ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានត្រឡប់ទៅដល់ផ្ទះរបស់លោកវិញ ហើយនៅព្រឹកថ្ងៃសៅរិ៍នេះ ក្រោយពីព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី ០២ ខែធ្នូ ។

នៅម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី ៣ ខែធ្នូនេះ ឯកឧត្តម កឹម សុខា បានទៅដល់ផ្ទះរបស់ខ្លួនវិញហើយ  បន្ទាប់ពីឃុំខ្លួនឯងអស់រយៈពេលជាង ៦ ខែ ពោលគឺចាប់ពីឧសភា ដល់ខែធ្នួ ឆ្នាំ ២០១៦ ។ នេះបើតាមលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទពីគេហដ្ឋានរបស់ឯកឧត្តក កឹម សុខា ស្ថិតនៅខណ្ឌទូលគោក។

លោក ហូរ វ៉ាន់ បានបញ្ជាក់យ៉ាងនេះថា៖ «បាទគាត់បានមកដល់ផ្ទះនៅម៉ោង ៩ ព្រឹក។ ដំណើរត្រឡប់មកកាន់ផ្ទះវិញរបស់ឯកឧត្តម មានអ្នកតំណាងរាស្ត្រមួយចំនួន បានជូនដំណើរពីស្នាក់ការបក្សមកផងដែរ។ ពេលនេះខ្ញុំកំពុងនៅជាមួយគាត់»។ លោកតំណាងរាស្ត្រ ដែលស្និទ្ធនឹងឯកឧត្តម កឹម សុខា រូបនេះ ក៏បន្ថែមទៀតថា នៅថ្ងៃអាទិត្យទី ៤ ខែធ្នូ នេះ ឯកឧត្តម កឹម សុខា នឹងជួបជាមួយក្រុមយុវជនរបស់គណបក្ស នៅទីស្នាក់ការកណ្តាលគណបក្សនៅភ្នំពេញ បន្ទាប់មកឯកឧត្តម កឹម សុខា គ្រោងជួបសកម្មជននៅតាមបណ្តាខេត្តឡើងវិញ។

kem_soka_1

ដំណើរវិលទៅលំនៅដ្ឋានរបស់ឯកឧត្តម កឹម សុខា វិញនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រសម្រេចលើកលែងទោសឲ្យឯកឧត្តម កាលពីថ្ងៃទី ២ ខែធ្នូ តាមសំណើរបស់សម្តេច ហ៊ុន សែន។ ហើយសំណើរបស់សម្តេច ទៅព្រះមហាក្សត្រ ក៏បានរៀបចំឡើយ ក្រោយពីឯកឧត្តម កឹម សុខា សរសេរលិខិតទៅសម្តេច ហ៊ុន សែន  ឲ្យស្នើទៅព្រះមហាក្សត្រលើកលែងទោសឲ្យខ្លួន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រទេសជាតិដែលនៅសេសសល់។ នៅក្នុងលិខិត ចុះថ្ងៃទី១ ខែធ្នូ ឯកឧត្តម កឹម សុខា បានសរសេរថា៖« យើងទាំងអស់គ្នាជាខ្មែរ សុទ្ធតែទទួលរងនូវការឈឺចាប់ និងបាត់បង់នូវអ្វីជាទីស្រឡាញ់របស់យើងជាច្រើនមកហើយ។ ដូចសម្តេច ធ្លាប់បានលើកឡើងថាបញ្ហារបស់ប្រទេសជាតិយើងនៅមានសេសសល់ជាច្រើនហើយ ដែលយើងជាខ្មែរជំនាន់ក្រោយ ត្រូវតែរួបរួមគ្នាដោះស្រាយសម្រាប់កូនចៅយើងជំនាន់ក្រោយ»។

ក្រោយពីមានរឿងអាស្រូវ ដែលគេចោទថា ឯកឧត្តម កឹម សុខា មានស្នេហាជាមួយស្រី មុំ នោះ អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ កោះហៅជាច្រើនលើក តែលោកមិនទៅបំភ្លឺតាមការកោះហៅនោះឡើយ។ ដោយសារតែលោកមិនព្រមទៅ ទើប តុលាការសម្រេចចោទប្រកាន់ឯកឧត្តមពីបទ «បដិសេធក្នុងការចូលខ្លួន» ហើយបន្ទាប់មកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល កាលពីខែកញ្ញា ឆ្នាំ២០១៦ ៕

ប្រភព៖ ថ្មីៗ