ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃពុធនេះ ដើម្បីចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ពាក់ព័ន្ធនឹងសកម្មភាពយោធារបស់ប្រទេសកូរ៉េខាងជើង ដែលក្នុងនោះមានទាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយរារាំងសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ដោយសារតែយើងអាចប្រើប្រាស់សមត្ថភាពស៊ើបការណ៍សម្ងាត់របស់ជប៉ុនដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកបន្ថែមដល់ផលប្រយោជន៍សន្តិសុខរបស់កូរ៉េខាងត្បូង‍»។

កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនធ្វើការផ្លាស់ប្ដូរព័ត៌មានដោយផ្ទាល់ ជាជាងការទទួលបានព័ត៌មានទាំងនោះតាមរយៈសហរដ្ឋអាមេរិក ដោយសារតែកូរ៉េខាងត្បូង និងជប៉ុនមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកចំពោះបញ្ហាព័ត៌មានស៊ើបការណ៍សម្ងាត់របស់សកម្មភាពយោធារបស់កូរ៉េខាងជើងនេះតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

កិច្ចព្រមព្រៀងថ្មីនេះមិនទទួលបានការគាំទ្រពីសកម្មជន និងគណបក្សនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ដែលក្នុងនោះមានទាំងអ្នកដែលទាមទារឲ្យលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun hye ចុះចេញពីតំណែងផងដែរ។

ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់កូរ៉េខាងជើង ក៏មិនគាំទ្រចំពោះកិច្ចព្រមព្រៀងនេះដែរ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យតំបន់មានអសន្តិសុខ និងអស្ថិរភាព៕

ប្រភព៖ VOA