ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានថ្លែងប្រាប់លោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ តាមទូរសព្ទពីប្រទេសបារាំងមកថា រូបលោកពិតជា ចង់ចូលមកប្រទេសកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យសពម្តាយក្មេករបស់លោក។ តែយ៉ាងណា ឯកឧត្តម សម រង្ស៊ី បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយអំពីលិខិតសុំអន្តរាគមន៍របស់លោកទៅសម្តេច ហ៊ុន សែន នៅថ្ងៃនេះ។

សូមអានបទសម្ភាសន៍ខាងក្រោម៖

លោក ជា ធីរិទ្ធ៖ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃនេះ ឯកឧត្តម ពិតជាបានសរសេរលិខិតទៅសម្តេចហ៊ុន សែន សុំចូលប្រទេសកម្ពុជា ដើម្បីបានធ្វើបុណ្យសពម្តាយក្មេកមែនទេ?

ឯកឧត្តម សម រង្ស៊ី៖ (សំឡេងខ្សាវៗ និងទំនងបែបសោកសៅ) ខ្ញុំសុំទោស! ខ្ញុំមិនអាចអត្ថាធិប្បាយអ្វីនោះទេចំពោះបញ្ហានេះ ព្រោះវាជារឿងគ្រួសារ មិនមែនជារឿងនយោបាយនោះទេ។

លោក ជា ធីរិទ្ធ៖ តែឯកឧត្តម ប្រជាពលរដ្ឋ អ្នកតាមដាននយោបាយនៅកម្ពុជា ពិតជាចង់បានការបកស្រាយរបស់ឯកឧត្តមបន្ថែមមែនទែនជុំវិញលិខិតអន្តរាគមន៍នេះ។

ឯកឧត្តម សម រង្ស៊ី៖ ខ្ញុំបាននិយាយហើយថា ខ្ញុំមិនចង់អត្ថាធិប្បាយអ្វីនោះទេ។

លោក ជា ធីរិទ្ធ៖ យ៉ាងណា សហការីឯកឧត្តម នៅក្នុងប្រទេសកម្ពុជាឯណេះវិញ បានប្រាប់សារព័ត៌មានថ្មីៗហើយថា ឯកឧត្តមពិតជាបានសរសេរលិខិតទៅសម្តេច ហ៊ុន សែន មែន នៅថ្ងៃនេះ ដើម្បីអន្តរាគមន៍ឲ្យឯកឧត្តម បានចូលប្រទេសកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យសពម្តាយក្មេក។ តើឯកឧត្តមយល់ស្របនឹងសហការីឯកឧត្តមទេ?

ឯកឧត្តម សម រង្ស៊ី៖ ហ្នឹងហើយ សហការីខ្ញុំបកស្រាយក៏បកស្រាយចុះ ទុកឲ្យពួកគេនិយាយចុះ តែខ្ញុំមិនអត្ថាធិប្បាយបន្ថែមទេ។

លោក ជា ធីរិទ្ធ៖ ចុះឯកឧត្តមចង់ចូលរួមបុណ្យសពម្តាយក្មេករបស់លោកណាស់មែនទេ?

ឯកឧត្តម សម រង្ស៊ី៖ បាទជាការពិតហើយ ខ្ញុំពិតជាចង់ ចូលរួមបុណ្យសពម្តាយក្មេករបស់ខ្ញុំ ក្នុងឋានៈខ្ញុំជាកូន ខ្ញុំតែងតែគោរពប្រតិបត្តិគាត់ទាំងពីគាត់នៅមានជីវិត និងគោរពទោះបីលោកលាចាកលោកក្តី ព្រោះខ្ញុំជាខ្មែរ និងកាន់ព្រះពុទ្ធសាសនា។

លោក ជា ធីរិទ្ធ៖ តើឯកឧត្តមសង្ឃឹមថា សម្តេច ហ៊ុន សែន នឹងអន្តរាគមន៍ឲ្យឯកឧត្តម បានចូលប្រទេសកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធម្តាយក្មេកឬទេ?

ឯកឧត្តម សម រង្ស៊ី៖ វាជាកាតព្វកិច្ច ដែលខ្ញុំត្រូវគោរពវិញ្ញាណក្ខន្ធម្តាយរបស់ខ្ញុំ។ តែខ្ញុំមិនទាន់អាចនិយាយថា ខ្ញុំនឹងគោរពវិញ្ញាណក្ខន្ធម្តាយខ្ញុំ តាមរបៀបណាទេ៕

ប្រភព៖ ថ្មីៗ