ក្រុងម៉ូស្គូៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយពីថ្ងៃចន្ទថា ទីក្រុងម៉ានីល មានបំណងសហការជាមួយក្រុងម៉ូស្គូ និងក្រុងប៉េកាំង ជាជាងជាមួយក្រុងវ៉ាស៊ីនតោន ចំពេលមានការប្រេះឆាខាងទំនាក់ទំនងជាមួយអាមេរិក។

ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី RT TV លោក Duterte បានថ្លែងថា៖ «ខ្ញុំមិនទាន់ត្រៀមខ្លួន សម្រាប់សម្ព័ន្ធភាព យោធាទេ ព្រោះយើងមានសន្ធិសញ្ញាមួយ ដែលបានចុះហត្ថលេខាក្នុងទសវត្សរ៍ ឆ្នាំ ១៩៥០ ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចហើយដើម្បីសហការជាមួយមិត្តថ្មីរបស់ខ្ញុំគឺចិន និងរុស្ស៊ី ដើម្បីធ្វើឲ្យពិភពលោកនេះកាន់តែមានសន្តិភាព»។

ប្រធានាធិបតីរូបនេះ បានឆ្លើយនៅក្នុងការអះអាងបញ្ជាក់ដូច្នោះ នៅពេលត្រូវបានសួរក្នុងកិច្ចសម្ភាសថា តើហ្វីលីពីន កំពុងតែ ងាកទៅសហប្រតិបត្តិការជាមួយចិននិងរុស្ស៊ី ជាជាងជាមួយ អាមេរិក ឬយ៉ាងណា? កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ បាន និយាយថា រុស្ស៊ី និងហ្វីលីពីន នឹងរៀបចំកិច្ចចរចាមួយដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ។

ទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីន បានប្រែជាតានតឹងពុំធ្លាប់មានពីមុន ជុំវិញសម្តី ដដែលៗរបស់លោក Duterte ដែលបានបង្កមន្ទិលលើអនាគតទំនាក់ទំនងអាមេរិក-ហ្វីលីពីន។ បន្ថែមលើការប្រមាថប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា លោក Duterte ថ្មីៗនេះ បាននិយាយថា វាជាពេលវេលាដែលហ្វីលីពីន ត្រូវនិយាយថា «លាហើយ» ចំពោះអាមេរិក ដែលបានប្រើទឹកដីហ្វីលីពីនជាយូរមកហើយជាមូលដ្ឋានយោធា ហើយនៅក្នុងដំណើរទស្សនកិច្ចទៅ ក្រុងប៉េកាំង លោកបានប្រកាស ថា ប្រទេសរបស់លោក កំពុងផ្តាច់ខ្លួនពីអាមេរិក ក្នុងបំណងចងសម្ព័ន្ធភាពឡើងវិញជាមួយប្រទេសចិន។

លោក Duterte ពីថ្ងៃទី ៨ វិច្ឆិកា បានអះអាងថា លោកនឹងលុបចោលការបញ្ជាទិញកាំភ្លើងធុន M16 របស់អាមេរិក ២៦ ០០០ ដើមដែលដើមឡើយមានបំណងបំពាក់ឲ្យក្រុមប៉ូលិសជាតិ ដើម្បីពិនិត្យមើលប្រភពថ្មីមួយដែលថោកជាង។ នៅថ្ងៃបន្ទាប់ លោក Duterte បានអបអរសាទរប្រធានាធិបតីទើបជាប់ឆ្នោត លោកត្រាំ និងបានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវកែលម្អ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍