នៅថ្ងៃចន្ទ ទី៥ ធ្នូនេះ អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងពីតម្រូវការលុយចំនួន ២២ ២០០លានដុល្លារសម្រាប់ចំណាយផ្សេងៗក្នុងផ្នែកជំនួយមនុស្សធម៌នាឆ្នាំ ២០១៧ ខាងមុខ។ តាមអ.ស.ប. មានមនុស្សជិត ១០០លាននាក់ក្នុងលោកកំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិនខ្លាំង និងត្រូវការជំនួយជាបន្ទាន់។

២២ ២០០លានដុល្លារ គឺជាទឹកប្រាក់ដ៏ច្រើនសម្បើមលើកទី១ ដែលអង្គការសហប្រជាជាតិមិនធ្លាប់បានទាមទារទេនាពេលកន្លងមកសម្រាប់ចាយវាយក្នុងផ្នែកមនុស្សធម៌ក្នុងលោក។ តែគេត្រូវហ៊ានទទួលស្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំនារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ តម្រូវការលុយរបស់អង្គការសហប្រជាជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ ១៩៩២ អង្គការសហប្រជាជាតិត្រូវការតែ ២ ៧០០លានដុល្លារប៉ុណ្ណោះសម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌ក្នុងលោក។ លោក Stephen O’Brien ប្រមុខប្រតិបត្តិមនុស្សធម៌របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា តម្រូវការលុយបានកើនឡើងក៏ដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេសខ្លះបានអូសបន្លាយយូរខែ យូរឆ្នាំ។

ក្រៅពីវិបត្តិនយោបាយ វិបត្តិនៃការប្រែប្រួលអាកាសធាតុ និងវិបត្តិគ្រោះធម្មជាតិផ្សេងៗក៏បានបង្កឲ្យមានវិបត្តិមនុស្សធម៌ដែរ។ អង្គការសហប្រជាជាតិបានប្រមើលមើលថាក្នុងឆ្នាំ ២០១៧ មានមនុស្សជាង ១២៨លាននាក់នឹងត្រូវការសេវាមនុស្សធម៌ ហើយក្នុងនោះ មានជាង ៩២លាននាក់កំពុងបន្តរស់នៅក្នុងស្ថានភាពអាសន្ន និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ គឺនៅក្នុងន័យហើយបានជាអង្គការសហប្រជាជាតិទាមទារលុយចំនួន ២២ ២០០លានដុល្លារ នេះជាការបញ្ជាក់របស់លោក Stephen O’Brien។ អ្វីជាការកត់សម្គាល់ អង្គការសហប្រជាជាតិមិនដែលទទួលបានទឹកលុយគ្រប់គ្រាន់ដូចការទាមទាររបស់ខ្លួនទេ។

ជាក់ស្តែងក្នុងឆ្នាំ ២០១៦ ដែលជិតផុតនេះ អង្គការសហប្រជាជាតិទទួលបានតែជាង ១១ ០០លានដុល្លារក្នុងចំនួនទឹកប្រាក់ទាមទារសរុបជាង ២ ២០០លានដុល្លារ។ តាមអ.ស.ប. ចំណាយច្រើនជាងគេនាពេលសព្វថ្ងៃ និងទៅថ្ងៃខាងមុខ គឺវិបត្តិនៅស៊ីរីដែលបានអូសបន្លាយតាំងពីឆ្នាំ ២០១១ ពិសេសចាយវាយសម្រាប់ជួយជនរងគ្រោះសង្រ្គាម និងចាយវាយសម្រាប់ទំនុកបម្រុងជនភៀសខ្លួនរាប់លាននាក់នៅក្រៅប្រទេស។ ក្រៅពីស៊ីរី គឺសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ខាងត្បូងដែលបានអូសបន្លាយតាំងពីឆ្នាំ ២០១៣។ បន្ទាប់មកទៀត គឺជំនួយមនុស្សធម៌សម្រាប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសយេម៉ែន៕

ប្រភព៖ RFI