ភ្នំពេញៈ តំណាងសហគមន៍បឹងកក់បានច្រានចោលព័ត៌មានក្នុងស្រុកដែលចុះផ្សាយថាពួកគេបញ្ឈប់ធ្វើយុទ្ធនាការទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គជប និងតំណាងសហគមន៍របស់ខ្លួនដោយពួកគេប្រកាសថានឹងនៅតែប្រកាន់ជំហរបន្តធ្វើយុទ្ធនាការនេះជារៀងរាល់ថ្ងៃចន្ទរហូតទាល់តែមានការដោះលែងអ្នកទាំងនោះខណៈសង្គមស៊ីវិលបង្ហាញភាពវិជ្ជមានបន្ទាប់ពីព្រះមហាក្សត្របានព្រះរាជទានលើកលែងទោសលោក កឹម សុខា ប្រធានស្តីទីបក្សសង្គ្រោះជាតិ។

ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា «យុទ្ធនាការអាវខ្មៅដែលធ្វើឡើងជារៀងរាល់ថ្ងៃចន្ទដើម្បីទាមទារដោះលែងអ្នកជាប់ពន្ធនាគារលែងមានទៀតហើយនៅព្រឹកថ្ងៃចន្ទ ទី ៥ ខែធ្នូ ឆ្នាំ ២០១៦ ហើយនៅថ្ងៃចន្ទនាពេលខាងមុខទៀតក៏នឹងលែងមានវត្តមានទៀតដែរ»។

តំណាងអ្នកបឹងកក់ដែលលេចធ្លោក្នុងការដឹកនាំធ្វើយុទ្ធនាការអាវខ្មៅអ្នកស្រី បូវ សោភា បានបញ្ជាក់ថាសកម្មជនដីធ្លីនឹងបន្តធ្វើយុទ្ធនាការរហូតមានការដោះលែងអ្នកទាំងនោះ។ អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំបានប្រកាសគោលជំហរតាំងពីដើមមកថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅអត់បញ្ឈប់ទេគឺនៅបន្តរហូតមានការដោះលែងសង្គមស៊ីវិលជាពិសេសដោះលែងអ្នកស្រី ទេព វន្នី ទើបយុទ្ធនាការនេះបាត់បង់ទៅ»។ «ឧទាហរណ៍ថាគេដោះលែងគាត់ទាំង ៦ នាក់ក្នុងសប្តាហ៍ហ្នឹងគឺពួកខ្ញុំនឹងឈប់ធ្វើយុទ្ធនាការនេះតែម្តងហើយសប្តាហ៍ក្រោយៗគឺលែងមានហើយ»។

កាលពីព្រឹកម្សិលមិញសកម្មជនដីធ្លីប្រមាណ ៥០ នាក់បានធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅសហគមន៍បឹងកក់ដោយមាននិមន្តព្រះសង្ឃចូលរួមផងដែរ។ អ្នកស្រី បូវ សោភា ថ្លែងថា៖ «យើងបាននិមន្តព្រះសង្ឃ ៧ អង្គ ១ អង្គតំណាងឱ្យអ្នកស្រី ទេព វន្នី ៥ អង្គទៀតតំណាងឱ្យមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គជប និង ១ អង្គទៀតតំណាងឱ្យអ្នកទោសមនសិការជាតិដើម្បីបួងសួងសូមឲ្យប្រព័ន្ធតុលាការបន្ទន់ចិត្តដោះលែងអ្នកទាំងនោះ»។

យ៉ាងណាក៏ដោយអ្នកស្រីបង្ហាញសេចក្តីសង្ឃឹមថាមន្ត្រីទាំងនោះ និងអ្នកស្រី ទេព វន្នី នឹងត្រូវដោះលែងនៅពេលខាងមុខខណៈប្រធានស្តីពីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលជាដើមចមនៃបញ្ហានេះត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនាពេលថ្មីៗនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្សហៅកាត់សង់ត្រាល់លោក មឿន តុលា យល់ថារដ្ឋាភិបាលគួរដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកស្រី ទេព វន្នី ដើម្បីឱ្យស្ថានការណ៍នយោបាយកាន់តែប្រសើរជាងនេះ។ លោកថា៖ «យើងមើលឃើញថាករណីនេះជាល្បែងនយោបាយ អ៊ីចឹងអ្នកទាំងនោះគ្រាន់តែជាឈ្នាន់មិនមែនជាអ្នកប្រព្រឹត្តបទល្មើសទេចឹងពួកគាត់គួរតែត្រូវបានដោះលែង ឬទម្លាក់ការចោទប្រកាន់តែម្តង»។ ទាក់ទងនឹងយុទ្ធនាការអាវខ្មៅវិញលោកតុលាថ្លែងថា៖ «ដរាបណាពួកគាត់មិនត្រូវបានដោះលែងគឺថ្ងៃចន្ទពណ៌ខ្មៅនៅតែបន្តតាមលទ្ធភាពដែលអាចធ្វើទៅបាន។ គោលបំណងច្បាស់ណាស់ឱ្យតែមានការដោះលែងយើងឈប់ភ្លាម»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ខុមហ្វ្រែលលោក គល់ បញ្ញា ថ្លែងថាតុលាការគួរទម្លាក់ការចោទប្រកាន់ដោយសារពុំមានទឡ្ហីករណ៍គ្រប់គ្រាន់សម្រាប់ដាក់ទោសមន្ត្រីសិទ្ធិមនុស្សទេខណៈលោកនឹងបន្តយុទ្ធសាស្ត្រជំរុញទៅរដ្ឋាភិបាលឱ្យដោះលែងអ្នកទាំងនោះ។ លោកថា៖ «សព្វថ្ងៃយើងធ្វើយុទ្ធនាការតាមវិទ្យុផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងអំពីការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សមិនត្រឹមត្រូវដោយអយុត្តិធម៌ហើយបានចូលរួមជាមួយដៃគូពាក់ព័ន្ធក្នុងការចេញសេចក្តីថ្លែងការណ៍ហើយយើងរកវិធីសាស្ត្រថ្មីទៀតដើម្បីជំរុញឱ្យមានការដោះលែងព្រោះស្ថានការណ៍វិវឌ្ឍទៅមុខដោយមានការលើកលែងទោសលោក កឹម សុខា»។

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបានចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី ៩ ឧសភាគឺមួយសប្តាហ៍បន្ទាប់ពីមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកចំនួន ៤ រូប និងអគ្គលេខាធិការរង គជប មួយរូបត្រូវបានចាប់ឃុំខ្លួនទាំង «អយុត្តិធម៌»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍