ក្រុងញូវដែលី: វេជ្ជបណ្ឌិតមួយក្រុមដែលថ្មីៗនេះបានវះកាត់ឲ្យស្ដ្រីវ័យចំណាស់ដែលរងគ្រោះពីជំងឺក្រពះពោះវៀនធ្ងន់ធ្ងរ មានការតក់ស្លុតយ៉ាងខ្លាំងដោយមើលឃើញថា ពោះរបស់ស្ដ្រីរូបនោះពោរពេញដោយសរសៃប្លាស្ទិកដែលអ្នកស្រីបានទទួលទានដោយសារកង្វះម្ហូបអាហារ។

អ្នកស្រី ថារ៉ា ដេវី ជាស្ដ្រីគថ្លង់ អាយុ ៥២ ឆ្នាំមកពីស្រុកស៊ឺមូរ រដ្ឋហ៊ីម៉ាឆាល់ ប្រាដេស ប្រទេសឥណ្ឌា ត្រូវបានបញ្ជូនទៅកាន់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសូឡាន់ ដោយអ្នកភូមិម្នាក់ដែលសម្គាល់ឃើញថា អ្នកស្រីធ្លាក់ខ្លួនឈឺ និងរងការចុកចាប់ខ្លាំង។

ក្រោយពីធ្វើតេស្ដជាច្រើនលើកច្រើនសា ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា អ្វីដែលពួកគេជឿថាជាសក់នោះតាមពិតជាសរសៃខ្សែប្លាស្ទិកមួយដុំដែលស្រាវចេញពីថង់បាវប្លាស្ទិក ឬទៃ។ សរសៃទៃខ្លះដែលបង្កើតបានជាសំបុកចាប បានរុំជំពាក់ក្នុងពោះវៀនស្ដ្រីរងគ្រោះ មានប្រវែងជិត ២,៥ ម៉ែត្រ។

ស្ដ្រីចំណាស់ ដេវី ស្ដាប់មិនឮ និងនិយាយបានតិចតួចបំផុត។ អ្នកស្រីរស់ដោយការខិតខំប្រឹងប្រែងខ្លួនឯង និងគ្មានការជួយឧបត្ថម្ភពីសង្គមទេ។

អ្នកស្រីតែងតែទទួលទានសរសៃទៃ និងថង់ដោយភាពស្រេកឃ្លានអស់រយៈពេលជាច្រើនឆ្នាំ ហើយថ្មីៗនេះស្ដ្រីកម្សត់រូបនេះអស់ចំណង់ស្រេកឃ្លានទាំងស្រុង និងអវយវៈចាប់ផ្ដើមហើមប៉ោង។ The Tribune រាយការណ៍ថា តាំងពីខែមិថុនា ឆ្នាំ ២០១៦ អ្នកស្រី ដេវី អាចទទួលបានតែទឹកជាអាហារ។

សំណាងល្អ ការវះកាត់យកសរសៃប្លាស្ទិកចេញពីពោះអ្នកស្រី ដេវី ទទួលជោគជ័យ ហើយស្ថានភាពសុខភាពកំពុងតែវិវត្ដកាន់តែប្រសើរ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍