បន្ទាប់ពីវិភាគលើអត្តចរិត ចំណុចខ្លាំង និងចំណុចខ្សោយរបស់សម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ហើយ អ្នកវិភាគលោក អ៊ូ វីរៈ បានបន្តវិភាគទៅលើអត្តចរិតរបស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោក អ៊ូ វីរៈ យល់ថា អត្តចរិតរបស់ឯកឧត្តម កឹម សុខា មានចំណុចច្រើនស្រដៀងនឹងសម្តេច ហ៊ុន សែន តែខុសគ្នាច្រើននឹងចរិតឯកឧត្តម សម រង្ស៊ី។

សូមអានអត្ថបទ ឬស្តាប់បទសម្ភាសន៍រវាងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ជាមួយអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ខាងក្រោម៖

ចំណុចសំខាន់ៗ ដែលអ្នកវិភាគលោក អ៊ូ វីរៈ មើលឃើញថា ចរិតរបស់ឯកឧត្តម កឹម សុខា ស្រដៀងគ្នាច្រើននឹងចរិតសម្តេច ហ៊ុន សែន នោះ គឺឯកឧត្តម កឹម សុខា ជាមនុស្សឈ្លាសវៃ ឆាប់យល់ រាប់អានមនុស្សជុំវិញខ្លួន និងសួរយោបល់ពីអ្នកដទៃច្រើន។ «លោក កឹម សុខា គាត់នៅក្នុងប្រទេស ជិតស្និទ្ធជាមួយពលរដ្ឋ លោកមានសន្តានចិត្តច្រើន រាប់អានមនុស្សជុំវិញ មានមនោសញ្ចេតនាខ្ពស់។ ត្រង់ន័យនេះ គាត់ស្រដៀងនឹងលោក ហ៊ុន សែន ដែរ»។ នេះជាការបញ្ជាក់របស់លោក អ៊ូ វីរៈ ទន្ទឹមនឹងអត្ថាធិប្បាយថា ឯកឧត្តម កឹម សុខា មានចំណុចខុសគ្នាច្រើនពីឯកឧត្តម សម រង្ស៊ី ដែលជាដៃគូរបស់លោក។

លោក អ៊ូ វីរៈ ថ្លែងថា ឯកឧត្តម សម រង្ស៊ី ពូកែនិយាយជាមួយក្រុមបញ្ញវន្ត តែហាក់ពិបាកពន្យល់ពលរដ្ឋនៅមូលដ្ឋានឲ្យឆាប់យល់ និងមិនសូវរាប់អានមនុស្សជុំវិញខ្លួន ដូចជាឯកឧត្តម កឹម សុខា នោះទេ។ ជាងនេះទៀត លោកថា ឯកឧត្តម កឹម សុខា ចេះចាត់ចែងការងារផ្ទៃក្នុងបក្សល្អជាងឯកឧត្តម សម រង្ស៊ី ហើយបើនិយាយពីការរួបរួមគ្នាវិញ អ្នកវិភាគរូបនេះ កត់សម្គាល់ថា អ្នកនយោបាយទាំងពីររូបនេះ ធ្វើការងារត្រូវគ្នា តែលក្ខណៈបុគ្គល ឬរាប់អានជាគ្រួសារ ប្រហែលជាមិនត្រូវគ្នាច្រើនឡើយ។ លោក វីរៈ បញ្ជាក់ បែបនេះថា៖«លោក សម រង្ស៊ី និងកឹម សុខា ខុសគ្នា ដូចចរិតលោក សម រង្ស៊ី ខុសនឹងលោក ហ៊ុន សែន ដែរ»។ លោក អ៊ូ វីរៈ យល់ថា រវាងឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ប្រសិនបើគ្មានដៃគូប្រកួតប្រជែងខ្លាំង ពោលគឺគណបក្សប្រជាជនកម្ពុជាខ្សោយវិញ អ្នកនយោបាយទាំងពីរនេះ នឹកបែកគ្នាមិនខាន។

ថ្វីដ្បិតតែឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី មានចំណុចខុសគ្នាច្រើនមែន តែអ្នកវិភាគរូបនេះ ប្រាប់ថា ការរួបរួមគ្នារវាងឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី មានចំណុចវិជ្ជមានច្រើន។ លោក បរិយាយដូច្នេះថា៖« ពីរនាក់នេះនៅជាមួយគ្នា មានចំណុចខ្លាំងរៀងៗខ្លួន ហើយអាចបំពេញចំណុចខ្សោយឲ្យគ្នាទៅវិញទៅមក»។

បើទុកជា លោក អ៊ូ វីរៈ ថា ឯកឧត្តម កឹម សុខា មានចំណុចស្រដៀងគ្នាច្រើននឹងសម្តេច ហ៊ុន សែន ហើយខុសគ្នាច្រើនពីឯកឧត្តម សម រង្ស៊ី ក្តី ក៏លោក មិនភ្លេចពន្យល់ពីចំណុចខុសគ្នារវាងសម្តេច ហ៊ុន សែន និងឯកឧត្តម កឹម សុខា នោះដែរ។ លោកថា ចំណុចដែលឯកឧត្តម កឹម សុខា ខុសពីសម្តេច ហ៊ុន សែន គឺឯកឧត្តម កឹម សុខា អតីតអនុប្រធានទី ១ រដ្ឋសភា មិនមែនជាមនុស្សឆេវឆាវ ដូចជាប្រមុខបក្សកាន់អំណាចនោះឡើយ។ « លោក កឹម សុខា ជាមនុស្សស្លូត មិនចូលចិត្តហិង្សា មិនចងគំនុំនោះទេ»។

នៅមិនទាន់និយាយចប់ពីអត្តចរិតរបស់ឯកឧត្តម កឹម សុខា ទេ លោក អ៊ូ វីរៈ បន្តបង្ហើបពីចំណុចអវិជ្ជមានរបស់ឯកឧត្តម កឹម សុខា ថា ជាមនុស្សមិនសូវហ៊ានអារកាត់ឡើយ។ « អត់សូវអារកាត់ ធ្វើឲ្យក្លាយជារឿងរសេមរសាម ហើយដឹកនាំរឿងធំដុំអត់បានទេ»។ នេះជាការបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗចុងក្រោយរបស់អ្នកវិភាគវ័យប្រមាណ ៤០ ឆ្នាំ ខាងលើ៕

ប្រភព៖ ថ្មីៗ