(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា ផ្សព្វផ្សាយឡើងនូវសម្តីរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលបានហៅប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាជា «ជាជនផ្តាច់ការ» លើទំព័រព័ត៌មាន «ខេមបូឌា ដេលី»។

ការថ្លែងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់អគាររោងចក្រក្រុមហ៊ុនកូកាកូឡា របស់អាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

Loading...

៥ថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ពោលគឺនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញការគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ផ្ទុយពីសម្តេចតេជោ ហ៊ុន សែន ដែលចង់ឃើញលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត។

តាមរយៈទំព័រព័ត៌មាន «ខេមបូឌា ដេលី» លោក សម រង្ស៊ី បានលើកឡើងថា «លោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាងប្រកបដោយ បរិយាប័នជាង។ លោកស្រីហាក់យកចិត្តទុកដាក់ខ្លាំងជាងចំពោះសន្តិសុខសង្គម។ ផ្ទុយទៅវិញ លោក ត្រាំ ដែលមានអត្តចរិតច្រឡោត និងឆេវឆាវ ហាក់មានគ្រោះថ្នាក់ សម្រាប់សន្តិភាពពិភពលោក»។ ប្រធានគណបក្សប្រឆាំងរូបនេះ បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន និងលោក ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាង ខ្លាំង។ លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះ «បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការរបស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធបិតេយ្យនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី ព្រោះតែចង់វាយប្រហារទៅលើសម្តេច តែទៅបំផុតបែរជាត្រូវលើលោក ដូណាល់ ត្រាំ។ សម្តេចថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមរំលឹកមនុស្សពីរនាក់ ដោយហេតុតែចង់វាយក្បាលខ្ញុំ បាននិយាយជាមួយខេមបូឌា ដេលី។ យក ខេមបូឌា ដេលី មកផ្សាយឡើងវិញ ផ្សាយគ្រប់ទំព័រព័ត៌មាន ដែលនិយាយភាសាខ្មែរ។ ខ្ញុំអំពាវនាវ ដើម្បីរំលឹកសម្តី»។

សូមបញ្ជាក់ថា តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក បន្ទាប់ពីបានឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីតុន មកពីបក្សប្រជាធិបតេយ្យ ដោយសំឡេងប្រតិភូ ២៧៩ ទល់នឹង ២១៨។

ខាងក្រោម គឺជាខ្លឹមសារទាំងស្រុង ដែលបានចេញផ្សាយលើទំព័ត៌មាន «ឌឹខេមបូឌា ដេលី» កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦៖

fn-2016-12-05-13-32-44-0

ប្រភព៖ freshnewsasia