បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល០៣សប្ដាហ៍បានបញ្ចប់ភ្លាម ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ យន្ដហោះចម្បាំងរុស្ស៊ី និងកងកម្លាំងយោធារដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីក្រុង និងភាគខាងកើតទីក្រុង Aleppo របស់ប្រទេសស៊ីរី សំដៅកម្ទេចទីតាំងកងកម្លាំងក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិក ប៉ុន្តែប៉ះចំមន្ទីរពេទ្យកុមារមួយកន្លែងបណ្ដាលឲ្យប្រធានមន្ទីរពេទ្យសម្រេចទាំងបង្ខំចិត្តជម្លៀសអ្នកជំងឺជាកុមារចាកចេញទៅរកជម្រកសុវត្ថិភាពបណ្ដោះអាសន្ន និងមានមនុស្សយ៉ាងហោចណាស់ជិត៤០នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានកុមារជាច្រើននាក់ផង ខណៈការវាយប្រហារនេះបានកើតឡើងក្រោយលោក Donald Trump ទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីទី៤៥របស់អាមេរិក និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីទូរស័ព្ទពិភាក្សាគ្នាប៉ុន្មានម៉ោងប៉ុណ្ណោះ ។

Loading...

ជាគោលការណ៍ «ទ្រឹស្ដី» គឺ រុស្ស៊ី អ៊ីរ៉ង់ និងរដ្ឋាភិបាលស៊ីរីជាសម្ព័ន្ធមិត្តបានដាក់ចេញនូវផែនការវាយកម្ទេចទាំងក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាលលោក Bashar al-Assad ដែលគាំទ្រដោយសហរដ្ឋអាមេរិក ទាំងក្រុមឧទ្ទាមអ៊ីស្លាមបំបែករដ្ឋ ISIS ។ ប៉ុន្តែ គោលការណ៍ចម្បងរបស់មហាអំណាចរុស្ស៊ី និងអ៊ីរ៉ង់ គឺត្រូវវាយកម្ទេចក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយអាមេរិក ដើម្បីជួយជ្រោមជ្រែងអំណាចឲ្យលោកប្រធានាធិបតីស៊ីរី Bashar al-Assad ទាំងស្រុង ។

ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីអស់រយៈពេលជាង៥ឆ្នាំ បង្កឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតជាង៣០ម៉ឺននាក់កន្លងមកនេះ គឺមហាអំណាចអាមេរិក និងបណ្ដាប្រទេសជាបក្សសម្ព័ន្ធអង្គការ NATO បានគាំទ្រដល់កងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលលោក Bashar al-Assad ដោយរាល់ទីតាំងដែលអាមេរិកវាយរំដោះបានពីក្រុមឧទ្ទាម ISIS ទាំងអម្បាលមាណត្រូវបានប្រគល់ឲ្យទៅកងកម្លាំងប្រជាធិបតេយ្យប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីគ្រប់គ្រង ។

សារព័ត៌មាន Telegraph របស់អង់គ្លេសបានផ្សព្វផ្សាយឲ្យដឹងថា អង់គ្លេសដែលជាប្រទេសសមាជិកអង្គការ NATO សម្ព័ន្ធមិត្តជាមួយអាមេរិកបានចាត់ទុកថា ការផ្ដួលរំលំរដ្ឋាភិបាលលោក Bashar al-Assad គឺជាការចាំបាច់បំផុត ពីព្រោះលោកប្រធានាធិបតីស៊ីរី Bashar al-Assad បច្ចុប្បន្នមានបាតដៃប្រឡាក់ឈាមមនុស្សជាង៤០ម៉ឺននាក់នៅក្នុងប្រទេសស៊ីរី ។

លោក Francois Hollande ប្រធានាធិបតីបារាំងដែលជាប្រទេសសមាជិកអង្គការ NATO សម្ព័ន្ធមិត្តជាមួយអាមេរិកដែរនោះ ធ្លាប់បានប្រកាសថា រុស្ស៊ីបានបំពានលើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសស៊ីរី ដែលត្រូវផ្ដន្ទាទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីព្រោះរុស្ស៊ី និងរដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារសម្លាប់មនុស្សជាជនស្លូតត្រង់អស់ជាច្រើននាក់ចាប់តាំងពីឆ្នាំ២០១៥មក ។

ផ្ទុយពីគោលនយោបាយការបរទេសរបស់លោក Barack Obama ប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកដែលជិតផុតអាណត្តិ និងបក្សសម្ព័ន្ធអង្គការ NATO ដែលត្រូវការផ្ដួលរំលំរដ្ឋាភិបាលស៊ីរីលោក Bashar al-Assad ជាចាំបាច់នោះ គឺលោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក និងគ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខ បែរជាមានគោលនយោបាយការបរទេសដូចគ្នាទៅនឹងរុស្ស៊ី ពោលត្រូវកំណត់គោលដៅវាយកម្ទេចទីតាំងក្រុមឧទ្ទាម ISIS ប្រសើរជាងបង្ខំឲ្យលោក Bashar al-Assad ប្រធានាធិបតីស៊ីរីចុះចេញពីតំណែង ដែលអះអាងថាអាចនាំឲ្យអាមេរិកមានជម្លោះជាមួយស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ទៅវិញ ។

ឥឡូវនេះ ដូចបានអនុវត្តតាមបន្ទាត់នយោបាយការបរទេសរបស់លោក Donald Trump គឺមហាអំណាចរុស្ស៊ី និងសម្ព័ន្ធមិត្តកំពុងសប្បាយដៃ «វាយ» ក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយអាមេរិក និងក្រុម ISIS ដើម្បីរក្សាការពារអំណាចឲ្យលោក Bashar al-Assad ប្រធានាធិបតីរុស្ស៊ីហើយ ខណៈក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរីកំពុងរង់ចាំមើលជំហរនយោបាយចុងក្រោយរបស់អាមេរិក និងសម្ព័ន្ធមិត្តអង្គការ NATO ៕

ប្រភព៖ dtn7