ភ្នំពេញៈ ក្រសួងអប់រំ យុវជននិងកីឡាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Microsoft កាលពីម្សិលមិញ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌិជីថលនៅក្នុងវិស័យអប់រំកម្ពុជាដោយបំពាក់បំប៉នសមត្ថភាពគ្រូបង្រៀនសម្រាប់អប់រំបន្តដល់សិស្សរបស់ពួកគាត់។

ក្រសួងអប់រំនិងក្រុមហ៊ុនMicrosoft អះអាងថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់នូវបច្ចេកវិទ្យាសេវានិងកម្មវិធីនានាដើម្បីនាំយកនូវវិធីសាស្ត្របង្រៀននាសតវត្សរ៍ទី២១ តាមប្រព័ន្ធមួយប្រកបដោយភាពច្នៃប្រឌិតនិងជឿនលឿនដែលអាចលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពក្នុងការបង្រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំពីម្សិលមិញ។

បើតាមសេចក្តីប្រកាសក្នុងអនុស្សរណៈនេះនឹងគ្របដណ្តប់លើការកសាងសមត្ថភាពអ្នកដឹកនាំនិងអ្នកអប់រំក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលគាំទ្រដល់អ្នកអប់រំនិងឯកសារនានាដើម្បីផ្ទេរទៅឲ្យសិស្សនិស្សិតនិងជួយជ្រោមជ្រែងគ្រឹះស្ថានអប់រំឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យា។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងនឹងសហការជាមួយក្រុមហ៊ុន Microsoft ដើម្បីបណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៥០ នាក់ជាជំហានដំបូងនិងជ្រើសរើសយកសាលាពីរក្នុងរាជធានីភ្នំពេញ សម្រាប់អនុវត្តការបង្រៀន។

លោកឲ្យដឹងទៀតថា គ្រូដែលបានបណ្តុះបណ្តាលរួចនឹងបន្តចុះទៅបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀតនៅជំហានបន្ទាប់។

លោកបន្ថែមថា៖ «យើងអាចយកសាលាគរុកោសល្យ និងសាលាណាមួយផ្សេងទៀតបណ្តុះបណ្តាលពីបច្ចេកវិទ្យា លើរបៀបប្រើប្រាស់ព័ត៌មានវិទ្យា ក្នុងការបង្រៀនហ្នឹងបង្រៀនរបៀបប្រើប្រព័ន្ធកុំព្យូទ័រសម្រាប់ការបង្រៀន…Microsoft ជាអ្នកផ្តល់ឲ្យបច្ចេកវិទ្យាទាំងអស់នេះជាគម្រោងសាកល្បង»។

ដោយឡែកលោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការសម្រាប់ទីផ្សារថ្មីនៅអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀងនេះនឹងជួយអភិវឌ្ឍជំនាញបច្ចេកវិទ្យាដល់យុវជនកម្ពុជា។លោកស្រីបន្តថា កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់ឲ្យគ្រូបង្រៀននិងអ្នកអប់រំទាំងអស់នូវឧបករណ៍និងការបណ្តុះបណ្តាលចាំបាច់សម្រាប់បង្រៀនសិស្សទាក់ទងនឹងមុខវិទ្យាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាជាដើម ស្របតាមការចាំបាច់ក្នុងបរិបទសេដ្ឋកិច្ចសកលដែលពឹងផ្អែកលើបច្ចេកវិទ្យា។

លោកស្រី ក៏បានប្រាប់អ្នកសារព័ត៌មានក្រោយចុះហត្ថលេខានេះដែរថា មូលហេតុដែលក្រុមហ៊ុនជ្រើសយកក្រសួងអប់រំជាដៃគូ ដោយសារមើលឃើញថា ក្រសួងអប់រំមានចក្ខុវិស័យប្រហាក់ប្រហែលគ្នានឹងចក្ខុវិស័យក្រុមហ៊ុនក្នុងការពង្រឹងសមត្ថភាពសិស្ស និស្សិត ឲ្យបានទទួលការអប់រំប្រកបដោយគុណភាព។ លោកស្រីបន្តថា ក្រុមហ៊ុននឹងបណ្តុះបណ្តាលគ្រូបង្គោលរបស់ក្រសួងអប់រំ និងសហការជាមួយក្រសួងក្នុងការរៀបចំផែនការបន្តបន្ទាប់ទៀតទាក់ទងនឹងការបណ្តុះបណ្តាលនៅតាមសាលា។

លោកស្រីបញ្ជាក់ថា៖ «យើងនឹងរួមគ្នាជាមួយក្រសួងអប់រំធ្វើការលើប្រព័ន្ធមួយដែលគ្រូនិងសិស្សអាចមានលទ្ធភាពចូលទៅសិក្សាពីបច្ចេកវិទ្យាសម្រាប់រៀននិងបង្រៀន ហើយមួយទៀតគឺកម្មវិធីសិក្សាមួយដែលគ្រូនិងសិស្សអាចចូលទៅក្នុងប្រព័ន្ធមួយរបស់ក្រុមហ៊ុន Microsoft បាន ដែលមានទំនាក់ទំនងទូទាំងពិភពលោក»។

អ្នកគ្រូបង្រៀនគណិតវិទ្យាមួយរូបនៅវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ខេត្តព្រះសីហនុ គឺអ្នកគ្រូឃ ឃុនឌី បានថ្លែងថា បច្ចុប្បន្នការបង្រៀនគណិតវិទ្យាពឹងលើសៀវភៅគោលរបស់ក្រសួងអប់រំ និងសម្ភារតិចតួចដែលគ្រូមាន។

អ្នកគ្រូបន្តថា តាមការសង្កេត សិស្សភាគច្រើនមានការពិបាកក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យាឬមុខវិជ្ជាវិទ្យាសាស្ត្រពិតផ្សេងដោយពួកគាត់មិនសូវមានគ្រឹះរឹងមាំពីថ្នាក់ក្រោមមក។

អ្នកគ្រូបង្ហាញសុទិដ្ឋិនិយមថា ប្រសិនបើមានការបង្រៀនតាមប្រព័ន្ធបច្ចេកវិទ្យា សិស្សអាចចាប់អារម្មណ៍ និងចូលចិត្តរៀនជាងនេះ ដោយសារភាគច្រើនសុទ្ធតែប្រើប្រាស់ទូរស័ព្ទមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។

អ្នកគ្រូបន្ថែមថា៖ «សិស្សមានសៀវភៅសិក្សាគោល ហើយយើងមានវិធីសាស្ត្របង្រៀនអ៊ីចឹងទៅ ហើយយើងមានសម្ភារអីតិចតួចបង្រៀនពួកគាត់ទៅ ដូចជាមានផ្ទាំងអីបង្ហាញអ៊ីចឹង…បើយើងមានបច្ចេកវិទ្យាបង្រៀនអ៊ីចឹងអាចបង្រៀនបានលឿន ជាពិសេសសិស្សអាចចាប់អារម្មណ៍រៀនជាងមុនច្រើន…»។

បើតាមក្រសួងអប់រំ គម្រោងសាកល្បងនេះនឹងចាប់ផ្តើមនៅចន្លោះពីខែធ្នូឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៧។ ក្នុងឱកាសនោះដែរ ក្រសួង និងក្រុមហ៊ុន Microsoft ថានឹងសហការគ្នាជួយអប់រំអ្នកប្រើប្រាស់កុំព្យូទ័រដែលប្រើកម្មវិធីMicrosoft មិនមានអាជ្ញាប័ណ្ណ (License)ត្រឹមត្រូវ ឲ្យងាកមកទិញកម្មវិធីរបស់ក្រុមហ៊ុនវិញដោយភាគីទាំងពីរនឹងព្យាយាមពន្យល់អ្នកប្រើប្រាស់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី Microsoft មានអាជ្ញាប័ណ្ណត្រឹមត្រូវ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍