លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកដែលបានចាកចេញពីប្រទេសក្រោយពីមន្ត្រីបួននាក់ពីអង្គការសិទ្ធិមុស្សត្រូវបានចាប់ដាក់ពន្ធនាគារក្នុងរឿងក្តីមួយដែលជាប់ទាក់ទងនឹងលោក កឹម សុខា អនុប្រធានបក្សប្រឆាំង គឺស្ថិតក្នុងចំណោមមន្ត្រីសិទ្ធិមនុស្ស១៦នាក់ដែលកោតសរសើរនៅថ្ងៃព្រហស្បតិ៍ដោយរដ្ឋមន្ត្រីបារាំង អាល្លឺម៉ង់។

លោក សារាយបានទទួលពានរង្វាន់ ជារង្វាន់ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនិងនីតិរដ្ឋនៅក្នុងពិធីមួយនៅក្រុងបែឡាំង។

លោក សំ ចាន់គា អ្នកនាំពាក្យអាដហុកបាននិយាយថា ពានរង្វាន់គឺជាសក្ខីកម្មចំពោះការងារលំបាកៗដែលសមាគមអាដហុកកំពុងធ្វើនៅកម្ពុជា។ លោកបាននិយាយថា “នេះជាមោទនភាពរបស់អាដហុក ដែលបានប្រឹងធ្វើការយូរមកហើយជួយប្រជាពលរដ្ឋ និងការពារសិទ្ធិមនុស្សនៅកម្ពុជា”។

ជ័យលាភីដទៃទៀតរួមមាន អ្នកស្រី Wang Qiaoling ដែលកំពុងតស៊ូស្វែងរកប្តីរបស់អ្នកស្រីឈ្មោះ លី ហេពីង ជាមេធាវីសិទ្ធិមនុស្សជនជាតិចិនដែលកំពុងជាប់ឃុំជាងមួយឆ្នាំ អ្នកស្រី Maria da Penha ជាជនជាតិប្រេស៊ីល ដែលធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងអ្នកស្រី Sunitha Krishnan ដែលប្រឆាំងនឹងការជួញដូរមនុស្ស និងពេស្យាចាដោយបង្ខំនៅប្រទេសឥណ្ឌា។

រដ្ឋមន្ត្រីការបរទេសទាំងពីរគឺលោក Jean-Marc Ayrault នៃប្រទេសបារាំង និងលោក Frank-Walter Steinmeier នៃប្រទេសអាល្លឺម៉ង់ បាននិយាយក្នុងអត្ថបទបញ្ចេញទស្សនៈដែលចេញផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយថា “បុគ្គលទាំងអស់នេះមានអ្វីមួយដូចគ្នា គឺទោះជាពួកគេមកពីទីណាក៏ដោយ អ្វីដែលពួកគេបានឆ្លងកាត់ ពួកគេបូជាជីវិតពួកគេដើម្បីអ្នកដទៃ។ សិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងយុត្តិធម៌ទូទាំងពិភពលោក”។

គេមិនបានឃើញលោក សារាយ នៅកម្ពុជាជាច្រើនខែមកហើយ។ លោកមិនបានចូលបំភ្លឺនៅតុលាការក្រុងទេកាលពីថ្ងៃទី២៤ ខែតុលាក្នុងរឿងក្តីមួយដែលបុគ្គលិក៤នាក់របស់លោកប្រឈមនឹងបទចោទប្រកាន់សូកប៉ាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទដែលជាប់ពាក់ព័ន្ធនឹងលោក សុខា។

លោក ឡាត គី មន្ត្រីទទួលបន្ទុកដីធ្លីនិងធនធានធម្មជាតិសមាគមអាដហុកបាននិយាយនៅពេលនោះថា លោក សារាយ បានបំពេញបេសកកម្មទៅប្រទេសកាណាដា ទោះបីជាគោលបំណងនៃទស្សនកិច្ចនោះ “មិនច្បាស់”ក៏ដោយ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតអាដហុក អនុប្រធានរបស់លោកគឺ លោក ណៃ វង់ដា និង លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី អ្នកស៊ើបអង្កេតជាន់ខ្ពស់ត្រូវបានចាប់ខ្លួនកាលពីខែមេសា រួមជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ជាអតីតមន្ត្រីអាដហុក ហើយពួកគេត្រូវបានចោទថាសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់អ្នកតំណាងរាស្ត្របក្សប្រឆាំងឲ្យនិយាយកុហកក្រុមន្ត្រីអំពីទំនាក់ទំនងស្នេហារបស់នាង។

លោក ចាន់គា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សនេះនិយាយថា ពានរង្វាន់កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ចំពោះការជាប់ពន្ធនាគាររបស់ពួកគេ។

លោកបាននិយាយថា “ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ ដើម្បីសុំឲ្យតុលាការទម្លាក់បទចោទប្រកាន់ប្រឆាំងមន្ត្រីអាដហុកបួននាក់ និងអតីតមន្ត្រីអាដហុកម្នាក់ ព្រោះពួកគាត់ប្រឹងធ្វើការខ្លាំងណាស់ ដើម្បីការពារសិទ្ធិមនុស្ស”។

រង្វាន់រួមមានមេដាយនិងវិញ្ញាបនប័ត្រ ប៉ុន្តែមិនបានផ្តល់ជាប្រាក់ទេ៕

ប្រភព៖ cambodiadailykhmer