ពាក់ព័ន្ធនឹងសំណុំរឿងក្តីទំនាស់ដីធ្លីមួយកន្លែងទំហំ១៤៦ហិកតា ឋិតនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ជាជនជាប់ចោទនោះ ត្រូវបានលោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សៀង ចាន់ហេង ដាក់ពន្ធនាគារកំណត់១ឆ្នាំ ពិន័យជាប្រាក់ចំនួន៣លានរៀល និងបង្គាប់ឲ្យសងសំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ លឹម ឃី ចំនួន៤០០លានរៀល ពីបទក្លែងបន្លំ និងបទប្រើប្រាសលិខិតក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨នៃក្រមព្រហ្មឬទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ជាជនជាប់ចោទដាក់ពន្ធនាគារកំណត់១ឆ្នាំ ដោយគ្មានការព្យួរទោសក៏ដោយ ក៏ជនជាប់ចោទឈ្មោះ សៀង ចាន់ហេង មិនត្រូវបានលោកចៅក្រម ឡុង កេសភីរម្យ ប្រើប្រាស់ឆន្ទានុសិទ្ធិចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពេលអវត្តមានក្នុងសវនាការតាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។

ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះ សៀង ចាន់ហេង គឺក្នុងកម្រិតទោសទណ្ឌទាបបំផុតហើយ បើអនុលោមទៅតាមមាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ដែលបានចែងថា «ការក្លែងបន្លំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។ ការប្រើប្រាស់លិខិតក្លែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ ៦លានរៀល។»។

មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងផងដែរថា អនុលោមតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺប្រសិនបើតុលាការប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំយ៉ាងតិចដោយគ្មានការព្យួរទេ តុលាការតាមសេចក្តីសម្រេចពិសេស និងដោយមានសំអាងហេតុ អាចចេញក្នុងពេលសវនាការនូវដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទដែលអវត្តមាន។ ដូច្នេះ ជនជាប់ចោទឈ្មោះ សៀង ចាន់ហេង ក៏អាចត្រូវចៅក្រមជំនុំជម្រះចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបានដែរ ប៉ុន្តែដោយជនជាប់ចោទមានលុយកាក់ចំណាយច្រើន ទើបតុលាការមិនហ៊ានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ទោះបីមេធាវីតំណាងសិទ្ធិ និងការពារក្តីឲ្យដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំក៏ដោយ។

លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ជាឈ្មួញល្បីឈ្មោះខាងរកស៊ីជំនួញដីធ្លីផង និងជំនួញខាងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ផងនោះ ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០១/២៨៦ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០១។ លោកស្រីឧកញ៉ា សៀង ចាន់ហេង ទទួលបានសញ្ញាបត្រណ្ឌិតនីតិសាស្ត្រពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) ដែលមានលោកឧកញ៉ាបណ្ឌិត ជា ចំរើន ជាសាកលវិទ្យាធិកា៕

ប្រភព៖ dtn7

ព័ត៌មានទាក់ទង៖ អ្នកស្រី សៀង ចាន់ហេង ថាការផ្ដន្ទាទោសលើអ្នកស្រីជាសិទ្ធិរបស់តុលាការ

នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង ចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យអ្នកស្រីជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងរឿងជម្លោះដីធ្លីមួយនៅខេត្តកំពង់ឆ្នាំង ថាជាសិទ្ធិរបស់តុលាការ។ ទោះជាយ៉ាងណា អ្នកស្រីថា ក្រុមមេធាវីរបស់អ្នកស្រីនឹងចាត់ការរឿងនេះបន្ត។

0c4b3ffc-5350-405f-9b53-505d30f965fc

រឿងក្ដីក្ដាំជម្លោះដីធ្លីរវាងអ្នកមានទ្រព្យធនដូចគ្នារហូតឈានដល់តុលាការសម្រេចផ្ដន្ទាទោសភាគីចុងចោទជាម្ចាស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលគេដឹងថា ជាមនុស្សមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានងារជាឧកញ៉ាទៀតនោះ បានធ្វើឲ្យខ្ទរខ្ទារលើបណ្ដាញសារព័ត៌មានជាច្រើន។

គេមិនដឹងថា តើរឿងក្ដីក្ដាំនោះវាយ៉ាងណាឲ្យពិតប្រាកដនោះទេ ប៉ុន្តែជាលទ្ធផល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកស្រី សៀង ចាន់ហេង ឬដែលគេតែងហៅថា ជំទាវហេងនោះ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារដីជិត ២០០ហិកតារនៅខេត្តកំពង់ឆ្នាំង ហើយប្រើប្រាស់ឯកសារដីក្លែងនោះលក់ដីទៅឲ្យអ្នកផ្សេងទៀត បើទោះជាដីនោះ អ្នកស្រី សៀង ចាន់ហេង បានលក់ទៅឲ្យដើមបណ្ដឹងគឺអ្នកស្រី លឹម ឃី រួចហើយតាំងពីឆ្នាំ១៩៩៤ ក្ដី។

ថ្លែងប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសចិន កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា អ្នកស្រី សៀង ចាន់ហេង និយាយដោយខ្លីថា ការផ្ដន្ទាទោសលើអ្នកស្រីឲ្យជាប់ពន្ធនាគារ ១ឆ្នាំ នៅក្នុងរឿងដីធ្លីនេះវាជាសិទ្ធិសម្រេចរបស់តុលាការ។ ទោះជាយ៉ាងណា អ្នកស្រីសង្កត់ធ្ងន់ថា ការពិតវានៅតែជាការពិត ហើយក្រុមមេធាវីរបស់អ្នកស្រីនឹងចាត់ការរឿងនេះបន្តទៀត៖ «តុលាការកាត់អីកាត់ទៅជាសិទ្ធិរបស់តុលាការ ឲ្យតែការពិត ការពិតវានៅតែការពិតដដែល យើងឲ្យមេធាវីចាត់ការរឿងយើង ព្រោះយើងជាប់នៅឆ្ងាយ ចង់មានការអីទាក់ទងមេធាវីយើង»។

កន្លងទៅគេតែងឮថា ជម្លោះដីធ្លីដែលប្ដឹងទៅកាន់តុលាការភាគច្រើនកើតឡើងរវាងអ្នកមានទ្រព្យធន អ្នកមានអំណាច ជាមួយពលរដ្ឋក្រីក្រដែលត្រូវបានអ្នកមានអំណាច ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភរឹបអូសយកធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន ហើយធ្វើឲ្យពលរដ្ឋក្រីក្រលើកគ្នាតវ៉ា ឬនាំគ្នាប្ដឹងទៅតុលាការ។ ប៉ុន្តែករណីពេលនេះ ជារឿងដែលគេកម្រជួបប្រទះកន្លងមក ហើយវារឹតតែកម្រទៀតនោះ គឺនៅត្រង់ថា អ្នកដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងបង់ប្រាក់ ៤០០លានរៀលទៅឲ្យដើមបណ្ដឹង គឺជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ហើយថែមទាំងមានមិត្តភ័ក្ដិមានអំណាចនៅក្នុងជួររដ្ឋាភិបាលទៀតផង។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី មានប្រសាសន៍នៅថ្ងៃទី១៧ វិច្ឆិកា ថា ក្ដីក្ដាំរបស់អ្នកស្រី សៀង ចាន់ហេង គឺពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ និងការប្រើប្រាស់ឯកសារក្លែង។ លោកបញ្ជាក់ថា តាមច្បាប់ ភាគីអ្នកស្រី សៀង ចាន់ហេង មានរយៈពេល ១ខែដើម្បីប្ដឹងឧទ្ធរណ៍ តែបើក្នុងមួយរយៈពេលនេះមិនមានការប្ដឹងឧទ្ធរណ៍ទេនោះ សាលក្រមនឹងចប់សព្វគ្រប់ ហើយថាតើតុលាការនឹងចាត់វិធានការបែបណាចំពោះអ្នកស្រី សៀង ចាន់ហេង ទៀតនោះ លោក សួស វិទ្យារ៉ាន់ឌី អះអាងថា ចៅក្រមនឹងចាត់ការទៅតាមនីតិវិធី៖ «ហ្នឹងជានីតិវិធីរបស់ចៅក្រមទៀត គាត់នឹងចាត់ចែងតាមនីតិវិធីរបស់គាត់ទៀត»។

អ្នកស្រី សៀង ចាន់ហេង គឺជានាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយធ្វើការវិនិយោគទៅលើវិស័យជាច្រើន ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម សហគ្រាស រោងចក្រ សំណង់ រថយន្ត ភោជនីយដ្ឋាន សណ្ឋាគារ សាលារៀន និងសារព័ត៌មានជាដើម។

បន្ថែមពីលើនេះ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មានដីរាប់រយហិកតារនៅតាមបណ្ដាខេត្តក្រុងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជានៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង តាកែវ កំពត និងកោះកុង។ ក្រៅពីនេះ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក៏មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួន ហើយក៏គ្រោងបង្កើតនូវមជ្ឈមណ្ឌលកម្សាន្តអគារពាណិជ្ជកម្ម ឬហាងលក់ ទំនិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។

ក្នុងពេលប្រកាសសាលក្រមនៅថ្ងៃទី១៦ ខែវិច្ឆិកា អ្នកស្រី សៀង ចាន់ហេង មិនមានវត្តមានក្នុងតុលាការឡើយ។ មេធាវីការពារក្តីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតរបស់អ្នកស្រី សៀង ចាន់ហេង គឺលោក ម៉ៃ វណ្ណាឌី។ លោកមានប្រសាសន៍តាមទូរស័ព្ទថា លោកមិនបានចូលរួមក្នុងពេលប្រកាសសាលក្រមនោះទេ ដោយសារលោកជាប់រវល់។

លោកថា លោកមិនទាន់ដឹងថា តើកូនក្តីរបស់លោកនឹងធ្វើអ្វីបន្តទៀតនៅឡើយ ហើយលោកក៏មិនទាន់ទាក់ទងជាមួយកូនក្ដីលោកនៅឡើយដែររហូតមកទល់នឹងល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា៖ «និយាយទៅការសម្រេចរបស់តុលាការជាគោលការណ៍ទាំងអស់គ្នាត្រូវតែគោរព បើសិនភាគីណាមួយមិនពេញចិត្ត គាត់មានសិទ្ធិប្ដឹងទៅតុលាការជាន់ខ្ពស់មួយថ្នាក់ទៀត ហើយខ្ញុំអត់មានទៅនិយាយថា យ៉ាងម៉េចទេ ព្រោះខ្ញុំការពារតែផ្លូវច្បាប់ទេ»។

មេធាវីការពារអ្នកស្រី លឹម ឃី ដែលជាដើមបណ្ដឹងប្ដឹងអ្នកស្រី សៀង ចាន់ហេង គឺលោក ថាន ថាវរៈ។ លោកប្រាប់អាស៊ីសេរី ដោយសុំមិនបញ្ចេញសំឡេងថា កូនក្ដីលោកដែលស្គាល់ពាណិជ្ជករជនជាតិចិន បានរកស៊ីជាមួយអ្នកស្រី សៀង ចាន់ហេង ជាយូរឆ្នាំមកហើយ។ លោកថា នៅឆ្នាំ១៩៩៤ អ្នកស្រី សៀង ចាន់ហេង បានលក់ដីជិត ២០០ហិកតារនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទៅឲ្យកូនក្ដីលោក និងជនជាតិចិន ទាំងនោះ ហើយបានប្រគល់ឯកសារដីរួចរាល់ទៅឲ្យភាគីកូនក្ដីរបស់លោក។ ប៉ុន្តែលុះដល់ឆ្នាំ២០១៣ នៅពេលដែលកូនក្ដីលោកចុះទៅពិនិត្យដី ស្រាប់តែគេប្រាប់ថា ដីនោះត្រូវបានអ្នកស្រី សៀង ចាន់ហេង លក់ទៅឲ្យអ្នកដទៃទៀត ទើបនាំឲ្យមានការប្ដឹងផ្ដល់តាំងពីពេលនោះមក។

ជម្លោះដីធ្លីគឺជាជំងឺរ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន និងដោយសារការរឹបអូសយកដីធ្លីពលរដ្ឋដោយជនមានទ្រព្យសម្បត្តិ និងមានអំណាច។

កន្លងទៅ ករណីក្លែងបន្លំឯកសារយកដី គេឃើញភាគច្រើនកើតទៅលើពលរដ្ឋក្រីក្រដោយសារអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានអំណាចឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានធ្វើឯកសាររំលោភយកដីពលរដ្ឋ បើទោះជាពេលខ្លះដីនោះត្រូវបានពលរដ្ឋកាន់កាប់ និងចូលរស់នៅចាប់តាំងពីក្រោយសម័យខ្មែរក្រហមក្តី។ ប៉ុន្តែករណីអ្នកមានហើយ ថែមទាំងជាដៃគូរកស៊ីជាមួយគ្នាក្លែងឯកសារយកដីគ្នាឯងជារឿងដែលគេកម្រឮណាស់។

រហូតមកទល់ពេលនេះ ករណីឃុបឃិតគ្នារវាងអ្នកមានអំណាច អ្នកមានទ្រព្យធនជាមួយអាជ្ញាធរមូលដ្ឋានធ្វើឯកសារ ឬបន្លំឯកសារយកដីពលរដ្ឋ កំពុងធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវរងទឹកភ្នែកទឹកសំបោរ ហើយជាទូទៅការតវ៉ារបស់ពួកគាត់ពុំសូវត្រូវបានអាជ្ញាធរ ឬតុលាការស្វែងរកយុត្តិធម៌ឲ្យឡើយ បើទោះជាពេលខ្លះពួកគាត់បានលើកគ្នាម្ដងជាពីរ ម្ដងមករាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ឬពីលោកនាយក មន្ត្រី ហ៊ុន សែន ក្ដី។

ពេលខ្លះដោយសារអស់សង្ឃឹមនឹងប្រព័ន្ធតុលាការ ហើយដោយសារតែភាពក្រីក្រទៀតនោះ ពលរដ្ឋរងគ្រោះមិនហ៊ានចេញមុខតវ៉ា ហើយក៏ទុកឲ្យឈ្មួញមានអំណាចរឹបអូសយកដីរបស់ពួកគាត់តាមអំពើចិត្ត ខណៈពលរដ្ឋខ្លះបានទទួលសំណងដែរ តែសំណងដែលឈ្មួញមានអំណាចប្រគល់ឲ្យនោះមានតម្លៃទាបខ្លាំងជាងទីផ្សារក៏មាន៕

ប្រភព៖ rfa