រដ្ឋាភិបាលជប៉ុន បានបង្ហាញការស្វាគមន៍នឹងសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី២៣ ខែវិច្ឆិកា ដែលបានសម្រេចរក្សាសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដែលសម្រេចឲ្យលោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត។ ហើយជប៉ុន ក៏ស្នើឲ្យតុលាការពន្លឿនការកាត់ក្ដីលើសំណុំរឿងដែលនៅសល់ផងដែរ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ដែលបានទាត់ចោលបណ្ដឹងសារទុក្ខរបស់មេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។ ជប៉ុន ចាត់ទុកសាលដីកាតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ជាសមិទ្ធផលដ៏សំខាន់នៃតុលាការកូនកាត់មួយនេះ ដែលចាប់ដំណើរការតាំងពីឆ្នាំ២០០៦ មក។

Loading...

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «សាលាក្ដីខ្មែរក្រហម គឺជាជំហានដ៏សំខាន់ក្នុងការបញ្ចប់ដំណើរការសន្តិភាពនៅកម្ពុជា។ សាលាក្ដីនេះ នឹងជួយស្វែងរកយុត្តិធម៌ ក៏ដូចជាពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ»។ សេចក្ដីថ្លែងការដដែលបន្តថា ជប៉ុន បានដើរតួនាំមុខគេក្នុងការផ្ដល់ការគាំទ្រសម្រាប់សាលាក្ដីនេះ។

មិនតែប៉ុណ្ណោះ តាមរយៈសេចក្ដីថ្លែងការណ៍ខាងលើ ជប៉ុនសង្ឃឹមមុតមាំថា ដំណើរការលើសំណុំរឿងដែលនៅសល់ ត្រូវធ្វើឡើងដោយឆាប់រហ័ស ហើយបេសកកម្មមួយនេះនឹងទទួលបានជោគជ័យ ព្រោះទាំងជនជាប់ចោទ និងជនរងគ្រោះ សុទ្ធតែមានវ័យជរាដែរហើយ។

សូមបញ្ជាក់ថា ជប៉ុន គឺជាម្ចាស់ជំនួយដ៏ធំសម្រាប់សាលាក្ដីខ្មែរក្រហម។ ចាប់តាំងពីបង្កើតក្នុងឆ្នាំ២០០៦មក ជប៉ុនបានផ្ដល់ជំនួយទឹកប្រាក់ប្រមាណ៨៥,១២លានដុល្លារសម្រាប់សាលាក្ដីមួយនេះ ដែលស្មើនឹង ៣២ភាគរយនៃជំនួយអន្តរជាតិទាំងអស់។ ក្នុងជប៉ុនបានផ្ដល់ជំនួយ៨៦,៥៨លានដុល្លារសម្រាប់ភាគីអន្តរជាតិនៃសាលាក្ដី និង១៦,៥៤លានដុល្លារសម្រាប់ភាគីកម្ពុជា៕

ប្រភព៖ ថ្មីៗ