ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Apple ឲ្យដឹងថាខ្លួនកំពុងវិនិយោគយ៉ាងខ្លាំងលើរថយន្តស្វ័យបើកបរដែលការលើកឡើងនេះធ្វើឡើងក្នុងលិខិតមួយដែលស្នើឲ្យរដ្ឋាភិបាលបង្កភាពកាន់តែងាយស្រួលក្នុងការអភិវឌ្ឍរថយន្តបើកបរដោយខ្លួនឯង។

ក្នុងលិខិតចុះថ្ងៃទី ២២ ខែវិច្ឆិកាផ្ញើទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ដែលបានលើកឡើងពីគំនិតរបស់ខ្លួនអំពីសេចក្ដីព្រាងបទប្បញ្ញតិ្តសម្រាប់វិស័យនេះក្រុមហ៊ុន Apple បានឲ្យដឹងថាខ្លួន «មានក្ដីរំភើបអំពីសក្ដានុពលប្រព័ន្ធស្វ័យប្រវត្តិនៅក្នុងវិស័យជាច្រើនដែលរួមទាំងវិស័យដឹកជញ្ជូនផងដែរ»។

Loading...

លោក Steve Kenner នាយកផ្នែកសុច្ចរិតភាពផលិតផលរបស់ក្រុមហ៊ុនបានសរសេរថា៖ «Apple នឹងសហការជាមួយ NHTSA និងភាគទុនិកផ្សេងទៀតដើម្បីឲ្យអត្ថប្រយោជន៍សង្គមដ៏សំខាន់របស់រថយន្តបើកបរដោយខ្លួនឯងអាចត្រូវសម្រេចបានប្រកបដោយសុវត្ថិភាពការទទួលខុសត្រូវ និងប្រសិទ្ធភាព»។

អ្នកនាំពាក្យក្រុមហ៊ុន Apple បានឲ្យទីភ្នាក់ងារព័ត៌មាន AFP ដឹងតាមអ៊ីមែលមួយថាខ្លួនបានចេញលិខិតនេះដោយសារខ្លួនកំពុង «វិនិយោគខ្លាំងលើជំនាញម៉ាស៊ីន និងប្រព័ន្ធស្វ័យប្រវត្តិ»។

អ្នកនាំពាក្យរូបនេះឲ្យដឹងថា៖ «មានកម្មវិធីដ៏មានសក្ដានុពលជាច្រើនសម្រាប់បច្ចេកវិទ្យាទាំងនោះដែលរួមទាំងអនាគតនៃការដឹកជញ្ជូនដូច្នេះយើងចង់សហការជាមួយ NHTSA ដើម្បីជួយកំណត់ការអនុវត្តល្អបំផុតសម្រាប់ឧស្សាហកម្មនេះ»។

ពាក្យចចាមអារ៉ាមអំពីមហិច្ឆតារបស់ Apple នៅក្នុងវិស័យនេះបានផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុនមានអង្គភាពដាច់ដោយឡែកមួយមានឈ្មោះថា «គម្រោងដ៏សំខាន់» ដែលកំពុងអភិវឌ្ឍគម្រោងរថយន្ត។

ទោះបីជាក្រុមហ៊ុន Apple មិនដែលបានបញ្ជាក់គម្រោងនេះជាផ្លូវការក៏ដោយក៏ការអត្ថាធិប្បាយមួយចំនួនរបស់លោក Tim Cook អគ្គនាយករបស់ក្រុមហ៊ុននេះបានជំរុញឲ្យមានការរំពឹងទុកយ៉ាងដូច្នេះផងដែរ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍