អង្គការយូណេស្កូបានបន្ថែមទម្រង់សិល្បៈខែ្មរតែមួយគត់ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ជាវិធានការមួយដែលធ្វើជាយូរឆ្នាំមកហើយ និងផ្តល់ថវិកា២៣០ ០០០ដុល្លារសម្រាប់ការពារប្រពៃណីដែលជិតបាត់បង់នេះ។

ចាប៉ីដងវែង ដែលអ្នកដេញចាប៉ីច្រៀងផង ដេញផង ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូក្នុងអំឡុងពេលប្រជុំកាលពីថ្ងៃពុធនៅប្រទេសអេត្យូពី។

Loading...

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទទួលបានឋានៈនៅក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់បានប្រើរយៈពេលច្រើនឆ្នាំ ហើយវាជារឿងប្រសើរសម្រាប់កម្ពុជា ក្នុងខណៈដែលទម្រង់សិល្បៈនេះទទួលរងការគំរាមកំហែងការបាត់បង់។

ប្រភពដេើមរបស់ចាប៉ីដងវែង ជាឧបករណ៍ឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានានៅក្នុងឧទ្យានបុរាណអង្គរបានបាត់បង់។ ប៉ុន្តែប្រវត្តិវិទូនិយាយថា អ្នកចម្រៀងចាប៉ីដើរត្រាច់ចរតាមភូមិនានាទូទាំងប្រទេស ដោយច្នៃប្រឌិត ឬច្រៀងចម្រៀង លើកឡើងអំពីរឿងនិទានបុរាណផ្សេងៗ ឬផ្តល់ដំបូន្មានស្តីពីវប្បធម៌ ឬសីលធម៌។

សម្តែងម្នាក់ឯង ឬជាក្រុម នៅមានអ្នកចម្រៀងចាប៉ីដងវែងតិចតួចណាស់ដែលច្រៀងនៅតាមពិធីអាពាហ៍ពិពាហ៍ និងពិធីប្រពៃណីផ្សេងៗ។

លោកស្រី សកុណា បាននិយាយថា “អ្នកចាស់ទុំក៏កាន់តែចាស់ទៅ ហើយក្មេងៗក៏មិនទាន់បានស្នងពួកគាត់ដែរ”។

លោកស្រីបានមានប្រសាសន៍ថា ចាប៉ីដងវែងទាមទារឲ្យរៀនសូត្រយ៉ាងខ្លាំង និងតម្រូវឲ្យមានភាពប៉ិនប្រសប់ច្រើនក្រាស់ក្រែល ដើម្បីសម្តែង ហើយគុណភាពទាំងនោះបានបន្ថែមលើភាពលំបាកក្នុងការរក្សា និងអភិវឌ្ឍទម្រង់សិល្បៈនេះ។

លោកស្រី អាន ឡឺម៉េស តំណាងយូណេស្កូប្រចាំកម្ពុជាបាននិយាយថា ក្នុងពេលមានករណីនៃទម្រង់សិល្បៈច្រើនដែលមានការផ្ទេរទៅមនុស្សជំនាន់ក្មេងៗត្រូវបានបន្ទច់បង្អាក់ដោយសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ក៏ដោយ ក៏ចាប៉ីដងវែងនៅបន្សល់ទុក ដោយមានព្រឹទ្ធាចារ្យមួយចំនួនតូច ដើម្បីបន្ត ដែលធ្វើឲ្យទម្រង់សិល្បៈនេះជាបេក្ខជនខ្លាំងសម្រាប់បញ្ជីជិតបាត់បង់នេះ។

លោក គង់ ណៃ ជាព្រឹទ្ធាចារ្យចាប៉ីដងវែងមួយរូបក្នុងចំណោមព្រឹទ្ធាចារ្យចាប៉ីទាំងអស់រំភើបចិត្តណាស់ដែលបានឮដំណឹងនេះ។មានវ័យប្រហែល៧១ឆ្នាំ លោកបានមានប្រសាសន៍ថា “ប៉ុន្តែឥឡូវ ខ្ញុំមានកម្លាំងចិត្តច្រើន ហើយចង់បង្រៀនក្មេងៗ ព្រោះចាប៉ីដងវែងជិតបាត់បង់ហើយ”។

លោក ណៃ ដែលត្រូវបានប្រកាសថាជាបេតិកភណ្ឌអរូបីដោយរដ្ឋាភិបាល បានបង្រៀនចាប៉ីច្រើនឆ្នាំមកហើយក្នុងកម្មវិធីដែលគាំទ្រដោយសិល្បៈខ្មែរអមតៈ។ លោកបាននិយាយថា ប៉ុន្តែសិល្បករត្រូវតែលេងឲ្យបានច្រើន។ ប្រសិនបើគេមិនមានឱកាសសម្តែងទេ ហើយខ្វះការចាប់អារម្មណ៍ក្នុងចំណោមសាធារណជន គេមិនអាចចិញ្ចឹមខ្លួនឯងបានទេ។

ការបន្ថែមទៅក្នុងបញ្ជីជិតបាត់បង់អាចជំរុញឲ្យមានការចាប់អាម្មណ៍ពីស្រទាប់យុវជនក្នុងការរៀនចាប៉ីដងវែងនោះ លោកស្រី សកុណា បានមានប្រសាសន៍ថា “យើងជឿថា វាជាការលើកទឹកចិត្តដល់ក្មេងៗ”។

ថវិកាជំនួយយូណេស្កូចំនួន២៣០ ០០០ដុល្លារមានបំណងជួយកម្ពុជាឲ្យអនុវត្តកម្មវិធី ដើម្បីធានាឲ្យចាប៉ីដងវែងមានជីវិត។

ក្រសួងមានគម្រោងរៀបចំសម្តែងចាប៉ីដងវែងក្នុងក្រុងភ្នំពេញនៅថ្ងៃសៅរ៍ ដើម្បីអបអរសេចក្តីសម្រេចរបស់យូណេស្កូ៕

ប្រភព៖ cambodiadailykhmer