ក្រសួងបរិស្ថាន បានបង្គាប់ឲ្យអាជ្ញាធរខេត្តកោះកុងធ្វើការ ផ្អាកជាបន្ទាន់ នូវការសាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀត ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ សំណើរអន្តរាគមន៍ផ្អាកជាបន្ទាន់នេះ គឺបន្ទាប់ពីបណ្តាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថាន កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងក្តីព្រួយបារម្ភ ជុំវិញការវិលត្រឡប់មកវិញ នៃអាជីវកម្មវល្លិ៍រមៀត ដ៏ធំមួយ នៅស្រុកថ្មបាំង ខេត្តកោះកុង ថា ធ្វើឱ្យពាល់ដល់បរិស្ថាន និងអាចផលិតជាគ្រឿងញៀន។

បន្ទាប់ពីទទួលបានព័ត៌មានអំពីការសាងសង់បង្កើតទីតាំងវល្លិ៍រមៀត ក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និង ការគ្រោងប្រមូលវល្លិ៍រមៀតនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ខូ អិលធីឌី (JINYAIN HUANGLIAN TRADING Co.,Ltd) និង ក្រុមហ៊ុន ឆៃ ជីងហ៊ាងគ្រុប ( Chhay Ching Heang Group Co.,Ltd) នោះ ក្រសួងបរិស្ថានបានចាត់ឱ្យក្រុមការងារចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដោយសហការជាមួយអាជ្ងាធរដែនដី និង អង្គការដៃគូ ហើយជាលទ្ធផលពិតជាឃើញមានសម្មភាពដូច្នេះមែន ។

ក្រសួងបរិស្ថានក៏បានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់ មាត្រា ៦១ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ទី ៣ និង ច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា ៩៧ ត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី។

ទាក់ទងទៅនឹងចំណាត់ការណ៍របស់ក្រសួងបរិស្ថាននេះ ហេង ស្រស់ សមាជិកបណ្តាញនិស្សិតឃ្លាំមើលធនធានធម្មជាតិនិងបរិស្ថាន សាទរ និង លើកសសើរចំពោះកិច្ចអន្តរាគមន៍ដ៏រហ័សនេះ។ ប៉ុន្តែលោកសូមសំណូមពរបន្ថែមទៅកាន់ក្រសួងកសិកម្ម និង ក្រសួងបរិស្ថានសូមឱ្យមានការសហការគ្នាក្នុងការធ្វើការងារនេះ ពិសេសគឺក្រសួងកសិកម្ម។ ដោយហេតុក្រសួងកសិកម្ម កាលដើមឡើយជាអ្នកចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរខាងលើ មានសិទ្ធសាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀត ដូច្នេះក្រសួងកសិកម្មគួរជាអ្នកទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ លោក ហេង ស្រស់បញ្ជាក់ថា ក្រុមងាររបស់លោក នៅតែបន្តឃ្លាំមើល តាមដាន ថាតើក្រុមហ៊ុន បានអនុវត្តតាមចំណាត់ការរបស់ក្រសួងបរិស្ថានដែរ រឺទេ? លើសពីនេះ សូមឱ្យក្រសួងផ្តន្ទាទោស ជនណា រឺ ក្រុមហ៊ុនណាដែលបើកក្រុមហ៊ុនដើម្បីប្រមូលនិង កែឆ្នៃវល្លិ៍រមៀតនេះ ព្រោះវាខុសទៅនឹងច្បាប់ព្រៃឈើ មាត្រ៣២ ចំនុចទី៥ អ្នកដែលប្រព្រឹត្តិខុសត្រូវផ្តន្ទាទោសពី ៥ ឆ្នាំទៅ១០ឆ្នាំ។

គួរជំរាបជូនថា វល្លិ៍រមៀតជារុក្ខជាតិវល្លិ៍ម្យ៉ាងដែលមានក្លិនក្រពុល រស់ជាតិជូរផ្អែមដូចស្ពាន់ធ័រលាយជាមួយស្ករត្នោត វាជាសារជាតិមេសម្រាប់ផលិតគ្រឿងញៀន ជាពិសេសអិចស្តាស៊ី។ បណ្តាញនិស្សិតមានក្តីបារម្ភយ៉ាងខ្លាំងថា ផលិតផលវល្លិ៍រមៀតជាសារធាតុផ្សំមួយ សំរាប់ផលិតគ្រឿងញៀនដែលបំផ្លាញអាយុជីវិតមនុស្ស ជាពិសេសបំផ្លាញអនាគតយុវជន យុវនារី រីឯសារធាតុអាស៊ីតដែលបង្ហូរចេញពីកាកសំណល់វិញគឺបំផ្លាញប្រព័ន្ធការពារបរិស្ថាន និងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះទាំស្រុង៕

ប្រភព៖ RFI