យានអវកាស Ariane 5 របស់អឺរ៉ុប ត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យ ចេញពីស្ថានីយ៍យានអវកាសតំបន់ហ្គុយយ៉ាន កាលពីថ្ងៃរសៀលទី ១៧វិច្ឆិកា ដោយបាននាំយកទៅជាមួយ នូវឧបករណ៍ផ្កាយរណប ចំនួន៤គ្រឿង ទៅដាក់ក្នុងលំហ។ នេះគឺជាបេសកកម្មរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដើម្បីដាក់តាំងប្រព័ន្ធកំណត់ទីដៅ រឺហៅថា GPS របស់អឺរ៉ុប ដែលនឹងចាប់ផ្តើមដំណើរការ នៅមុនដំណាច់ឆ្នាំ២០១៦នេះ។

ប្រព័ន្ធផ្កាយរណប របស់អឺរ៉ុប ដែលមានឈ្មោះថា Galileo កំពុងតែឃើញរូបរាង្គពិតប្រាកដ តាមរយៈផ្កាយរណបថ្មីចំនួន៤គ្រឿង ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់អ្នកវិទ្យាសាស្ត្រអឺរ៉ុប។ យានអវកាស Ariane 5 បានហោះចេញពីដីនៅស្ថានីយ៍យានអវកាសតំបន់Guyane នៅវេលាម៉ោង១រសៀល ម៉ោងសកល។ ៤ម៉ោងបន្ទាប់ពីបានចេញដំណើរ យាននេះបានផ្តាច់ឧបករណ៍ ផ្កាយរណបទាំង៤គ្រឿង ឲ្យអណ្តែតក្នុងលំហនៃខ្សែអកប៊ីតផែនដី។

Loading...

តាមការជូនដំណឹងពីភ្នាក់ងារអវកាសអឺរ៉ុប ដែលជាម្ចាស់គំរោងនេះ បានបញ្ជាក់ថា ប្រព័ន្ធផ្កាយរណប Galileo រឺ Galileo Navigation GPS នេះ នឹងចាប់ផ្តើមដំណើរការ នាចុងខែធ្នូខាងមុខនេះ ដោយមានផ្កាយរណបទាំងអស់ ១៨គ្រឿង។ លោក Jan Woerner អគ្គនាយកទីភ្នាក់ងារអវកាសអឺរ៉ុប បញ្ជាក់ថា បេសកកម្មដាក់ឲ្យដំណើរការប្រព័ន្ធGPS របស់អឺរ៉ុបនេះ គឺធ្វើឡើងដើម្បីពន្លឿនសមត្ថភាពរបស់អឺរ៉ុប ក្នុងការប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួន ព្រោះកន្លងមក អឺរ៉ុបបានប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS របស់សហរដ្ឋអាមេរិក។ ប្រព័ន្ធថ្មីរបស់អឺរ៉ុប គឺជាបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់រលកសញ្ញាក្នុងទំហំធំ និងល្បឿនលឿនជាងប្រព័ន្ធផ្កាយរណបរបស់អាមេរិក។

បើទោះបីជាទីភ្នាក់ងារអវកាសអឺរ៉ុបធ្លាប់មានបទពិសោធន៍បាញ់បង្ហោះយានអវកាសជាច្រើនលើកក៏ដោយ តែការបាញ់បង្ហោះយកផ្កាយរណបGPSប្រភេទនេះ គឺវាខុសគ្នាពីការបញ្ជូនផ្កាយរណបទូរគមនាគមន៍សាមញ្ញ។ លោក Stephan Israël អគ្គនាយកក្រុមហ៊ុនArianespace ដែលជាអ្នកចាត់ចែងការបាញ់បង្ហោះនេះ បានពន្យល់ថា ការបាញ់បង្ហោះយកផ្កាយរណប GPS ខុសពីការបង្ហោះផ្កាយរណបទូរគមនាគមន៍ ដោយសារយានអវកាសត្រូវការថាមពលឲ្យច្រើនបំផុត ដើម្បីនាំផ្កាយរណបឲ្យទៅសឹងតែដល់ខ្សែអកប៊ីរ របស់ផែនដី ក្នុងកំពស់ប្រមាណជិត៣ម៉ឺនគីឡូម៉ែត្រ ពីផែនដី។ ពីនេះរហូតដល់ឆ្នាំ២០២០ខាងមុខ តាមការគ្រោងទុករបស់ភ្នាក់ងារអវកាសអឺរ៉ុប ប្រព័ន្ធផ្កាយរណបGalileo នឹងមានផ្កាយរណបសរុប ចំនួនជាង៣០គ្រឿង។

ដោយឡែក នៅស្ថានីយអវកាសBaikonour ប្រទេសកាហ្សាក់ស្ថានឯណោះ យានអវកាសSoyouz របស់រុស្ស៊ី បានហោះចេញដំណើរ កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា ដោយបាននាំយកអ្នកអវកាស៣រូបទៅជាមួយ ក្នុងនោះមានអ្នកអវកាសជនជាតិបារាំងឈ្មោះ Thomas Pasquet អ្នកអវកាសជនជាតិអាមេរិកឈ្មោះ Peggy Whitson និងជនជាតិរុស្ស៊ី ឈ្មោះ Oleg Novitsky។ អ្នកអវកាសទាំង៣នាក់ ត្រូវទៅបំពេញបេសកកម្ម រយៈពេល៦ខែ នៅស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលស្ថិតនៅលើខ្សែអកប៊ីតផែនដី បន្ទាប់ពីបានហ្វឹកហាត់ និងត្រៀមខ្លួនអស់រយៈពេល៧ឆ្នាំ មុននឹងត្រូវគេសម្រេចអនុញ្ញាតិ ឲ្យបំពេញបេសសកម្ម ដ៏អស្ចារ្យនេះ៕

ប្រភព៖ rfi