រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី២២វិច្ឆិកានេះ បានបើកកិច្ចប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥ ដើម្បីពិភាក្សានិងអនុម័តទៅលើរបៀបវារៈចំនួន៣ ក្នុងនោះ ក៏មានការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ផងដែរ។ អ្វីជាការកត់សំគាល់ កិច្ចប្រជុំសភានៅថ្ងៃនេះ គឺជាលើកដំបូងហើយដែលមានវត្តមានរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងកិច្ចប្រជុំសភាពេញអង្គ បន្ទាប់ពីធ្វើពហិការជាងកន្លះឆ្នាំមក។ ប៉ុន្តែលោក កឹម សុខា ប្រធានស្តីទីគណបក្សមិនបានចូលរួមនោះទេ។

កិច្ចប្រជុំសភានៅថ្ងៃនេះ ហាក់បានធ្វើឡើងប្រកបដោយភាពរស់រវើកឡើងវិញ និងពាក្យប្រកបដោយការឌឺដង ដៀមដាមដាក់គ្នា រវាងក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ខណៈដែលគណបក្សប្រឆាំងបានបញ្ចប់ការធ្វើពហិការមិនចូលរួមប្រជុំសភាជាងកន្លះឆ្នាំមកនេះ។

ភាគីគណបក្សសង្គ្រោះជាតិដែលនាំមុខដោយលោក សុន ឆៃ, លោក យឹម សុវណ្ណ, លោក គី វាន់ដារ៉ា និងលោក អេង ឆៃអ៊ាង បានបន្តលើកឡើងពីចំណុចរស៊ើបៗរបស់រដ្ឋាភិបាលកម្ពុជា និងបានបន្តវាយប្រហារនិងរិះគន់ចំៗ ទៅលើចំណុចខ្វះខាតរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ជាពិសេស ទៅលើសកម្មភាពលុបបឹងនៅក្នុងទីក្រុងភ្នំពេញ, ការកាប់បំផ្លាញព្រៃឈើ និងលក់ទៅឲ្យប្រទេសវៀតណាម និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាដើម។ ប៉ុន្តែឆ្លើយតបទៅនឹងការរិះគន់ទាំងនេះ ភាគីគណបក្សប្រជាជនកម្ពុជា នាំមុខដោយលោក ឈាង វុន, លោក ហែម ខន, លោក សួស យ៉ារ៉ា និងលោក ប៊ិន ឈិន រួមទាំងតំណាងមកពីរដ្ឋាភិបាល លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលត្រូវឡើងមកការពារសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុនោះ បានឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងទៅវិញ។ មិនតែប៉ុណ្ណោះ លោក ជាម យាប ដែលជាតំណាងរាស្ត្រនិងប្រធានគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា បាននិយាយឌឺដងទៅឲ្យលោក សុន ឆៃ ថា ជាតំណាងរាស្ត្រដែលស៊ីប្រាក់ខែ និងទទួលបានការបោះឆ្នោតពីប្រជារាស្ត្រ តែមិនមកធ្វើការជាដើម។យ៉ាងណាក៏ដោយ នេះគឺជាវេទិកាឆ្លើយឆ្លងនៅក្នុងរដ្ឋសភាជាលើកដំបូង ដែលក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានចូលរួមប្រជុំសភា បន្ទាប់ពីបានបញ្ចប់ការធ្វើពហិការរយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីមានការចាប់ខ្លួន និងចោទប្រកាន់លើសកម្មជន និងមេដឹកនាំគណបក្សប្រឆាំងរួចមក។

កិច្ចប្រជុំសភានៅថ្ងៃនេះ បានធ្វើឡើងដោយមានការចូលរួមពីក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសរុបចំនួន១០៦រូប ក្នុងនោះក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ក៏ប៉ុន្តែលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង មិនបានចូលរួមនោះទេ។ លោក កឹម សុខា ដែលដើមឡើយមានការបង្ហើបថា នឹងចូលរួមនៅកិច្ចប្រជុំសភានៅថ្ងៃនេះ ប៉ុន្តែត្រូវបានគេឃើញលោក ចូលរួមនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅកោះពេជ្រ ដែលប្រារព្ធធ្វើឡើងនៅឯទីស្នាក់ការគណបក្សប្រឆាំងទៅវិញ។

សូមបញ្ជាក់ថា កិច្ចប្រជុំសភាពេញអង្គនៅថ្ងៃនេះ ធ្វើឡើងដើម្បីពិភាក្សានិងអនុម័ត ទៅលើរបៀបវារៈសំខាន់ចំនួន៣ ក្នុងនោះរួមមាន ទី១-សេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទី២-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងទី៣ គឺសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាជាតិសម្រាប់ឆ្នាំ២០១។ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆ័នក្នុងសំឡេង១០៦លើ១០។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាជាតិសម្រាប់ឆ្នាំ២០១៥ ត្រូវបានអង្គប្រជុំពន្យាពេលពិភាក្សា រហូតដល់ពេលរសៀល ថ្ងៃទី២២វិច្ឆិកានេះ៕

ប្រភព៖ rfi