(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅភូមិស្ពុង និងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលក្រៅ ខេត្តប៉ៃលិន កំពុងប្រឈម និងការគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ខណះពេលក្រុមហ៊ុនប៉ៃលិន រ៉កឃែរី បំផ្ទុះថ្មភ្នំស្ពុង បណ្តាលខ្ទាតថ្មធំៗ និងប្រេសផ្ទះសម្បែង ជាពិសេសនោះធ្វើឲ្យពួកគាត់បាត់បង់ថវិកាពីការឡើងយកអាចម៌ប្រចៀវ ក្នុងរូងភ្នំ ដើម្បីយកទៅលក់ដូរចិញ្ចឹមក្រពះ។

ពលរដ្ឋរស់នៅទល់មុខទីតាំងខាងលើ បានប្រាប់អង្គភាព Fresh News នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា រាល់ថ្ងៃនេះ គឺមានការធុញណាស់រឿងឡានដឹកថ្មចេញគឺវាជ្រុះដាក់លើផ្លូវជាតិលេខ៥៩ ចំមុខផ្ទះគាត់តែម្តង ហើយបោសសំអាតថ្មធ្លាក់ពីលើឡានរាល់ពេល។

Loading...

ពលរដ្ឋដែលរស់នៅទល់មុខទីតាំងខាងលើ បានបន្ថែមទៀតថា កាលពីប៉ុន្មានខែមុខគឺមានករណីខ្ទាចថ្មពីភ្នំដែលក្រុមហ៊ុនដាក់បំផ្ទុះថ្មស្រាប់តែ មានថ្មទំហំប្រមាណជា៣សង់ទីម៉ែត្រខ្ទាតមកដល់ផ្ទះគាត់ដែលចំងាយពីភ្នំជាង២០០ម៉ែត្រ តែសំណាងមិនប៉ះអ្នកណាម្នាក់នោះឡើយ ប្រសិនជាប៉ះចំវិញនោះមិនអាចរស់ទេ បើធ្លាក់ចំកន្លែងណាខ្ទេចកន្លែងនោះជាមិនខានទេ ដូច្នេះហើយខ្ញុំកំពុងព្រួយភ័យណាស់។

ពលរដ្ឋជាច្រើននាក់រស់នៅភូមិខាងលើបានរៀបរាប់ថា រាល់ថ្ងៃនេះគឺក្រុមហ៊ុនមានការដាក់បំផ្ទុះថ្មភ្នំជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ព្រួយបារម្ភពីសុវត្ថិភាពកូន ចៅនិងខ្លួនឯងខ្លាំងណាស់ ឲ្យតែក្រុមហ៊ុនខាងលើ បានដាក់រំសេវបំផ្ទុះថ្មភ្នំ ហុយមកដាក់ពួកគាត់ ឲ្វើឲ្យប៉ះពាល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយសូមសំណូមពរដល់អាជ្ញាធរជំនាញគិតគូរបញ្ហានេះផងដែរ មិនដូច្នោះពួកគាត់ និងរស់នូវភាពភ័យខ្លាចជាមិនខាននោះទេ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកសុខ សួន អនុប្រធានមន្ទីររ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា បញ្ហាខាងលើនេះ គឺមន្ត្រីជំនាញយកចិត្តទុកដាក់ខ្លាំងណាស់តែឥឡូវនេះក្រុមហ៊ុនបានដាក់រំសេវ បំផ្ទុះ១ខែ៣ដង ទៅ៤ដងប៉ុណ្ណោះ និងមានទីតាំងឆ្ងាយពីភូមិប្រជាពលរដ្ឋប្រមាណជា១០០០ម៉ែត្រឯណោះ ដូច្នេះវាមិនបញ្ហាអ្វីនោះដែរ ។

ចំពោះពាក់ព័ន្ធបញ្ហាទាំងនេះ ភ្នាក់ងារ Fresh News មិនអាចទាក់ទងជាមួយនិងម្ចាស់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី ខូ អិល ធី ឌី ឡើយព្រោះគ្មានលេខសំរាប់ទំនាក់ទំនងសង្ឃឹមថាម្ចាស់ក្រុមហ៊ុននិងបំភ្លឺបញ្ហានេះ៕

ប្រភព៖ freshnewsasia