ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្គាប់ឲ្យអភិបាលខេត្តកោះកុង ចុះអន្តរាគមន៍ផ្អាកការសាងសង់ជាបន្ទាន់ នូវទីតាំងកែច្នៃវល្លិ៍រមៀតមួយកន្លែង ដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភ។ ក្រសួងបរិស្ថាន ចាត់ទុកថា ការកែច្នៃវល្លិ៍រមៀតនេះ នឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។

ក្រោយពីទទួលបានព័ត៌មានថា ក្រុមហ៊ុនចិនក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ខូ អិលធីឌី (JINYIAN HUANGLIAN TRADKING Co., Ltd) និងក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប Chhay Ching Heang Group Co., Ltd) កំពុងសាងសង់ទីតាំងកែច្នៃវល្លិ៍រមៀតនោះរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក៏បានចាត់តាំងឲ្យមន្ត្រីខ្លួន ចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរដែនដី និងអង្គការដៃគូរ ហើយឃើញថា ពិតជាមានសកម្មភាពកែច្នៃវល្លិ៍រមៀត ដែលបង្កផលប៉ះពាល់ដល់បរិស្ថានសង្គមពិតមែន ។

លោក សាយ សំអាល់ ចាត់ទុកថា ការកែច្នៃវល្លិ៍រមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី១។ បើតាមលោក សាយ សំអាល់ ការប្រមូលនិងកែច្នៃវល្លិ៍រមៀត ក៏នឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះផងដែរ។

លិខិតជម្រាបជូនអភិបាលខេត្តកោះកុង ដែលចុះហត្ថលេខានៅថ្ងៃទី២៤ វិច្ឆិកា ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ជាក់ដូច្នេះថា៖ «ក្នុងន័យនេះ ក្រសួងបរិស្ថានសូមស្នើឲ្យអភិបាលនៃគណៈអភិបាលខេត្ត ចាត់វិធានការអន្តរាគមន៍ផ្អាកជាបន្ទាន់នូវការសាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុងនេះ នឹងការគ្រោងប្រមូលវល្លិ៍រមៀតនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ទន្ទឹមនឹងនេះ សូមឯកឧត្តមអភិបាលនៃគណៈអភិបាល បន្តដឹកនាំការត្រួតពិនិត្យករណីនេះ នឹងចាត់វិធានការជាក់ស្ដែងតាមនិតិវិធីច្បាប់»។

កាលពីថ្ងៃទី២២ វិច្ឆិកា ក្រុមបណ្តាញនិស្សិតឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិ បានរកឃើញរោងចក្រមួយកំពុងសាងសង់ដើម្បី ផលិតម្សៅវល្លិរមៀត។ ទីតាំងរោងចក្រនេះ មានថៅកែជាជនជាតិចិន បានចាប់ផ្តើមសាងសង់ប្រមាណ៣ខែមកហើយ លើផ្ទៃដីប្រមាណ១០០ហិកតា ស្ថិតនៅខាងក្រោយសាលាស្រុកថ្មបាំង ប្រមាណ២គីឡូម៉ែត្រ និងមានការយាមកាមតឹងរឹងទៀតផង។ តាមការស្រាវជ្រាវរបស់បណ្តាញនិស្សិតឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិដដែល ក្នុងរយៈពេលសាងសង់រោងចក្រ ក៏មានការប្រកូកប្រកាសទិញវល្លិរមៀតពីអ្នកភូមិក្នុងតម្លៃ២០០រៀល ក្នុងមួយគីឡូក្រាមផងដែរ។

បណ្ដាញនិស្សិតស្នើឲ្យរដ្ឋាភិបាល ផ្អាកការសង់រោងចក្រនេះ ទោះមាន ឬគ្មានច្បាប់អនុញ្ញាតក៏ដោយ ដោយបារម្ភថាម្សៅវល្ខិរមៀតនេះ អាចនឹងនាំឲ្យមានការផលិតគ្រឿងញៀននៅកន្លែងផ្សេង។
វល្លិរមៀត ជាប្រភេទជាប្រភេទរុក្ខជាតិវល្លិម្យ៉ាងដែលមានក្លិនក្រពុល រសជាតិជូរផ្អែមដូចស្ពាន់ធ័រលាយជាមួយស្ករត្នោត។ វាជាសារធាតុមេសម្រាប់ផលិតគ្រឿងញៀន ជាពិសេសអ៊ិចស្តាស៊ី។

សូមបញ្ជាក់ថា រោងចក្រវល្លិរមៀតរបស់ក្រុមហ៊ុនទ្រី ភាព ត្រូវបានរាជរដ្ឋាភិបាលផ្អាកដំណើរការ កាលពីឆ្នាំ ២០១៤ ។ ក្រុមហ៊ុន ទ្រី ភាព បានទទួលសិទ្ធិប្រមូល និងកែច្នៃ វល្លិរមៀតនៅកម្ពុជាតាមលិខិតអនុញ្ញាត ចុះថ្ងៃទី១ ខែមិនា ឆ្នាំ២០១៣ ៕

ប្រភព៖ ថ្មីៗ