ក្រុងប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថាការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅប្រទេសចិនដីគោកបានកើនឡើង ៤,២ ភាគរយនៅរយៈពេល ១០ ខែដំបូងនៅឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៦៦៦,៣ ពាន់លានយន់ (ប្រហែល ៩៨ ពាន់លានដុល្លារអាមេរិក)។

អត្រាកំណើនមិនផ្លាស់ប្តូរនោះឡើយចាប់ពីខែមករាដល់ខែកញ្ញា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

លោក Tang Wenhong ប្រធានផ្នែកវិនិយោគបរទេសរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាឧស្សាហកម្មសេវាបានបន្តទាក់ទាញការវិនិយោគបរទេសដ៏ច្រើនក្នុងរយៈពេលពីខែមករាដល់ខែតុលានេះ។

ការវិនិយោគ FDI នៅក្នុងវិស័យសេវាដែលមានចំនួន ៧០,៧ ភាគរយនៃការវិនិយោគទាំងអស់បានកើនឡើង ៩,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងអំឡុងពេលនេះ។

ជាពិសេស FDI នៅក្នុងសេវាបច្ចេកវិទ្យាខ្ពស់បានកើនឡើងខ្លាំង ៩០,២ ភាគរយធៀបពីឆ្នាំមុនដល់ ៧៩,១៨ ពាន់លានយន់។

នៅក្នុងរយៈពេល ១០ ខែដំបូងការវិនិយោគ FDI មកពីអាមេរិកបានកើនឡើង ៧៩,៨ ភាគរយខណៈដែលមកពីសហភាពអឺរ៉ុបបានកើនឡើង ៤១,៥ ភាគរយ។ ចំនួនក្រុមហ៊ុនបរទេសដែលទើបបង្កើតថ្មីជាមួយនឹងការវិនិយោគជាង ១០០ លានដុល្លារមានចំនួនសរុប ៦០០។

កាវិនិយោគ FDI នៅក្នុងតំបន់ខាងលិចរបស់ប្រទេសចិនបានកើនឡើង ២៩,៨ ភាគរយធៀបនឹងឆ្នាំមុនដល់ ៤៩,២៧ ពាន់លានយន់ក្នុងអំឡុង ១០ ខែនេះខណៈដែលតំបន់ខាងកើតដែលមានការអភិវឌ្ឍកាន់តែច្រើនបានទាក់ទាញការវិនិយោគ ៥៨២,៨២ ពាន់លានយន់កើនឡើង ៦,៩ ភាគរយ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍