កាលពីចុងខែតុលា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ការយល់ព្រមលើសេចក្ដីព្រាងកញ្ចប់ថវិកានេះ។

ភ្នំពេញ —គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិខ្មែរនៅថ្ងៃសុក្រនេះ បានផ្ដល់សេចក្ដីយល់ព្រមលើការពិភាក្សាសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ដែលគ្រោងនឹងចំណាយជាង៥០០០លានដុល្លារអាមេរិកទៅលើប្រតិបត្តិការរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីចុងខែតុលា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ការយល់ព្រមលើសេចក្ដីព្រាងកញ្ចប់ថវិកានេះ។

គម្រោងនៃការចំណាយថវិកាជាតិឆ្នាំ២០១៧ ដែលមានចំនួន៥០០០លានដុល្លារអាមេរិកនេះគឺជាចំនួនស្មើនឹង២២.៧៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផសស) និងបានកើនលើស១៥.៦ភាគរយពីថវិកាជាតិឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ៤.៣០០លានដុល្លារអាមេរិក។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិ ថ្លែងប្រាប់ VOA ថា ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងបានចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភានៅព្រឹកថ្ងៃសុក្រនេះ ដោយបានយល់ព្រមបញ្ជូនសេចក្ដីព្រាងច្បាប់ថវិកាជាតិទៅពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ។

លោកបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍សភាមិនបានធ្វើការកែតម្រូវលើសេចក្ដីព្រាងច្បាប់ថវិកានោះទេ។

«អត់មានទេ អត់មានកែតម្រូវអីទេ គឺឥឡូវនេះ មានអី គេមានសម្រេចអី សម្រេចគ្រាន់សម្រេចបញ្ជូនទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ប៉ុណ្ណឹងតើ»។

យោងតាមសេចក្ដីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយជាសាធារណៈកាលពីខែតុលាកន្លងទៅនេះ រដ្ឋាភិបាលគ្រោងនឹងចំណាយទៅលើវិស័យសំខាន់ៗ រួមមានវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលគ្រោងនឹងចំណាយចំនួនជាង៨២២លានដុល្លារ គឺកើនឡើង២០.៤ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦។

វិស័យសេដ្ឋកិច្ចដែលគ្រោងនឹងចំណាយចំនួនជាង៣២២លានដុល្លារ គឺកើនឡើង ១៣.១ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦។ ចំណែក វិស័យសង្គមកិច្ច ដែលគ្រោងនឹងចំណាយជាង១.១៩២លានដុល្លារ គឺកើនឡើង១២.៧ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាប្រាប់ VOA ថា វត្តមានរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងកិច្ចប្រជុំពេញអង្គដែលផ្ដោតលើការអនុម័តសេចក្ដីព្រាងថវិកានេះ គឺមានសារៈសំខាន់ក្នុងការធានាថា ថវិកាដែលនឹងត្រូវបានអនុម័តនោះគឺនឹងបែងចែកឲ្យចំវិស័យអាទិភាពសំខាន់ៗ ក៏ដូចជាធានាថា ថវិកានឹងត្រូវបានអនុម័តប្រកបដោយតម្លាភាព និងការជជែកពិភាក្សា។

«ការអនុម័តថវិកាជាតិគឺសំខាន់នៅក្នុងការផ្ដល់នូវការគិតគូ ការវិនិយោគ ក៏ដូចជាគម្រោងដើម្បីអភិវឌ្ឍន៍ប្រទេសទាំងមូល។ ដូច្នេះ ខ្ញុំថា ជាការល្អ បើសិនជាគណបក្សជំទាស់ចូលរួមក្នុងការជជែកដេញដោល ហើយដើម្បីឲ្យវាមានអត្ថន័យគណបក្សកាន់អំណាចក៏បើកចិត្តដើម្បីស្ដាប់នូវមតិយោបល់ និងការស្នើសុំរបស់គណបក្សជំទាស់ហើយបើសិនជាចាំបាច់ធ្វើការកែសម្រួល ឬក៏ពន្យល់ដើម្បីធ្វើម៉េចឲ្យច្បាប់ ឬក៏គម្រោងពង្រាងច្បាប់ថវិកា២០១៧ហ្នឹង វាឆ្លុះបញ្ចាំងនូវអាទិភាព ឆ្លុះបញ្ចាំងនូវសេចក្ដីត្រូវការឆ្លុះបញ្ចាំងនូវអ្វីដែលប្រជាពលរដ្ឋខ្មែរយើងចង់បាន ចង់ឃើញ ចង់មានការអភិវឌ្ឍបែបហ្នឹងបាទ»។

ក្នុងការចំណាយរបស់រដ្ឋាភិបាលដែលមានចំនួន៤.៣០០លានដុល្លារសម្រាប់ឆ្នាំ ២០១៦ រដ្ឋាភិបាលបានដំឡើងការខ្ចីប្រាក់ពីកម្រិត៦០០លាន SDR (ឬប្រមាណជា ៨៤០លានដុល្លារអាមេរិក) នៅឆ្នាំ២០១៥ ទៅដល់៧០០លាន SDR (ឬប្រមាណជា ៩៨០លានដុល្លារអាមេរិក) នៅឆ្នាំ២០១៦។ នេះបើយោងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គម្រោងថវិកាឆ្នាំ២០១៦។

មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេស កាលពីពេលកន្លងមកមិនអាចបញ្ជាក់អំពីលទ្ធភាពនៃការខ្ចីប្រាក់បន្ថែមពីបរទេស ដើម្បីទ្រទ្រង់លើផែនការចាយវាយសម្រាប់ឆ្នាំ២០១៧នោះឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាននៅរដ្ឋសភា នាថ្ងៃសុក្រនេះថា ក្រុមតំណាងរាស្ត្រគណបក្សជំទាស់នឹងចូលរួមកិច្ចប្រជុំពេញអង្គរបស់សភានៅថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ។

លោកបន្ថែមថា ក្រុមតំណាងរាស្ត្រគណបក្សជំទាស់ចាត់ទុកសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៧ ថា ឯកសារសំខាន់ដែលត្រូវទទួលបានការពិភាក្សាពីតំណាងរាស្ត្រទាំងពីរគណបក្សនៅសភា។

«ច្បាប់ថវិកាជាតិរបស់ប្រទេសមួយៗ គឺជាច្បាប់សំខាន់ជាទីបំផុត ព្រោះពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ យល់ឃើញថា ជាច្បាប់មួយដ៏សំខាន់ ហើយខាងសំឡេងភាគតិច នឹងចូលរួមដើម្បីពិភាក្សាផ្ដល់មតិយោបល់អីយ៉ាងណាខ្លះ ពេលនោះបាទ»។

កាលពីខែធ្នូឆ្នាំ២០១៥ តំណាងរាស្ត្រ៦៦រូបនៃគណបក្សកាន់អំណាចបានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គម្រោងថវិកាឆ្នាំ២០១៦ជាឯកច្ឆន្ទ ដោយគ្មានការជជែកដេញដោល នៅគ្រាដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងធ្វើពហិការមិនចូលប្រជុំ៕

ប្រភព៖ voa