ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ឲ្យមកបំពេញទស្សនកិច្ចនៅសេតវិមានអាមេរិកនៅឆ្នាំក្រោយ បន្ទាប់ពីលោកស្បថចូលកាន់តំណែងជាផ្លូវការ។   គេរំពឹងថា ទំនាក់ទំនងអាមេរិកជាមួយសម្ព័ន្ធមិត្តខ្លួននៅអាស៊ីនេះនឹងប្រសើរឡើងវិញនៅពេលខាងមុខ។

ប្រធានាធិបតីមាត់ដាចហ្វីលីពីន Rodrigo Duterte អាចនឹងបំពេញទស្សនកិច្ចនៅអាមេរិកនៅឆ្នាំក្រោយនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីទើបជាប់ឆ្នោតដូណាល់ ត្រាំ។ លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំហ្វីលីពីនក្នុងពេលអ្នកទាំងពីរជជែកគ្នាតាមទូរសព្ទនាថ្ងៃសុក្រម្សិលមិញ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ទីប្រឹក្សាពិសេសលោក Duterte លោក Christopher Go បានបញ្ជាក់ថា មេដឹកនាំទាំងពីរបានចំណាយពេល ៧នាទីជជែកគ្នាតាមទូរសព្ទ។ តែលោកមិនបានបង្ហើបបន្ថែមថា មេដឹកនាំទាំងពីរជជែកពីបញ្ហាអ្វីខ្លះទៀតទេ។

ហើយខាងក្រុមអន្តរកាលរបស់លោក ដូណាល់ ត្រាំ ក៏មិនបានផ្តល់យោបល់អ្វីដែរពាក់ព័ន្ធការជជែកគ្នារវាងលោក ដូណាល់ ត្រាំ និងលោក Duterte នេះ។

ទាក់ទងការអញ្ជើញនេះ អ្នកវិភាគខ្លះអះអាងថា វាជារឿងសាមញ្ញទេដែលមេដឹកនាំអាមេរិកអញ្ជើញមេដឹកនាំហ្វីលីពីនមកទស្សនកិច្ចនៅអាមេរិក។ នេះក៏ដោយសារហ្វីលីពីននឹងក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ ២០១៧។

គេរំពឹងថា កិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ និងអាចមានដំណើរទស្សនកិច្ចរបស់លោក Duterte ទៅអាមេរិកនៅពេលខាងមុខ អាចនឹងបញ្ចប់ទំនាក់ទំនងមិនច្បាស់លាស់រវាងអាមេរិកនិងសម្ព័ន្ធមិត្តហ្វីលីពីន។ ហើយគេមិនអាចប្រកែបានដែរ ដែលថា ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតផ្តល់ឱកាសឲ្យលោក Duterte ប្តូរគោលជំហរបស់ខ្លួនចំពោះអាមេរិកផងដែរ។

ក្រោយលោក Duterte ចូលកាន់តំណែងបានប្រហែលជាង ៥ខែមកនេះ ទំនាក់ទំនងសម្ព័ន្ធមិត្តទាំងពីរធ្លាក់ចុះខ្លាំងនិងមានការប្រឈមមុខដាក់គ្នាផងដោយសារអាមេរិកបន្តរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte ។ រដ្ឋាភិបាលក្រុងម៉ានីល បានងាកទៅបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងប៉េកាំងនិងក្រុងមូស្គូ ហើយបន្តរិះគន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ទៀត។ ហើយលោក Duterte ក៏ធ្លាប់គំរាមផ្តាច់ទំនាក់ទំនងជាមួយអាមេរិក និងបណ្តេញកងទ័ពអាមេរិកចេញ ដោយបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាតិរវាងអាមេរិកនិងហ្វីលីពីនដែលចុះរួមគ្នាកាលពីឆ្នាំ ២០១៤ ថែមទៀតផង។

អ្វីដែលរឹតតែធ្ងន់ធ្ងរ លោក Duterte ក៏ប្រមាថលោកបារ៉ាក់ អូបាម៉ា ច្រាសឆ្អេះជាច្រើនដងថែមទៀត។ ប៉ុន្តែ វាហាក់ដូចជាស្អប់ខ្ពើមលោក បារ៉ាក់ អូបាម៉ា ជាលក្ខណៈបុគ្គលច្រើនជាង ព្រោះលោកហាក់មានជំហស្វាគមន៍ការបន្តសហការជាមួយអាមេរិកក្រោយការជាប់ឆ្នោតលោកដូណាល់ ត្រាំ។

កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បញ្ជាក់ផងដែរថា លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមទំនាក់ទំនងថ្មីជាមួយលោក Duterte ឡើងវិញដោយទុករឿងរ៉ាវដែលកើតឡើងកន្លងមកមួយឡែក។ លោក ដូណាល់ ត្រាំ និងលោក Duterte មានបុគ្គលិកលក្ខណៈមួយចំនួនប្រហាក់ប្រហែលគ្នា ហើយវាជាពេលវេលាល្អដែលអ្នកទាំងពីរត្រឡប់ទៅចាប់ផ្តើមទំនាក់ទំនងល្អឡើងវិញ និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នាជាដើម៕

ប្រភព៖ ថ្មីៗ