនោះនៅមិនបានបកស្បែកមុខ។ ប៉ុន្តែជាមួយគ្នានោះ អ្នកគាំទ្រនាងក៏ពោលទាំងទទូចផងដែរ ចង់ឃើញនាងបង្ហាញវង់ភក្ត្រឲ្យបានច្រើនក្នុងកញ្ចក់ទូរទស្សន៍ ដោយម្នាក់ៗបង្ហាញជំហរយ៉ាងមុតមាំថា នៅតែគាំទ្រកញ្ញា ពៅ បញ្ញាពេជ្រ ជានិច្ច ទោះនាងស្ថិតក្នុងសភាពបែបណាក៏ដោយក៏សំឡេងនៅតែពីរោះ។

pouvpangha

ក្តីទន្ទឹងនេះត្រូវបានតារាចម្រៀងសំនៀងស្រទន់កញ្ញា ពៅ បញ្ញាពេជ្រ បញ្ជាក់ព័ត៌មានច្បាស់ការតាមទំព័រហ្វេសប៊ុករបស់នាងថា៖ «នាងខ្ញុំនឹងធ្វើការឡើងច្រៀងនៅស្ថានីយទូរទស្សន៍ CNC នៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ក្រោយពេលដែលមកលេងកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកហើយ»។

តារាចម្រៀងសន្សំប្រជាប្រិយ ដោយការលេងហ្វេសប៊ុក បន្លប់ភាពពិការរបស់ខ្លួនរូបនេះបានរៀបរាប់ថា៖ «ស្ថានីយទូរទស្សន៍ CNC បានផ្តល់កិតិ្តយសឲ្យនាងខ្ញុំបានឡើងច្រៀងក្នុងកម្មវិធី Live ផ្ទាល់របស់ POCARI SWEAT នៅថ្ងៃទី ១៨ ខែវិច្ឆិកា វេលាម៉ោង ៧ យប់។ បងប្អូនចង់ចូលរួមទស្សនាទេ ជួបជាមួយអ្នកចម្រៀងពិការ ពៅ បញ្ញាពេជ្រ»។

ថ្លែងពីវត្តមានដ៏កម្ររបស់កញ្ញា ពៅ បញ្ញាពេជ្រ រំលេចតាមកញ្ចក់ទូរទស្សន៍ អ្នកគ្រប់គ្រងកម្មវិធីតន្ត្រី ប៉ូការី ស្វេត លោក សេត គឹមសឿន ក៏បានឲ្យដឹងថា៖ «ថ្ងៃនោះ ម៉ោង ៧ យប់ តារាចម្រៀងរស់ក្នុងភាពពិការ កញ្ញា ពៅ បញ្ញាពេជ្រ គាត់នឹងផ្តល់កិត្តិយស ឡើងខនសឺត ប៉ូការី ស្វេត ដែលតាមគម្រោងកម្មវិធីនឹងផ្តល់ឲ្យគាត់បកស្រាយចម្រៀងចំនួនពីរបទ»។

លោកក៏បានបង្ហើបឲ្យដឹងទៀតថា៖ «កម្មវិធីរៀបឲ្យគាត់អង្គុយលើរទេះរុញគាត់ច្រៀង ហើយក៏សង្ឃឹមថា វត្តមានគាត់នឹងទទួលបានការគាំទ្រច្រើន ព្រោះគាត់មានគេអាណិតច្រើន និងបានបាត់មុខពីខនសឺតក្នុងកម្មវិធីទូរទស្សន៍តាំងពីគាត់ត្រូវឃាតករបាញ់ប្រហារ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍