លោក Lars Olsen មន្ត្រីផ្នែកច្បាប់នៃសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា ការប្រកាសនេះគឺជាការផ្ដល់ឱកាសដល់ភាគីនៃបណ្ដឹងសម្រាប់ទទួលនូវយុត្តិធម៌ និងការប្រើប្រាស់សិទ្ធិដែលខ្លួនមាននៅក្នុងតុលាការ។

ភ្នំពេញ —អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូបគឺ លោក នួន ជា និង លោក ខៀវ សំផន ដែលកំពុងជាប់ឃុំក្រោយការសម្រេចឲ្យជាប់ពន្ធនាគារម្នាក់ៗមួយជីវិត នឹងត្រូវតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមសម្រេចសេចក្ដីចុងក្រោយនាថ្ងៃពុធក្នុងសប្ដាហ៍នេះ បន្ទាប់ពីអ្នកទាំងពីរបានប្ដឹងសាទុក្ខកាលពីពីរឆ្នាំមុន។

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ លោក នួន ជា និងលោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗមួយជីវិត ដោយចោទប្រកាន់ក្នុងសំណុំរឿង ០០២ វគ្គ១ អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងអង្គហេតុនៃការជម្លៀសប្រជាជនដោយបង្ខំដំណាក់កាលទី១ និងទី២ និងការសម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ទោះជាយ៉ាងណា ការសម្រេចសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនោះ មិនទាន់ចូលជាស្ថាពរនៅឡើយ។
ថ្លែងក្នុងសន្និសីទកាសែតស្ដីពីការរៀបចំមុនការប្រកាសសាលដីកាស្ថាពរលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា លោក Lars Olsen មន្ត្រីផ្នែកច្បាប់នៃសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា ការប្រកាសនេះគឺជាការផ្ដល់ឱកាសដល់ភាគីនៃបណ្ដឹងសម្រាប់ទទួលនូវយុត្តិធម៌ និងការប្រើប្រាស់សិទ្ធិដែលខ្លួនមាននៅក្នុងតុលាការ។

លោកបន្តថា ការប្រកាសសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលនៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកាខាងមុខនេះ គឺជាការសម្រេចបិទផ្លូវតវ៉ាលើសំណុំរឿង ០០២/០១ ទៅលើលោក ខៀវ សំផន និង នួន ជា។

លោក Lars Olsen បន្ថែមថា បន្ទាប់ពីការប្រកាសនោះ តុលាការនឹងសម្រេចពីទីតាំងពន្ធនាគារដែលត្រូវដាក់ជនជាប់ចោទទាំងពីរ ហើយជនជាប់ចោទក៏គ្មានសិទ្ធិក្នុងការប្ដឹងបន្តទៀតដែរ។

លោកបញ្ជាក់តាមរយៈអ្នកបកប្រែថា៖ «តើចំពោះ នួន ជា និង ខៀវ សំផន នឹងទទួលយកទេនោះ? ខ្ញុំក៏មិនដឹងថា ចិត្តគាត់យ៉ាងណានោះទេ។ យើងមិនដឹងថា តើលទ្ធផលនៃការសម្រេចតុលាការយ៉ាងណាដែរ។ គាត់យល់យ៉ាងម៉េចដែរអញ្ចឹង បើគាត់ជោគជ័យលើបណ្ដឹងសាទុក្ខរបស់គាត់ នោះគាត់នឹងរីករាយ ក៏ប៉ុន្តែមិនជោគជ័យនោះទេ។ លោក លោកស្រីអាចទៅសួរមេធាវីការពារក្តីថា ពួកគាត់យល់យ៉ាងណា»។

បណ្ដឹងសាទុក្ខរបស់ លោក នួន ជា និង ខៀវ សំផន បានប្ដឹងសុំឲ្យតុលាការច្រានចោលសាលក្រមដែលសម្រេចដាក់ទោសពួកគាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងឲ្យគាត់ពួកគាត់រួចខ្លួន ឬសុំបន្ធូរបន្ថយការផ្ដន្ទាទោសពីទោសដាក់ពន្ធនាគារមួយជីវិត មកនៅត្រឹមរយៈពេលកំណត់ណាមួយ។

សំណុំរឿង ០០២/០១ ប្រឆាំងនឹងលោក នួន ជា និងលោក ខៀវ សំផន មានសវនាការចំនួន២២២ថ្ងៃ ក្នុងនោះ២១២ថ្ងៃ សម្រាប់សវនាការលើភស្តុតាង និង១០ថ្ងៃទៀត សម្រាប់សវនាការធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់កិច្ចពិភាក្សាដេញដោល។

ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៦ សាលាក្ដីខ្មែរក្រហម បានចំណាយទឹកប្រាក់ចំនួន២៦១លានដុល្លារអាមេរិក ដែលស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និង ជំនួយពីប្រទេសប្រមាណជា៣០ផ្សេងទៀត៕

ប្រភព៖ voa