(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មាន AP ( Associate Press) បានសារភាពថាខ្លួនបានប្រព្រឹត្តិកំហុសឆ្គងក្នុង ការសរសេរព័ត៌មានជុំវិញប្រតិកម្មរបស់អង្គការ NATO ចំពោះការដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ Iskander-M ពីសំណាក់រដ្ឋាភិបាលទីក្រុងមូស្គូ នៅឯទីក្រុង Kaliningrad។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន AP ចុះផ្សាយព័ត៌មានដែលថា អង្គការ NATO បានរិះគន់រុស្ស៊ីយ៉ាងខ្លំាងសម្រាប់ «ការប្រកាន់ឥរិយាបទយោធាឈ្លានពាន» នៅក្នុងតំបន់បាល់ទិច ហើយអត្ថបទព័ត៌មានដែលត្រូវបានភ្ជាប់ដោយពាក្យ «ឈ្លានពាន» នេះត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកនាំគ្នាចុះផ្សាយព្រោងព្រាត។ ប៉ុន្តែរហូតដល់ថ្ងៃពុធ ម្សិលមិញទើប AP បានសារភាពថាខ្លួនបានប្រព្រឹត្តិកំហុសឆ្គងដោយសារការភ័ន្ដច្រឡំក្នុងការប្រើពាក្យ «agressive» ឬ«ឈ្លានពាន» ដែលតាមការពិតពាក្យដែលត្រូវប្រើនោះគឺ «assertive» ដែលមានន័យថា «ការពារខ្លួន»។

គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីបានប្រកាសពីគំរោងដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Iskander-M នៅឯទីក្រុង Kaliningrad ដែលវិធានការនេះត្រូវបានរដ្ឋាភិបាលទីក្រុងមូស្គូ ហៅថាជាវិធានការការពារខ្លួនសុទ្ធសាធ ខណៈអង្គការ NATO ចេះតែបង្កើនចំនួនយោធានៅតំបន់អឺរ៉ុបខាងកើត៕

ប្រភព៖ freshnewsasia