នៅក្នុងលិខិតនោះ អនុប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជាថា ជាការត្រឹមត្រូវ និងបង្ហាញថា ខ្មែរចេះដោះស្រាយបញ្ហាជាតិ។ ឯកឧត្តម កឹម សុខា បានសរសេរដូច្នេះថា៖«ការសម្រេចដោយពិចារណាត្រឹមត្រូវរបស់សម្តេចតេជោ ក្នុងនាមជាមេដឹកនាំខ្មែរនេះ គឺជាការបង្ហាញឲ្យប្រជាជាតិបានឃើញថា យើងជាខ្មែរ ចេះដោះស្រាយបញ្ហាជាតិដោយខ្មែរ និងខ្មែរ និងបង្ហាញឲ្យពិភពលោកមើលឃើញថា អ្នកនយោបាយខ្មែរ មានការអធ្យាស្រ័យ អន់ឱនឲ្យគ្នាទៅវិញទៅមក ស័ក្តិសមជាប្រជាជាតិដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ និងជាអ្នកកាន់ព្រះពុទ្ធសាសនា»។

សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបានព្រះមហាក្សត្រលើកលែងទោស  នៅថ្ងៃទី២ ខែធ្នូនេះ បន្ទាប់ពីមានការស្នើសុំពី សម្តេច ហ៊ុន សែន។ ការស្នើនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពី ឯកឧត្តម កឹម សុខា សរសេរលិខិត ទៅសម្តេច ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឲ្យទ្រង់ព្រះរាជទានលើកលែងទោសដល់រូបលោក។

សូមបញ្ជាក់ថា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលរងបទចោទ «បដិសេធក្នុងការចូលខ្លួន» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល កាលពីខែកញ្ញា ឆ្នាំ២០១៦ ៕

ប្រភព៖ ថ្មីៗ