(មូស្គូ)៖ កងកម្លាំងរុស្ស៊ីបានបំពាក់បរិក្ខាយោធាថ្មី ដល់កងអង្គភាពយោធាច្រើនជាង ៧,០០០កងពលនៅឆ្នាំ២០១៦ នេះស្របពេលទីក្រុងមូស្គូ កំពុងមានភាពតានតឹងជាមួយអង្គការ NATO ជុំវិញជម្លោះនៅ ភាគខាងកើតប្រទេសអ៊ុយក្រែន និងតំបន់ឧបទ្វីបគ្រីមៀ។ នេះបើតាមសម្តីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Izvestia អនុរដ្ឋមន្ត្រីការពារជាតិ លោក Dmitry Bulgakov បានបញ្ជាក់ថា «យើងអាចនិយាយបានថាក្នុងឆ្នាំ២០១៦ នេះគឺជាឆ្នាំដែលសម្បូរជោគជ័យសម្រាប់កងទ័ពរុស្ស៊ី ពោលគឺកងទ័ពជាងពាក់កណ្ដាលត្រូវបានបំពាក់សុទ្ធតែបរិក្ខាយោធាទំនើបៗថ្មីជំនាន់ក្រោយបំផុត»។

គួររំលឹកថាបើតាមលោក Dmitry Bulgakov ក្រសួងការពារជាតិរុស្ស៊ី បានផ្ដល់ជំនួយជាបរិក្ខាយោធា រួមមានទាំងគ្រាប់រ៉ក្កែត គ្រាប់រំសេវ ប្រេឥន្ធនៈ និងស្បៀងអាហារជាង ៧១០តោនដល់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅឯមូលដ្ឋានទ័ពក្នុងប្រទេសស៊ីរី៕

ប្រភព៖ freshnewsasia