រហូតមកទល់ពេលនេះ ព័ត៌មានអំពីការគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកក្រុមបាល់ទាត់ប្រេស៊ីល ត្រូវបានបញ្ជាក់ច្បាស់ហើយថា មានអ្នកស្លាប់ដល់ទៅ ៧៥ នាក់ និងមានតែ ៦ នាក់ ប៉ុណ្ណោះ ដែលនៅអាចរស់រានមានជីវិត ។

អាជ្ញាធរបាននិយាយថា ពួកគេ និងក្រុមសង្គ្រោះ បានព្យាយាមចូលទៅកាន់តំបន់យន្តហោះ CP-2933 ធ្លាក់ យ៉ាងលំបាកលំបិន ព្រោះតំបន់នោះវាជាតំបន់ភ្នំ ដែលកំពុងមានព្យុះភ្លៀង ហើយអាកាសធាតុក៏ត្រជាក់ខ្លាំងទៀត ។

ទោះយ៉ាងណា ពួកគេបានរកឃើញសាកសពរបស់អ្នកស្លាប់ និងអាចរកឃើញអ្នកមាននៅរស់រានមានជីវិត ចំនួន ៦ នាក់ ដែលត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

អាជ្ញធរបានប្រាប់ថា ចំពោះក្រុមបាល់ទាត់ គឺមានតែកីឡាករម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត គឺកីឡាករខ្សែការពាររបស់ក្រុមបាល់ទាត់ Chapecoense មានឈ្មោះថា Alan Ruschel ដែលបានរងរបួសបាក់ឆ្អឹងត្រគាក និងប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ៕