លោក ប៉ែន បូណា ប្រធានក្លឺបអ្នកកាសែតកម្ពុជា បញ្ជាក់ប្រាប់ VOA ថាអ្នកប្រើប្រាស់បណ្ដាញសង្គម គប្បីប្រើប្រាស់បណ្ដាញសង្គម ក្នុងន័យមួយដែលជួយលើកស្ទួយសេរីភាពនៃការបញ្ចេញមតិប្រកបដោយសុជីវធម៌ និងសីលធម៌ ដើម្បីចៀសវាងបង្កចលាចលចំពោះលំហនៃការបញ្ចេញមតិនេះ។

ភ្នំពេញ —ការប្រើប្រាស់បណ្ដាញសង្គមដោយអសីលធម៌ ព័ត៌មានមិនទាន់ច្បាស់ការច្រើនលើសលប់នៅលើបណ្ដាញសង្គម ការប្រឈមមុខខាងផ្លូវច្បាប់និងការរិះគន់ឬវាយប្រហារជាសាធារណៈ គឺជាបញ្ហាចម្បងៗដែលកំពុងកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជាជាពិសេសគឺបណ្ដាញសង្គមហ្វេសប៊ុក។ នេះបើយោងតាមកិច្ចពិភាក្សាមួយស្ដីពី»អ្នកប្រើប្រាស់បណ្ដាញសង្គម និងក្រមសីលធម៌» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃពុធនេះ។

ក្រុមអ្នកជំនាញសារព័ត៌មានលើកឡើងថា ស្របពេលដែលព័ត៌មានមិនពិតត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងទូលំទូលាយនោះ ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម និងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំ២សំខាន់ ដើម្បីកាត់បន្ថយភាពចម្រូងចម្រាស់ចំពោះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងការពិភាក្សាគ្នានោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញក្ដីបារម្ភអំពីអសីលធម៌ និងពាក្យពេចន៍ជេរប្រមាថរបស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា។

8a7bd722-fb9e-451a-8fff-d20725eb72ab_w610_r0_s

«អ្វីដែលពិបាកនោះគឺក្រមសីលធម៌របស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកកាសែតទូរទស្សន៍ វិទ្យុ ទស្សនាវដ្ដី កាសែតបោះពុម្ព សុទ្ធតែមានការបណ្ដុះបណ្ដាល សុទ្ធតែមានការទទួលខុសត្រូវ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយសង្គម គេអត់មានការទទួលខុសត្រូវទេ»។

លោក ប៉ែន បូណា ប្រធានក្លឺបអ្នកកាសែតកម្ពុជា បញ្ជាក់ប្រាប់ VOA ថាអ្នកប្រើប្រាស់បណ្ដាញសង្គម គប្បីប្រើប្រាស់បណ្ដាញសង្គម ក្នុងន័យមួយដែលជួយលើកស្ទួយសេរីភាពនៃការបញ្ចេញមតិប្រកបដោយសុជីវធម៌ និងសីលធម៌ ដើម្បីចៀសវាងបង្កចលាចលចំពោះលំហនៃការបញ្ចេញមតិនេះ។

«បើយើងប្រើខុសដូចរាល់ថ្ងៃភាគច្រើននេះ ធ្វើឲ្យសេរីភាពនៃការបញ្ចេញមតិរបស់យើងអាប់អោន ច្របូកច្របល់ ធ្វើឲ្យប្រជាធិបតេយ្យយើងក្លាយជាអនាធិបតេយ្យ។ សេរីភាពជេរប្រមាថគ្នា ការបង្ហោះរូបផ្ដេសផ្ដាស កាត់តអីចឹង វាប៉ះពាល់អញ្ចឹង»។

លោក ប៉ែន បូណា លើកជាឧទាហរណ៍ទាក់ទងនឹងការចែករំលែកព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់យ៉ាងដូច្នេះថា៖

«ខ្ញុំលើកឧទាហរណ៍ ស្ត្រីម្នាក់ដែលគាត់ទៅផ្សារ ស្រាប់តែគេចោទគាត់ថាចោរ ហើយស្រាប់តែហ្វេសប៊ុកនាំគ្នាថត ហើយបង្ហោះរូបគាត់ពេញហ្វេសបុកទាំងអស់។ ក្រោយមកគេបានរកឃើញថា គាត់មិនមែនចោរផង សន្តិសុខចាប់ច្រឡំ គាត់ជាមនុស្សស្អាតស្អំ។ អញ្ចឹងបានន័យថា ហ្វេសប៊ុកយើងហ្នឹងបានកាត់ទោសគាត់រួចទៅហើយ។ មិនដឹងថាទៅជួសជុលឲ្យគាត់យ៉ាងម៉េច។ យើងស្រមៃមើលថាគាត់ឈឺចាប់យ៉ាងម៉េច»។

លោក Rene Gradwohl ប្រធានអង្គការមូលនិធិខុនរ៉ាដ ប្រចាំកម្ពុជា លើកឡើងថា ការអប់រំអំពីអក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ គួរតែធ្វើឡើងឲ្យបានទូលំទូលាយ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនានាអាចមានសមត្ថភាពបែងចែកថាព័ត៌មានបែបណាដែលពួកគេគួរតែទុកចិត្តនោះ ព្រមទាំងឲ្យពួកគេចេះទទួលយកទស្សនៈរបស់អ្នកដទៃដែលមានលក្ខណៈផ្ទុយពីខ្លួន។

«នៅក្នុងសង្គម អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះនិងការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយគួរតែពង្រឹងនៅក្នុងសាលារៀន ក្នុងគ្រួសារ និងក្នុងសង្គមទាំងមូល ដើម្បីឲ្យយុវជន នៅពេលដែលគាត់អានព័ត៌មាន គាត់អាចមានសមត្ថភាពដឹងថាតើព័ត៌មានបែបណាជាព័ត៌មានដែលមានប្រភពច្បាស់លាស់គួរឲ្យទុកចិត្តបាន តើអ្វីទៅគ្រាន់តែជាការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយអ្វីទៅជាព័ត៌មានដែលមិនពិតសោះនោះ»។

នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ ក្រុមអ្នកជំនាញសារព័ត៌មាន ក្រើនរំលឹកថា អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម គប្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលពួកគេទទួលបាននៅលើបណ្ដាញសង្គម ជាមួយនឹងអត្ថបទព័ត៌មានវិជ្ជាជីវៈ មុនពេលពួកគេជឿ ឬធ្វើការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។ ក្រុមអ្នកជំនាញ អះអាងថា អ្នកសារព័ត៌មានអាជីព ជារឿយៗធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុនពេលចុះផ្សាយ៕

ប្រភព៖ VOA