រុស្សុីនឹងបញ្ជូនរថក្រោះ រួមទាំងយន្តហោះគ្មានមនុស្សបើកម៉ាក Pterodacty ដែលមានបច្ចេកវិទ្យាទំនើបជាច្រើនគ្រឿង ដើម្បីធ្វើប្រតិបត្តិការនៅតាមព្រំដែនអឺរ៉ុប ហើយយន្តហោះនេះត្រូវបានគេរំពឹងទុកថា វាអាចជួយបង្កើនសមត្ថភាពដល់កងកម្លាំងរថក្រោះរបស់រុស្សុី ដោយពួកគេអាចដឹងពីទីតាំង ឬសមរភូមិប្រយុទ្ធមុន ក្នុងចម្ងាយ១០គីឡូម៉ែត្រពីមូលដ្ឋានរបស់ខ្លួនទៀតផង។

ក្រុមរាយការណ៍រុស្សុីបានអះអាងថា ពួកគេបានចាប់ផ្ដើមបង្កើតសព្វាវុធទំនើបនេះ នៅខណៈពេលដែលមានភាពតានតឹងរវាងប្រទេសរុស្សុី និងអ៊ុយក្រែនកើតឡើងសារជាថ្មីម្ដងទៀត បន្ទាប់ពីអ៊ុយក្រែន បានធ្វើតេស្តបាញ់អាវុធមីសុីលចំនួនពីរថ្ងៃជាប់គ្នាក្បែរតំបន់គ្រីមា។

ការបាញ់អាវុធគំរាមរបស់អ៊ុយក្រែនបានធ្វើឲ្យរដ្ឋាភិបាល Kremlin មានការខឹងសម្បារយ៉ាងខ្លាំង ហើយរុស្សុីចាត់ទុកទង្វើនេះ ជាការប្រព្រឹត្តខុសច្បាប់ដ៏ធ្ងន់ធ្ងរមួយ លើសពីនេះទៅទៀត ប្រភពមកពីកងកម្លាំងយោធានាតំបន់គ្រីមាបានឲ្យដឹងថា រុស្សុីកំពុងដាក់ពង្រាយនាវាចម្បាំង និងកម្លាំងការពារផ្លូវអាកាសជាច្រើននៅតំបន់សមុទ្រខ្មៅទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ BBC៕

ប្រភព៖ kqube