ភ្នំពេញៈ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលថ្លែងថាការលើកលែងទោសរូបលោកគឺត្រូវបានធ្វើឡើងក្នុងស្មារតីនៃការផ្សះផ្សាជាតិរវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្មានលក្ខខណ្ឌនោះបានបញ្ជាក់ថាលោកនឹងបន្តធ្វើការចរចាជាមួយលោកនាយករដ្ឋមន្ត្រីឲ្យមានការដោះលែងអ្នកទោសនយោបាយក្នុងពេលឆាប់ៗ។

លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃសុក្រដែលជាប់ចោទពីបទបដិសេធមិនចូលខ្លួនទាក់ទងទៅនឹងសំណុំរឿងស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាគឺជារឿងនយោបាយ។ ព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រនេះបានបញ្ចប់ការឃុំខ្លួនឯងនៅមួយកន្លែងអស់រយៈពេលប្រាំមួយខែរបស់លោក កឹម សុខា ហើយមួយថ្ងៃក្រោយមកគឺនៅថ្ងៃសៅរ៍លោកបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់លោកនៅក្នុងខណ្ឌទួលគោកដើម្បីជួបជុំគ្រួសារវិញ។ ការលើកលែងទោសនេះត្រូវបានធ្វើឡើងទៅតាមសំណើរបស់លោក ហ៊ុន សែន នឹងត្រូវបានហៅថាជា «ការសម្របសម្រួល» ដោយគណបក្សកាន់អំណាចហើយការលើកលែងទោសនេះផងដែរក៏ជាក្តីសង្ឃឹមមួយសម្រាប់អ្នកទោសនយោបាយមួយចំនួនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសដែលពួកគេអាចនឹងត្រូវដោះលែងនៅក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។

នៅក្នុងសុន្ទរកថារបស់លោកកាលពីម្សិលមិញលោក កឹម សុខា បានថ្លែងប្រាប់ទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថាលោកបានពិភាក្សាជាមួយលោក ហ៊ុន សែន ដើម្បីជំរុញបញ្ហានេះឲ្យបានឆាប់រហ័ស។ លោកបញ្ជាក់ថាដំណោះស្រាយនេះនឹងមិនបញ្ចប់ជាមួយនឹងការដោះលែងត្រឹមតែរូបលោកតែម្នាក់នោះទេ។ លោក សុខា បានរៀបរាប់ពីការលើកលែងទោសរបស់លោកថាគ្រាន់តែជា «ជំហានដំបូង» ក្នុងការដោះស្រាយបញ្ហានយោបាយធំៗមួយចំនួនទៀត។ វានឹងមានវិធានការផ្សេងទៀតដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ជាពិសេសបងប្អូនប្រុសស្រីរបស់យើងដែលស្ថិតនៅក្នុងពន្ធនាគារ»។ លោក កឹម សុខា ក៏បានច្រានចោលផងដែរពីការលើកឡើងដែលថាការលើកលែងទោសរូបលោកអាចមានការដោះដូរអ្វីមួយជាមួយគណបក្សប្រជាជនដោយលោកអះអាងថាលោក និងលោកនាយករដ្ឋមន្ត្រីបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងស្មារតីនៃ «ការផ្សះផ្សាជាតិ»។ លោកបានថ្លែងថា៖ «គ្មានលក្ខខណ្ឌអ្វីទាំងអស់»។

បើតាមលោក សុខា លោកមានគម្រោងទៅជួបអ្នកទោសនយោបាយដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងគ្រោងចូលគាល់ព្រះមហាក្សត្រនរោត្តម សីហមុនី និងទៅជួបអ្នកគាំទ្រនៅតាមមូលដ្ឋាន។

ពាក់ព័ន្ធទៅនឹងករណីរបស់លោក កឹម សុខា នេះបុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុកចំនួន ៤ រូបអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា និងមេឃុំគណបក្សប្រឆាំងលោក ស៊ាង ចែត ត្រូវបានឃុំខ្លួនចាប់តាំងពីខែឧសភាមកពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក សុខា។

ទន្ទឹមនឹងនេះដែរសកម្មជនជាច្រើនរូបទៀតរបស់គណបក្សសង្គ្រោះជាតិរួមទាំងតំណាងរាស្រ្តចំនួនពីររូបក៏កំពុងជាប់ពន្ធនាគារដែរដោយជាប់ចោទពីករណីមួយចំនួនដែលគេចាត់ទុកថាជារឿងនយោបាយ។

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកាលពីថ្ងៃម្សិលមិញបានថ្លែងថាទោះបីជាការលើកលែងទោសលោក កឹម សុខា ត្រូវបានភ្ជាប់ជាមួយអ្នកទោសផ្សេងទៀតដែលទាក់ទងនឹងករណីនេះដែរក៏ដោយប៉ុន្តែគេត្រូវរង់ចាំរហូតដល់មានការស៊ើបសួរសិនដោយលោកបានកត់សម្គាល់ថាមានតែអ្នកដែលត្រូវបានតុលាការផន្ទាទោសរួចរាល់ហើយប៉ុណ្ណោះទើបអាចត្រូវលើកលែងទោស។ លោកបានថ្លែងថា៖ «នៅពេលដែលសាលក្រមចូលជាធរមានយើងនឹងគិតពីការលើកលែងទោស»។

ទាក់ទងកាលពីម្សិលមិញមេធាវីការពារក្តីសកម្មជនដែលជាប់ឃុំលោក សំ សុគង់ នឹងលោក ជូង ជូងី បានថ្លែងថាពួកលោកមិនទាន់ទទួលបានពេលវេលាលម្អិតសម្រាប់សវនាការនាពេលខាងមុខនៅឡើយទេទោះបីជាអ្នកទាំងពីរបាននិយាយថាពួកគាត់មានឆន្ទៈក្នុងការទម្លាក់បណ្តឹងឧទ្ធរណ៍ចោលដើម្បីត្រួសត្រាយផ្លូវធ្វើឱ្យមានដំណោះស្រាយនយោបាយមួយក៏ដោយ។

ប្រភពមួយដែលបានមកពីគណបក្សសង្គ្រោះជាតិដែលស្នើសុំមិនបញ្ចេញឈ្មោះបានអះអាងថាលោកយល់ថាថ្ងៃទី ៧ ខែមករាអាចជាថ្ងៃដែលត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ពីពន្ធនាគារ។

សមាជិកគ្រួសាររបស់អ្នកជាប់ឃុំដែលជាមន្ត្រីអាដហុកកាលពីថ្ងៃម្សិលមិញបានសម្តែងនូវក្តីសង្ឃឹមថាមនុស្សជាទីស្រឡាញ់របស់ពួកគាត់នឹងត្រូវដោះលែងក្នុងពេលឆាប់ៗ។ កូនស្រីលោកស្រី លឹម មុន្នី ឈ្មោះ អ៊ុន ប៊ុណ្ណារី ថ្លែងថា៖ «នេះគឺជាសញ្ញាល្អសម្រាប់ការិយាល័យសិទ្ធិមនុស្សដែលអ្នកស្រីបានជំរុញឱ្យតុលាការពន្លឿនដំណើរការនេះ»។

អ្នកស្រី យ៉ែម ចន្ថា ភរិយាលោក នី ចរិយា ថ្លែងថា៖ «ខ្ញុំសូមបួងសួងឲ្យអ្នកនយោបាយត្រូវគ្នា។ ប្រសិនបើពួកគាត់ត្រូវគ្នាស្ថានភាពរបស់យើងគឺល្អប៉ុន្តែនៅពេលដែលពួកគាត់មិនត្រូវគ្នាវានឹងក្លាយជារឿងអាក្រក់សម្រាប់ប្តីរបស់ខ្ញុំ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍