អ្នកនាំពាក្យរដ្ឋាភិបាលចិនបានផ្តល់ដំណឹងនៅថ្ងៃអង្គារនេះថា ជនជាតិភូមារាប់ពាន់នាក់បានភៀសខ្លួនឆ្លងចូលក្នុងទឹកដីចិន ដើម្បីគេចពីការប្រយុទ្ធរវាងកងទ័ពនិងក្រុមឧទ្ទាមនៅភាគខាងជើងភូមា។ នៅភាគខាងលិចភូមាវិញ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់រយនាក់ ក៏បាននាំគ្នាគេចពីហិង្សាឆ្លងចូលទៅ បង់ក្លាដែសផងដែរ។

យោងតាមរដ្ឋាភិបាលចិន ជនជាតិភូមាប្រមាណ៣០០០នាក់ រស់នៅតំបន់ជាប់ព្រំប្រទល់ជាមួយចិន បាននាំគ្នាភៀសខ្លួនពីភាគខាងជើងភូមា ចូលមកដល់ចិន។ ពួកគេគេចហិង្សាប្រយុទ្ធរវាងកងទ័ពភូមា និងក្រុមឧទ្ទាម។ ចិនប្រាប់ថា បានផ្តល់ទីកន្លែងអោយជនភៀសខ្លួនភូមាទាំងនេះស្នាក់នៅ និងបានព្យាបាលអ្នកដែលរងរបួសផងដែរ។

ហិង្សាប្រយុទ្ធរវាងកងទ័ពភូមា និងក្រុមឧទ្ទាម នៅជាប់ព្រំដែនចិន បានសម្លាប់មនុស្ស៨នាក់ កាលពីថ្ងៃអាទិត្យ។ ថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលប្រាប់ថា មានមនុស្សទី៩បានស្លាប់ នៅភាគខាងជើង រដ្ឋស្ហាន់។ ភាគខាងជើងនេះ គឺជាតំបន់រងបញ្ហាតវ៉ាបះបោរពីក្រុមឧទ្ទាមជនជាតិភាគតិចច្រើនឆ្នាំមកហើយ។

នៅតំបន់ជាប់ព្រំដែនចិននេះ កងទ័ពភូមា និងក្រុមឧទ្ទាមកាឈីនឈ្លោះគ្នាដណ្តើមគ្រប់គ្រងធនធានរ៉ែ ដ៏សម្បូរបែបក្នុងតំបន់។ ក្រុមឧទ្ទាមកាឈីនបានទទួលចំណូលមួយចំណែកធំ ពីអាជីវកម្មថ្លើមថ្ម។ ក្រោយអនុវត្តបទឈប់បាញ់បាន១៧ឆ្នាំ កងទ័ពនិងក្រុមឧទ្ទាមកាឈីនបានប្រយុទ្ធគ្នាឡើងវិញ នៅឆ្នាំ២០១១ ធ្វើអោយមនុស្ស១សែននាក់ភៀសខ្លួន ពីហិង្សា។

ទន្ទឹមនឹងហិង្សានៅភាគខាងជើង នៅភាគខាងលិចភូមាវិញ ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានភៀសខ្លួនទៅបង់ក្លាដែស ដើម្បីគេចពីហិង្សា។ កាលពីថ្ងៃ៩តុលា ប៉ុស្តិ៍ប៉ូលិសនៅព្រំដែន បានរងការវាយប្រហារ ធ្វើអោយប៉ូលិសស្លាប់ច្រើននាក់។ ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមរងការចោទប្រកាន់ថា បានបង្កហិង្សានេះឡើង។ កងទ័ពភូមាបានបើកប្រតិបត្តិការនៅតាមរកក្រុមភេរវជន។ ហិង្សាសងសឹកជនជាតិរ៉ូហ៊ីងយ៉ា នៅភាគខាងលិច បានធ្វើអោយមនុស្សស្លាប់ច្រើននាក់ និងបានដុតបំផ្លាញផ្ទះសម្បែងរាប់រយខ្នង៕

ប្រភព៖ RFI