សង្រ្គាមនៅស៊ីរី និងអ៊ីរ៉ាក់ បានបង្កវិនាសកម្មមិនថាលើអាយុជីវិតមនុស្ស តែថែមទាំងទៅលើវិនាសកម្មទៅលើសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ថែមទៀតផង។ ដែនដីអ៊ីរ៉ាក់ និង ស៊ីរី គឺជាអតីតដែនដីនៃតំបន់ម៉េហ្សូប៉ូតាមី ដែលមានអរិយធម៌រីកចំរើន តាំងតែពីប្រមាណ២ពាន់ឆ្នាំ មុនគ្រឹស្តិសករាជ។ តំបន់នេះ សំបូរទៅដោយទីក្រុងបូរាណ ដែលមានចំណាស់ជិត៣ពាន់ឆ្នាំ ហើយដែលត្រូវចាត់បញ្ចូលជាសម្បតិ្តបេតិកភណ្ឌរបស់មនុស្សជាតិ ដោយអង្គការយូណេស្កូ។ ដើម្បីរិះរកវិធីការពារ និងស្រោចស្រង់សម្បតិ្តបិតិភណ្ឌទាំងនេះ បារាំង និងប្រទេសអេមៀរ៉ាត់រួម បានផ្តើមគំនិតរៀបចំសន្និសិទអន្តរជាតិមួយ ដោយមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិជាច្រើន។

ស៊ីរី និងអ៊ីរ៉ាក់ ដែនដីអរិយធម៌ម៉េហ្សូប៉ូតាមី ចំណាស់២ពាន់ឆ្នាំមុនគ្រឹស្តសករាជ៖

ដែនដីស៊ីរី និងអ៊ីរ៉ាក់ សំបូរទៅដោយទីក្រុងបូរាណ វិហារបូរាណ ដែលចំណាស់ជាងមួយពាន់ឆ្នាំ មុនគ្រិះសករាជទៅទៀត។ តំបន់នេះគឺជាអតីតដែនដីនៃអរិយធម៌ ម៉េហ្សូប៉ូតាមី និងបាប៊ីឡូន មុននឹងសាបរលាបបន្តិចម្តងៗ ក្រោយការវាទទីរបស់អាណាចក្ររ៉ូម៉ាំង។ ដូច្នេះហើយ ទីក្រុងបូរាណ សំណង់ប្រាសាទចាស់ៗ ដែលនៅសេសសល់រហូតមកដល់បច្ចុប្បន្ន គឺមានតំលៃមហាសាលមិនអាចកាត់ថ្លៃបានទេ ព្រោះវាជាទឹកតាងនៃប្រវត្តិសាស្រ្តរួម របស់មនុស្សជាតិយើងទាំងអស់គ្នា។

៤ ឆ្នាំមកនេះ ស៊ីរី និងអ៊ីរ៉ាក់ បានធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម។ ទីតាំងប្រវត្តិសាស្ត្រទាំងអស់ មិនមែនត្រឹមតែខូចខាតដោយសារការប្រយុទ្ធគ្នា គ្រាប់កាំភ្លើង រឺការទំលាក់គ្រាប់បែកប៉ុណ្ណោះទេ តែទីតាំងខ្លះ គឺត្រូវបំផ្លេចបំផ្លាញដោយចេតនា ដោយស្នាដៃមនុស្សជាអ្នកវាយកំទេចតែម្តង។ គ្រាន់តែនៅស៊ីរី មានទីតាំងបេតិកភណ្ឌប្រវត្តិសាស្រ្តចំនួន ៩០០កន្លែង ដែលបានរងការខូចខាត។ នេះបើយោងតាមតួលេខផ្លូវការរបស់សមាគមដើម្បីការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ស៊ីរី។

ជាឧទាហរណ៍ តំបន់ប្រាសាទបូរាណប៉ាល់មៀរ។ តំបន់នេះ បានស្ថិតនៅក្រោមកណ្តាប់ដៃរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម ពីខែឧសភា ឆ្នាំ២០១៥ ដល់ខែមីនា២០១៦។ ពេលដែលរំដោះបានមកវិញ គឺប្រាសាទបូរាណប៉ាល់មៀរ សឹងតែរលំ រាបដល់ដីទៅហើយ។ ក្រុមជីហាត បានយកទីតាំងប្រាសាទបូរាណសំខាន់ៗ ធ្វើជាមូលដ្ឋានរបស់ពួកវា ដើម្បីជាខែល បង្អាក់ការទំលាក់គ្រាប់បែក។ ជាទូទៅ កងទ័ពសម្ព័ន្ធមិត្ត ដែលមានអាមេរិក និងបារាំង ជាអ្នកដឹកនាំ តែងតែរារែក និងពិចារណាពីផលខូចខាត ក៏ប៉ុន្តែសម្រាប់កងទ័ពរដ្ឋាភិបាលបាស្ហា និងកងទ័ពរុស្ស៊ីវិញ គឺថាគេមិនសូវខ្វល់ពីសម្បត្តិបេតិកភណ្ឌអ្វីទេ។ ជាក់ស្តែងតំបន់ទីក្រុងបូរាណនៅក្រុងអាឡិប គឺ២ភាគ៣ ត្រូវខ្ទេចខ្ទីដោយការទំលាក់គ្រាប់បែកឥតសំចៃរបស់រុស្ស៊ី។

នៅមានតំបន់ប្រវត្តិសាស្ត្រផ្សេងទៀត ដូចជាស្ថានីយ៍ Mari ស្ថានីយ៍ Doura Europos និងស្ថានីយ៍ Apamée ជាដើម ដែលខូចខាតយ៉ាងដំណំ។ ក្រៅអំពីខូចខាតដោយការប្រយុទ្ធគ្នា អង្គការអ្នកឃ្លាំមើលនានា បានលើកឡើងពីករណីគាស់រំលើងយកវត្ថុបូរាណទាំងនោះយកទៅលក់។ ករណីនេះមិនមែនមានចំពោះតែក្រុមជីហាតអ៊ីស្លាមទេ ខាងកងទ័ពរដ្ឋាភិបាលស៊ីរី ក៏ត្រូវគេចោទដែរ។

ចំណែកនៅអ៊ីរ៉ាក់វិញ តំបន់ដែលរងផលប៉ះពាល់ជាងគេគឺតំបន់ម៉ូស៊ូល។ កាលពេលក្រុមជីហាតបានចូលទៅកាន់កាប់តំបន់នេះ ពួកវាបានចូលទៅវាយបំផ្លាញវត្ថុបូរាណ នៅក្នុងសារៈមន្ទីរម៉ូស៊ូល ហើយបានបង្ហោះផ្សាយវីដេអូនេះ ធ្វើឲ្យអ្នកអភិរក្សប្រវត្តិសាស្រ្តស្រក់ទឹកភ្នែក។ ដោយឡែក ទីក្រុងបូរាណ Nimrod ដែលមានចំណាស់ នៅសតវត្សទី១៣ មុនគ្រឹស្តសករាជ្យ ហើយដែលទើបតែបានរំដោះបានពីដៃក្រុមជីហាដអ៊ីស្លាមកាលពី២សប្តាហ៍មុននេះ ក៏រងការខូចខាតគួរឲ្យបារម្ភផងដែរ។ ក្រុមជីហាដបានដាក់បង្កៃគ្រាប់បែក នៅក្នុងទីតាំងប្រាសាទទៀតផង។

បញ្ហាបំផ្លេចបំផ្លាញសម្បតិ្តបេតិកភណ្ឌនេះ មិនមែនមាននៅតែអ៊ីរ៉ាក់ និងស៊ីរីទេ តែវាក៏មាននៅអាហ្វហ្គានីស្ថាន និងម៉ាលីជាដើម។ នៅម៉ាលី ស្ថានីយ៍ប្រវត្តិសាស្ត្រ Tombouctou ត្រូវបានក្រុមអាល់កាអ៊ីដា វាយបំផ្លាញសឹងតែទាំងស្រុង នៅឆ្នាំ២០១២។

បង្កើតមូលនិធិអន្តរជាតិ ស្រោចស្រង់សម្បតិ្តបេតិកភណ្ឌ៖
ការផ្តួចផ្តើមគំនិតនេះ ត្រូវបានលោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ប្រកាសឲ្យដឹង នៅថ្ងៃនេះតែម្តង។ ជាបឋមបារាំង និង អេមៀរ៉ាត់អារ៉ាប់រួម នឹងរួមគ្នារៀបចំសន្និសីទអន្តរជាតិមួយ ដែលត្រូវធ្វើនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមៀរ៉ាត់រួម ចាប់ពីថ្ងៃសុក្រខាងស្អែកនេះ។ សន្និសីទអន្តរជាតិនេះ នឹងមានការចូលរួមពីអ្នកតំណាងរបស់អង្គការយូណេស្កូ ប្រទេសពាក់ព័ន្ធប្រមាណជា៤០ប្រទេស ព្រមទាំងអង្គការអន្តរជាតិនានា ដែលធ្វើការទាក់ទងនឹងជំនាញអភិរក្សនិងបូរាណវិទ្យា។

យោងតាមក្រុមការងារបារាំង ដែលទទួលបន្ទុកកិច្ចការនេះ ហើយដែលមានលោក Jacque Lang អគ្គនាយកវិទ្យាស្ថានពិភពអារ៉ាប់ ជាអ្នកដឹកនាំនោះ បានឲ្យដឹងថា នៅក្នុងសន្និសីទនេះ ភាគីទាំងអស់នឹងត្រូវប្រជុំពិភាក្សាគ្នា លើចំណុចគោលបីធំៗ៖

– រិះរកយុទ្ធសាស្ត្របញ្ជៀស រឺទប់ស្កាត់កុំឲ្យសម្បតិ្តបេតិកភណ្ឌ ធ្លាក់ចូលទៅក្រុងកណ្តាប់ដៃរបស់ពួកជនបំផ្លាញ។
– អន្តរាគមបន្ទាន់ ដើម្បីសង្រ្គោះ រឺរំដោះវត្ថុបូរាណ ចេញពីបណ្តាញជួញដូរខុសច្បាប់។
– ការរៀបចំស្តារ កសាង និងជួសជុលឡើងវិញ នៅតាមទីតាំងប្រវត្តិសាស្ត្រ បន្ទាប់ពីសន្តិភាពវិលត្រលប់មកវិញ។

សម្រាប់កញ្ចប់ថវិកា បើយោងតាមប្រសាសន៍លោក Jacque Lang ជំហានដំបូងគេត្រូវការប្រាក់ប្រមាណជា១០០លានដុល្លារ។ ក្នុងនោះភាគីដែលចូលរួមច្រើនជាងគេ គឺបារាំង និងអេមៀរ៉ាត់អារ៉ាប់រួមតែម្តង។ បារាំង អាចនឹងចំណាយក្នុងនេះ ប្រមាណជា៣០លានដុល្លារ។ គេនឹងបង្កើតមូលនិធិអន្តរជាតិមួយ ដោយយកគំរូតាមមូលនិធីធំៗផ្សេងទៀត ហើយបើតាមការគ្រោងទុក មូលនិធីនេះ នឹងត្រូវបង្កើតនៅទីក្រុងហ្សឺណែវ នៅរវាងឆ្នាំ២០១៧ ដោយយោងតាមច្បាប់របស់ស្វីស។

2016-11-16t144927z_235071237_d1beunejcpaa_rtrmadp_3_mideast-crisis-iraq-nimrud

សង្រ្គោះសម្បត្តិបេតិកភណ្ឌ មានតម្លៃស្មើសង្រ្គោះជីវិតមនុស្ស ដែលរត់គេចពីសង្រ្គាម៖
ថវិកាជាមធ្យោបាយមួយ ក្នុងការចំណាយ។ មធ្យោបាយមួយទៀត គឺការបង្កើតជាបណ្តាញសារមន្ទីរ និងមណ្ឌលអភិរក្សវត្ថុបូរាណ នៅតាមប្រទេសនានា។ លោកប្រធានាធិបតីបារាំង បានលើកឡើងថា ប្រជាជនដែលរត់គេចពីសង្រ្គាម អាចបានទទួលសិទ្ធិសុំជ្រកកោនជាជនភៀសខ្លួន ។ ដូច្នេះសិទ្ធិនេះ ក៏ត្រូវផ្តល់ទៅឲ្យវត្ថុបូរាណដែរ។ វត្ថុបូរាណ ដែលរងការខូចខាត រឺដែលត្រូវរំដោះបានពីបណ្តាញជួញដូរខុសច្បាប់ អាចត្រូវយកទៅរក្សាទុកបណ្តោះអាសន្ន នៅកន្លែងមានសុវត្ថិភាព ដូចជានៅសារៈមន្ទីរក្នុងប្រទេសបារាំង។ យ៉ាងណាមិញ ប្រទេសអេមៀរ៉ាត់ អារ៉ាប់រួម ក៏កំពុងតែរៀបចំសម្ភោធសារមន្ទីរដ៏ធំបំផុតរបស់ខ្លួន ហើយទីនោះក៏អាចក្លាយជាកន្លែងរក្សាវត្ថុបូរាណទាំងនោះ បណ្តោះអាសន្នដែរ។

មធ្យោបាយមួយទៀត គឺជាមធ្យោបាយការទូត ដែលសន្និសីទនេះ មានបំណងសម្រេច តាមរយៈការធ្វើសេចក្តីថ្លែងការរួម ដើម្បីជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ធ្វើសេចក្តីសម្រេចចិត្តរួមមួយ ដើម្បីជំរុញឲ្យមានដំណោះស្រាយសន្តិភាព។ ធម្មតាទេ ក្នុងវិបត្តិសង្រ្គាម អ្វីដែលជាអាទិភាព គឺអាយុជីវិតមនុស្ស គេមិនសូវជាខ្វល់ពីការស្រោចស្រង់ប្រាសាទបូរាណទេ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការស្រោចស្រង់សម្បតិ្តបេតិកភណ្ឌ គឺជារឿងសំខាន់ ដែលត្រូវតែធ្វើ ហើយជាងនេះទៅទៀត កម្មវត្ថុនៃការអភិរក្សសម្បតិ្តបេតិកភណ្ឌ គឺវាអាចជួយជំរុញឲ្យមានដំណោះស្រាយសន្តិភាព និងការបញ្ចប់សង្រ្គាម៕

ប្រភព៖ RFI